បរិយាកាសសប្បាយរីករាយនៃពិធីបុណ្យសែនដូនតា ឆ្នាំ ២០២៥ នៅគ្រប់ភូមិស្រុក មាមីងខ្មែរនៅទីក្រុងកឹងធើ បានទទួលអំណរបុណ្យប្រពៃណីប្រកបដោយភាពកក់ក្តៅ សម្បូរសប្បាយនិងសុភមង្គល។

គណៈប្រតិភូទីក្រុងកឹងធើ បានអញ្ជើញមកសួរសុខទុក្ខនិងប្រគេនទេយ្យវត្ថុ
ដល់វត្តសិរីតាម៉ឺន ឃុំលីវទូ។
ក្រោយពេលរួមបញ្ចូល ទីក្រុងកឹងធើ មានវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរចំនួន ១២០ និងមានព្រះសង្ឃជាង ២.០០០អង្គ។ ទូទាំងទីក្រុងមានប្រជាជនជាង៣,១៩ លាននាក់ ក្នុងនោះ ជនរួមជាតិខ្មែរមានចំនួន១២%។ ឆ្នាំនេះ ពិធីបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរនៅណាមបូ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយបង្ហាញពីទំនៀមទម្លាប់ប្រពៃណី "ផឹកទឹកនឹកប្រភព" ដើម្បីរំលឹកគុណដល់បុព្វការីជន។ ជាច្រើនឆ្នាំមកនេះ ក្នុងបរិយាកាសដ៏រំភើបនៃការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងរដ្ឋអំណាចមូលដ្ឋាន ជីវភាពរបស់ជនរួមជាតិខ្មែរនៅទីក្រុងកឹងធើកាន់តែល្អប្រសើរ រួមចំណែកធ្វើឱ្យពិធីបុណ្យសែនដូនតា កាន់តែមានភាពកក់ក្តៅនិងសម្បូរសប្បាយ។
ប៉ុន្មានថ្ងៃនេះ វត្តខ្មែរនៅលើភូមិឋាន មានការមមាញឹកក្នុងការតុបតែងទីធ្លាវត្តអារាម និងពុទ្ធបរិសទ័នាំគ្នាបោសសម្អាត ដើម្បីទទួលបុណ្យសែនដូនតាដែលនឹងខិតជិតមកដល់។ នៅតាមភូមិស្រុកនានា មាមីងតែងសម្អាតផ្ទះសម្បែង វេចនំចំណីដើម្បីយកទៅជូនឪពុកម្តាយ យាយតា និងរៀបចំបាយស្ពកសែនរំលឹកគុណដល់បុព្វការីជន និងចាត់ចែងចង្ហាន់យកទៅវត្តប្រគេនព្រះសង្ឃ។

ពុទ្ធបរិស័ទអញ្ជើញទៅវត្តក្នុងឱកាសបុណ្យសែនដូនតា។
ព្រះតេជព្រះគុណ ស៊ើងមិញហៀង ព្រះចៅអធិការវត្តសិរីពោធិ (ដើមពោធិ៍) ឃុំត្រឹងដេ មានថេរដីកា "ពិធីបុណ្យសែនដូនតា មិនត្រឹមតែជាឱកាសសម្រាប់កូនចៅរំលឹកនឹកគុណដល់បុព្វការីជនប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់សហគមន៍រួមសាមគ្គីរវាងភូមិផងរបងជាមួយផង។ ឆ្នាំនេះ មានភាពសប្បាយណាស់ដែលបានរដ្ឋអំណាចមូលដ្ឋានជួយសាងសង់លំនៅឋាន និងជួយដល់ជីវភាព ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ទើបមាមីងមានភាពសប្បាយរីករាយ។
បងស្រីត្រាធីភឿង នៅឃុំតាយវ៉ាំង ចែករំលែក៖ “គ្រួសារខ្ញុំកំពុងប្រមូលផលខ្ទឹមស្លឹក ដើម្បីលក់ឱ្យទាន់ក្នុងរដូវបុណ្យសែនដូនតា អាស្រ័យខ្ទឹមស្លឹកមានតម្លៃលំនឹង គ្រួសារខ្ញុំរំភើបរីករាយខ្លាំងណាស់។ មានប្រាក់ចំណូលបន្ថែម គ្រួសារខ្ញុំត្រៀមនំចំណី ផ្លែឈើ យកទៅជូនជីដូនជីតា និងយកបាយម្ហូបទៅវត្តបានបរិបូរ"។

មាមីងវេចនំអន្សំជ្រូក។
ទន្ទឹមនឹងសកម្មភាពជំនឿសាសនា វត្តនៅទាំងរៀបចំកម្មវិធីវប្បធម៌ សិល្បៈ កីឡាប្រពៃណី ដើម្បីបង្កបរិយាកាសសប្បាយរីករាយក្រោយពីសម្រាកពីកិច្ចការពលកម្មនឿយហត់ ព្រមទាំងរួមចំណែកបំផុសមោទនភាពនិងភារកិច្ចថែរក្សាវប្បធម៌ជនជាតិសម្រាប់យុវវ័យ។
ដូចសព្វដង ថ្នាក់ដឹកនាំទីក្រុងកឹងធើ ក៏បានរៀបចំក្រុមគណៈប្រតិភូការងារអញ្ជើញទៅសួរសុខទុក្ខ ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃតាមវត្តនានានិងកម្មាភិបាលចូលនិវត្តន៍លើភូមិឋានក្រុង។ ផ្ដាំផ្ញើនូវបិយវាចាសួរសុខទុក្ខដោយភាពកក់ក្តៅនិងទេយ្យវត្ថុដ៏មានអត្ថន័យ បង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់រដ្ឋអំណាចមូលដ្ឋាន ជួយមាមីងកាន់តែមានភាពជិតស្និទ្ធ ជឿជាក់លើគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្សនិងរដ្ឋ។
លោកដុងវុាំងថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ គូសបញ្ជាក់៖ "ពិធីបុណ្យសែនដូនតា គឺជាឱកាសដ៏សំខាន់ដើម្បីជនរួមជាតិខ្មែររំលឹកគុណបុព្វការីជន អភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ។ ក្រុងតែងយកចិត្តទុកដាក់ ផ្សព្វផ្សាយមានប្រសិទ្ធភាពនូវគោលនយោបាយជនជាតិ លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីជូនមាមីង ដើម្បីរដូវបុណ្យនីមួយៗមិនត្រឹមតែពោរពេញដោយអត្ថន័យប៉ុណ្ណោះទេ ថែមទាំងពោរពេញដោយភាពសប្បាយរីករាយទៀតផង"៕
ហុងទើ-ត្រឹងរ៉ូន