កីឡា - ទេសចរណ៍ ទេសចរណ៍

10/02/2025 - 15:27

នឹក​ដល់ "បាក់​ម៉ូង​ត្វ័រ​ធឿក" 

ក្នុង​ដំ​ណើរ​ទេស​ចរ​នៅ​ខេត្ត​និញ​ប៊ិញ មាន​តំ​បន់​ទេស​ចរណ៍​ជា​ច្រើន​ដែល​គួរ​ឱ្យ​ចង​ចាំ ប៉ុន្តែ​មាន​មួយ​កន្លែង​ដែល​ញុាំង​ឱ្យ​ភ្ញៀវ​ទេស​ចរ​នឹក​ស្រ​ណោះ​ជា​និច្ច នោះ​គឺ​មណ្ឌល​ទេស​ចរណ៍ “បាក់​ម៉ូង​ត្វ័រ​ធឿក”។

ខ្លោង​ទ្វារ​ចូល​វិហារ​ក្សត្រ​ឌិញ​តៀង​ហ្វាង។

“បាក់​ម៉ូង​ត្វ័រ​ធឿក” គឺ​ជា​ពាក្យ​ពេចន៍​បួន​ម៉ាត់​នៅ​លើ​ខ្លោង​ទ្វារ​វិ​ហារ​ក្សត្រ​ឌិញ​តៀង​ហ្វាង ក្នុង​រម​ណី​យដ្ឋាន​រាជ​ធា​នី​បុ​រាណ​ហ្វា​លឺ ខេត្ត​និញ​ប៊ិញ។ នោះ​គឺ​ចំ​ណាប់​អា​រម្មណ៍​ដំ​បូង​ពេល​ភ្ញៀវ​ទេស​ចរ​ឈាន​ចូល​បរិ​វេណ​ខាង​ក្នុង។ ពាក្យ​បួន​ម៉ាត់​យ៉ាង​សា​មញ្ញ ប៉ុន្តែ មាន​អត្ថ​ន័យ​ជ្រាល​ជ្រៅ​ ទាំង​អត្ថានុ​រូប​និង​អត្ថា​បដិ​រូប។ តំ​បន់​ដី​សាង​សង់​វិហារ​ធ្លាប់​ជា​កន្លែង ដែល​ព្រះ​រាជ​កុមារ​ខ្សែ​រាជ​វង្ស​ឌិញ លើក​ទង់​ផ្កា ត្រែង​ធ្វើ​កុប​កម្ម។ តាំង​ពី​ដើម កន្លែង​នេះ​គឺ​ជា​តំបន់​ដែល​គ្រប​ដណ្ដប់​ដោយ​ដើម​ត្រែង ដើម​ប​បុស ដុះ​ដេរ​ដាស​និង​មាន​ភ្នំ​ជា​ច្រើន។ តំ​បន់​នេះ អា​កាស​ធាតុ​មិន​សូវ​អំ​ណោយ​ផល។ ពិ​បាក​បំ​ផុត​គឺ​ពេល​ខ្យល់​រដូវ​ពី​ទិសឦ​សាន​បក់​មក​ត្រ​ជាក់​ស្រិប។ ហេតុ​ដូច្នេះ ន័យ​អត្ថានុ​រូប​នៃ​ពាក្យ​ទាំង ៤ ខាង​លើ គឺ​បំ​បាំង​ខ្យល់​ពី​ទិស​ខាង​ជើង។ ចំ​ណែក​ន័យ​អត្ថា​បដិ​រូប ស្រប​នឹង​ប្រ​វត្តិ​សាស្ត្រ​រាប់​ពាន់​ឆ្នាំ​ក្នុង​ការ​ប្រ​ឆាំង​សត្រូវ​ភាគ​ខាង​ជើង​របស់​ប្រ​ជា​ជាតិ​យើង។ ខ្លោង​ទ្វារ​មួយ​តូច​មាន​អក្សរ​សា​មញ្ញ ៤ ពាក្យ ញុាំង​ឱ្យ​ភ្ញៀវ​ទេស​ចរ​មាន​មោទន​ភាព​និង​រំភើប​ចិត្ត​ចំ​ពោះ​ការ​ឈ្លាស​វៃ​របស់​បុព្វ​បុរស​យើង​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មុន។

