អនុវត្តគម្រោង៨ អំពីសមភាពភេទនិងដោះស្រាយបញ្ហាជាចាំបាច់ដល់ស្ត្រីនិងកុមារ (ហៅកាត់ថា គម្រោង) ស្ថិតក្នុងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ទីក្រុងកឹងធើ បានផ្សព្វផ្សាយសកម្មភាពជាក់ស្តែងជាច្រើន។ គម្រោងនេះ មិនត្រឹមជំរុញសមភាពភេទប៉ុណ្ណោះទេ ថែមទាំងផ្តោតលើការដោះស្រាយបញ្ហាចាំបាច់ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់សម្រាប់នារីនិងកុមារ។

ផ្សព្វផ្សាយពីប្រធានបទ៖ បំបាត់ការរើសអើងភេទ។
យោងតាមរបាយការណ៍លទ្ធផលនៃការអនុវត្តគម្រោង ៨ ស្ថិតក្នុងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចលើភូមិឋានទីក្រុងកឹងធើ សរុបប្រភពទុនអនុវត្តគម្រោងជាង ២៩ ពាន់លានដុង ក្នុងនោះ ថវិកាមជ្ឈិមមានជាង ២៨ ពាន់លានដុង ថវិកាភូមិភាគជាង ៥០០ លានដុង។ មកទល់ពេលនេះ លទ្ធផលនៃការផ្តល់ផ្ទេរថវិកាបានជាង ១៩ ពាន់លានដុង ស្រូបអត្រា ៦៤,១៥% បង្ហាញពីការខិតខំប្រឹងប្រែងរបស់ទីក្រុងក្នុងការផ្សព្វផ្សាយអនុវត្តគម្រោង។
ក្នុងនោះ ចំណុចលេចធ្លោបំផុតគឺបង្កើតនិងរក្សាក្រុមផ្សព្វផ្សាយសហគមន៍ចំនួន ១៣៦ ក្រុម ដោយមានសមាជិក ១.៣៦០ នាក់ ព្រមទាំងកសាងនិងដាក់ឱ្យដំណើការទម្រង់ផ្សព្វផ្សាយសហគមន៍ ៦ ក្រុម ផ្តោតលើខ្លឹមសារបំបាត់ការរើសអើងភេទ បង្ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការពារនារីនិងកុមារ។ បោះពុម្ពឯកសារ ខិត្តប័ណ្ណផ្សព្វផ្សាយបានជាង១០.៥០០ ច្បាប់ ចែកជូនទូលំទូលាយដល់ក្រុមផ្សព្វផ្សាយ ចាត់តាំងព្រឹត្តិការណ៍ផ្សព្វផ្សាយដោយទម្រង់រូបភាពរស់រវើក ដូចជា៖ វេទិកាពិភាក្សា សម្តែងជាឈុត ឆាកសិល្បៈ ទាក់ទាញប្រជាជនចូលរួមចំនួន ៦.៧៥០ លើកនាក់។
ការងារលើកកម្ពស់សមត្ថភាពកងជួរកម្មាភិបាលនិងអ្នកមានប្រិយភាព ត្រូវបានយកចិត្តទុកដាក់ពិសេស។ គម្រោងបង្កើតបាន៣ ក្លឹប “មេដឹកនាំនៃការផ្លាស់ប្តូរ” ដោយមានសមាជិក ៨៤០ នាក់ ចាត់តាំងវគ្គហ្វឹកហ្វឺនកិច្ចសន្ទនាគោលនយោបាយបានច្រើនលើកនៅថ្នាក់ឃុំ ភូមិ អនុសង្កាត់លំបាកខ្លាំង។ ក្រៅពីនោះ ក៏បានបើកវគ្គហ្វឹកហ្វឺនបាន ២៥ ថ្នាក់ ដោយគួបបញ្ចូលជាមួយការផ្សព្វផ្សាយអំពីសមភាពភេទដល់កម្មាភិបាល គ្រប់លំដាប់ថ្នាក់ ទាក់ទាញអ្នកចូលរួមប្រមាណ ១.៣០០ លើកនាក់ ផ្តើមពីនោះ រួមចំណែកជំរុញបញ្ហាសមភាពភេទទៅក្នុងជីវភាពជាក់ស្តែង។
លោកស្រីង្វៀងធីធ្វីលិញ សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ប្រធានសមាគមសហព័ន្ធនារីទីក្រុងកឹងធើ ឱ្យដឹង៖ “អាចបញ្ជាក់បានថា គម្រោង៨បានបង្កការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងការយល់ដឹងនិងសកម្មភាពរបស់កម្មាភិបាល សមាជិកនារីនិងសហគមន៍អំពីសមភាពភេទ រួមចំណែកបំបាត់ការរើសអើងភេទ លើកកម្ពស់លទ្ធភាពសេដ្ឋកិច្ចរបស់នារី ព្រមទាំង ជំរុញសំឡេងនិងការចូលរួមរបស់នារីនិងកុមារក្នុងជីវភាពសង្គម។ ការផ្លាស់ប្តូរជាវិជ្ជមានទាំងនេះ ជំហានដំបូងធ្វើឱ្យផ្លាស់ប្តូរ “របៀបគិត របៀបធ្វើ” របស់បងប្អូននារីជនជាតិខ្មែរ គឺជាភាពជោគជ័យដ៏ធំធេងនៃការអន្តរាគមន៍របស់គម្រោង ៨ បានរួមចំណែកដោះស្រាយមានប្រសិទ្ធភាពនូវបញ្ហាមួយចំនួនដាក់ចេញចំពោះនារីនិងកុមារ ព្រមទាំងជំរុញសមភាពភេទនៅតំបន់ជនជាតិភាគតិច”៕
ហុងទើ-មុនី