ឃុំឡុងភូ ស្រុកឡុងភូ ខេត្តសុកត្រាំង បានអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាលទី ១ ចាប់ពីឆ្នាំ ២០២១ - ២០២៥ (ហៅកាត់ថា កម្មវិធី)។ អាស្រ័យហេតុនេះ ជួយឱ្យគ្រួសារជនរួមជាតិខ្មែរសង់បានផ្ទះនៅស្រួលបួល រកបានប្រាក់ចំណូលលំនឹង ហើយជីវភាពក៏បានធូរធារ។

ផ្តើមពីប្រភពទុននៃកម្មវិធី ផ្លូវគមនាគមន៍ជនបទនៅឃុំឡុងភូ
មានភាពស្រឡះស្រឡំស្អាតបាត។
អនុវត្តគម្រោង១នៃកម្មវិធី ឃុំឡុងភូ បានវិនិយោគផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ជូនគ្រួសារដែលរស់នៅរាយប៉ាយ ឧបត្ថម្ភសង់ផ្ទះ បង្វែរមុខរបររកស៊ីជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រជាង ២៥០ គ្រួសារ។ ផ្តើមពីទីនោះ គ្រួសារជនជាតិខ្មែរក្រីក្រ ប្រកៀកបន្ទាត់ក្រមានផ្ទះនៅស្រួលបួល មានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ រួចចាកពីភាពក្រីក្រ ឈានឡើងធូរធារ។
អង្គុយក្នុងផ្ទះឥដ្ឋរឹងមាំដែលទើបសង់រួច លោកក្វាចកីមភឿង រីករាយឱ្យដឹង៖ “ប្តីប្រពន្ធខ្ញុំស៊ីឈ្នួលជុំឆ្នាំ មិនហ៊ានស្រមៃមានផ្ទះឥដ្ឋរឹងមាំរស់នៅឡើយ។ ឥឡូវបានរដ្ឋឧបត្ថម្ភសង់ផ្ទះនិងឧបករណ៍បង្កបង្កើនផល ទើបខ្ញុំមានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ពេលមានផ្ទះ នៅស្រួលបួល ប្តីប្រពន្ធខ្ញុំគិតតែធ្វើការរកស៊ីនិងចិញ្ចឹមកូនទាំងពីរនាក់រៀនសូត្រ។ រៀងរាល់ថ្ងៃ ប្រពន្ធខ្ញុំទៅធ្វើការឈ្នួលឱ្យមាមីងនៅភូមិស្រុក ចំណែកខ្ញុំក្រោយពីបានរដ្ឋឧបត្ថម្ភទិញម៉ូតូ ក៏សុំចូលធ្វើការនៅក្រុមការពារសន្តិសុខមូលដ្ឋាន ម្ល៉ោះហើយជីវភាពបានលំនឹង”។ ចំណែកលោកហ្វិញខេន នៅភូមិទឹកប្រៃ ២ បានឱ្យដឹង៖ “បានរដ្ឋយកចិត្តទុកដាក់ និងមានគោលនយោបាយឧបត្ថម្ភសង់ផ្ទះ ឧបត្ថម្ភពូជដំណាំ សត្វចិញ្ចឹមបានជួយគ្រួសារក្រីក្រយើងខ្ញុំមានលក្ខណៈពលកម្មផលិត ដូច្នេះយើងសប្បាយចិត្តខ្លាំងណាស់។ អាស្រ័យហេតុនោះ ទើបខ្ញុំរកបានប្រាក់សង់ផ្ទះថ្មី និងទិញបានគោពីរក្បាលមកចិញ្ចឹម។ ខ្ញុំនៅទាំងបុលទុនចិញ្ចឹមជ្រូកមេ ដូច្នេះបន្ទាប់ពីចិញ្ចឹមជ្រូកបាន ២ ឆ្នាំ ជីវភាពគ្រួសារក៏បានធូរធារ”។
លោកត្រឹងវ៉ាន់សង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ មានប្រសាសន៍៖ “កម្មវិធីបានជួយឧបត្ថម្ភទាន់ពេលដល់គ្រួសារក្រីក្រនិងគ្រួសារប្រកៀកបន្ទាត់ក្រ ឈានឡើងក្នុងជីវភាព។ ក្រៅពីនេះ ឃុំនៅទាំងបានទទួលផលពីគម្រោង ៤ នៃកម្មវិធី គឺការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីបម្រើដល់ការផលិត និងជីវភាពរស់នៅរបស់ជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាពខ្ពស់។ អាស្រ័យហេតុនេះ ផ្លូវគមនាគមន៍ជនបទត្រូវបានវិនិយោគកសាងរួចរាល់ ការជួញដូរទំនិញមានភាពងាយស្រួល ហើយជីវភាពរបស់ជនរួមជាតិខ្មែរត្រូវបានប្រសើរឡើងបន្តិចម្តងៗ។ ជាពិសេស ជនរួមជាតិមានផ្ទះថ្មីនិងមានលក្ខណសម្បត្តិធ្វើការរកស៊ី ម្ល៉ោះហើយមានគ្រួសារជាច្រើនបានរួចចាកពីភាពក្រីក្រ ជួយឱ្យឃុំឆាប់សម្រេចបានលក្ខឋានអំពីលំនៅឋាន ប្រាក់ចំណូលគ្រួសារក្រីក្រ។ល។ ដើម្បីបានទទួលស្គាល់សម្រេចបទដ្ឋានឃុំជនបទថ្មីនៅឆ្នាំ ២០២៤”៕
លីធាន-ប្រែសម្រួល៖ សុផន