ក្រ​ឡា​បន្ទំ​របស់​មហា​ក្សត្រ​ឌិញ។

រូប​ភាព​មួយ​ចំ​នួន​ក្នុង​បរិវេណ​នៃ​វិ​ហារ។

វិ​ហា​រក្សត្រ​ឌិញ​តៀង​ហ្វាង ស្ថិត​ក្នុង​រមណី​យដ្ឋាន​នៃ​រាជ​ធានី​បុ​រាណ​ហ្វា​លឺ គឺ​ជា​ផ្នែក​មួយ​នៃ​បេតិ​កភ័ណ្ឌ​ពិ​ភព​លោក​ត្រាង​អាង។ នេះ​ជា​តំ​បន់​ដ៏​ពិ​សេស ពី​ព្រោះ​ជា​តំបន់​ភ្នំ​លិច​ទឹក​លាយ​ឡំ​នឹង​តំ​បន់​វាល​ទំ​នាប។ អា​ស្រ័យ​ដោយ​លក្ខណៈ​ធម្ម​ជាតិ​ទាំង​នេះ ជួយ​ឱ្យ​ក្សត្រ​ឌិញ​តៀង​ហ្វាង ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​លើក​ទ័ព​ក្រោក​ឡើង​តស៊ូ។ កន្លែង​នេះ​ក៏​ធ្លាប់​ជា​រាជ​ធានី​របស់​មហា​ក្សត្រ​ឌិញ មហា​ក្សត្រ​ឡេ និង​មហា​ក្សត្រ​លី (មុន​នឹង​ប្តូរ​រាជ​ធានី​មក​ថាំង​ឡុង) ក្នុង​ប្រ​វត្តិ​សាស្ត្រ​ប្រ​ជា​ជាតិ​វៀត​ណាម។

វិហារ​ក្សត្រ​ឌិញ គឺ​ជា​កេរ​ដំ​ណែល​ដ៏​សំ​ខាន់​ស្ថិត​ក្នុង​តំ​បន់​ការ​ពារ​ពិ​សេស​ក្នុង​ប្រ​ព័ន្ធ​រាជ​ធា​នី​បុរាណ​ហ្វា​លឺ​នៅ​ឃុំ​ទ្រឿង​អៀង ក្រុង​ហ្វា​លឺ ខេត្ត​និញ​ប៊ិញ។ វិហារ​នេះ​បាន​កសាង​ឡើង​ក្នុង​សតវត្សរ៍​ទី ១៧ ហើយ​ជា​វិហារ​មួយ​ស្ថិត​ក្នុង​ចំ​ណោម​សំ​ណង់​ដ៏​ល្បី​ទាំង ១០០ ដែល​មាន​អា​យុ​កាល ១០០ ឆ្នាំ​នៅ​វៀត​ណាម។ បច្ចុប្បន្ន វិហារ​ត្រូវ​បាន​ថែ​រក្សា​ដូច​សភាព​ដើម ក្នុង​នោះ មាន​ខ្លោង​ទ្វារ ផ្លូវ​ដើរ បឹង​អឌ្ឍ​ចន្ទ ដើម​ឈើ​ធំ​ៗ​និង​វត្ថុ​បុរាណ​ជា​ច្រើន​ដែល​អា​យុ​កាល​ជាង​រយ​ឆ្នាំ ដូច​ជា៖ ផើង​ជើង​ធូប​ធ្វើ​ពី​ថ្ម ដាក់​លើ​ជើង​ទម្រ​ផែន​ថ្ម ក្រ​ឡា បន្ទំ​សាង​ពី​ថ្ម​មាន​ឆ្លាក់​ក្បូរ​ក្បាច់​ជុំ​វិញ។ ជា​ពិ​សេស លើ​ផ្ទៃ​ក្រ​ឡាប​ន្ទំ​ឆ្លាក់​រូប​នាគ​ដ៏​ប្រ​ណីត​មាន​ជើង​ដូច​ជា​បាទ​ដៃ​នារី នៅ​វៀត​ណាម​គ្មាន​រូប​នាគ​ណា​អាច​ប្រៀប​ផ្ទឹម​បាន។ បរិ​យា​កាស​វិ​ហារ​ស្រ​ឡះ​ស្រ​ឡំ ត្រូវ​បាន​រៀប​ចំ​តាក់​តែង​ដោយ​ផ្ចិត​ផ្ចង់។

នៅ​ខាង​ក្រោយ​ក្រ​ឡា​បន្ទំ​គឺ​ជា​វិហារ​ក្សត្រ​ឌិញ ជា​ទី​សក្កា​បូ​ជា​មាន​លក្ខណៈ​ដ៏​ពិសិដ្ឋ។ ខាង​ក្រោយ​ទី​សក្កា​បូ​ជា គឺ​ជា​កន្លែង​គោ​រព​បូជា​មា​តា​បិ​តា វង្ស​ត្រ​កូល​ស្តេច។ វិ​ហារ​ក្សត្រ​ឌិញ​តៀង​ហ្វាង ត្រូវ​បាន​អង្គ​ការ Unesco ទទួល​ស្គាល់​ជា​បេ​តិក​ភ័ណ្ឌ​ពិ​ភព​លោក​ក្នុង​ប្រ​ជុំ​បេ​តិក​ភ័ណ្ឌ​ពិ​ភព​លោក​ត្រាង​អាង នៅ​ឆ្នាំ ២០១៤៕

    ហា​ថាញ-មុ​នី

ចែករំលែកអត្ថបទ