ប៉ុន្មានឆ្នាំជិតនេះ ទីក្រុងកឹងធើបានផ្សព្វផ្សាយវិធានការព្រមៗគ្នាជាច្រើនដើម្បីលើកកម្ពស់គុណភាពប្រព័ន្ធសុខាភិបាល ជាជំហាននាំយកសេវាថែទាំសុខភាពខិតជិតនឹងជនជាតិភាគតិច បំផុតគឺនៅតំបន់ដែលជួបការលំបាក រួមចំណែកធានាសុខុមាលភាពសង្គមនិងលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន។

ដំណាក់សុខាភិបាលសង្កាត់វិញចូវបានវិនិយោគកសាងថ្មី។
ទីក្រុងកឹងធើ ជាភូមិភាគមានជនជាតិភាគតិចរស់នៅកុះករ។ ដោយកំណត់ការថែទាំសុខភាពជាគ្រឹះសម្រាប់ការអភិវឌ្ឍដោយចីរភាព ទីក្រុងបានយកចិត្តទុកដាក់វិនិយោគ ជួសជុលប្រព័ន្ធសុខាភិបាលចាប់ពីមូលដ្ឋានដល់ថ្នាក់លើ។
ក្នុងឆ្នាំ ២០២៥ ដំណាក់សុខាភិបាលសង្កាត់វិញចូវ បានកសាងថ្មីតាម “កម្មវិធីវិនិយោគអភិវឌ្ឍប្រព័ន្ធសុខាភិបាលមូលដ្ឋានតំបន់លំបាកខេត្តសុកត្រាំង (ចាស់)” និងដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥។ ដំណាក់សុខាភិបាលមានបន្ទប់មុខងារចំនួន ១១ បានវិនិយោគឧបករណ៍ពេទ្យទំនើបៗ ដូចជា ម៉ាស៊ីនឆ្ពុងច្រមុះសម្រាប់ព្យាបាលឱ្យកុមារ គ្រែចាក់ម្ជុលវិទ្យាសាស្ត្រ ម៉ាស៊ីនចាក់ម្ជុលវិទ្យាសាស្ត្រ អគ្គិសនី។ល។ ឆ្លើយតបតម្រូវការពិនិត្យព្យាបាលជំងឺដំបូងជូនប្រជាជននៅភូមិភាគ។ ដោយមានកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតចំនួន ២៩ រូប មានកម្រិតវិជ្ជាជំនាញនិងអស់ពីចិត្តជាមួយអ្នកជំងឺ ជាកត្តាសំខាន់ជួយឱ្យដំណាក់សុខាភិបាលសង្កាត់វិញចូវ អនុវត្តភារកិច្ចបានល្អក្នុងការថែទាំសុខភាពដំបូងជូនប្រជាជនលើភូមិឋាន។
ដំណាក់សុខាភិបាលឃុំថាញ់ថើយអាង បានប្រមូលផ្តុំជំរុញសកម្មភាពសុខាភិបាលបម្រុង រួមមានចាក់ថ្នាំបង្ការជំងឺបើកទូលាយ ពិនិត្យសុខភាពតាមការកំណត់ ពិនិត្យសម្រាំងជំងឺមិនឆ្លង ក៏ដូចជាថែទាំសុខភាពម្តាយនិងកុមារ។ កម្មវិធីផ្សព្វផ្សាយនិងអប់រំសុខភាពតែងបានផ្សព្វផ្សាយក្នុងសហគមន៍ ជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងការបង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាល និងថែទាំសុខភាពផ្ទាល់ខ្លួន។ ថ្មីៗនេះដំណាក់ សុខាភិបាលបានសហការជាមួយសាលាបឋមសិក្សាលើភូមិឋាន ចាក់វ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់ - ជំងឺតេតាណូសឱ្យកុមារ ធានាការងារបង្ការជំងឺឱ្យកុមារបានទាន់ពេលនិងមានប្រសិទ្ធភាព។
តាមលោកហ្វាងក្វឹកគឿង នាយកមន្ទីរសុខាភិបាលទីក្រុងកឹងធើ បានឱ្យដឹង ផ្នែកសុខាភិបាលកំពុងប្រមូលផ្តុំស្រាវជ្រាវ សំណើនូវវិធានការដើម្បីនាំយកសេវាសុខាភិបាលគុណភាពខិតជិតនឹងប្រជាជន ពិសេសគឺជនជាតិភាគតិចតំបន់ឆ្ងាយដាច់ស្រយាល តំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គមនៅជួបលំបាក។ យកចិត្តទុកដាក់ដល់ការងារបណ្តុះបណ្តាល អភិវឌ្ឍន៍ប្រភពធនធានមនុស្សសុខាភិបាលមានគុណភាព មានចរិយាសម្បត្តិ សីលធម៌ល្អ និងសមត្ថភាពដើម្បីឆ្លើយតបតម្រូវការភារកិច្ចនិងការពេញចិត្តរបស់ប្រជាជន។ កសាងគម្រោងបញ្ជូនវេជ្ជបណ្ឌិតចំនួន ១.០០០ រូបចុះមូលដ្ឋាន គម្រោងអភិវឌ្ឍន៍ប្រភពធនធានមនុស្សសុខាភិបាលមានគុណភាពខ្ពស់ និងគម្រោងអភិវឌ្ឍន៍ប្រភពធនធានមនុស្សសុខាភិបាលសម្រាប់ដំណាក់សុខាភិបាលឃុំ។ល។
ហុងទើ-ដាលីន