មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

20/01/2025 - 15:28

ក្ដី​រីក​រាយ​របស់​កសិករ​ដាំ​ដំ​ណាំ​រួម​ផ្សំ 

មាន​កសិករ​ខ្មែរ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ជា​ច្រើន​នៅ​ខេត្ត​សុក​ត្រាំង កំ​ពុង​រីក​រាយ​យ៉ាង​ខ្លាំង​ពី​ព្រោះ​ដំ​ណាំ​អំ​ណោយ​ផល លក់​បាន​ថ្លៃ ហើយ​ចំ​ណេញ​ខ្ពស់​បង្គួរ។

បង​ស្រី ថាច់​ធី​លុង សប្បាយ​រីក​រាយ​ពី​ព្រោះ​ដំ​ណាំ​ខ្ទឹម​ស្លឹក​អំ​ណោយ​ផល
លក់បានថ្លៃនិងចំណេញខ្ពស់។ 

បង​ស្រី ថាច់​ធី​លុង នៅ​ភូមិ​ព្រែក​ឆ្វេង ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង មិន​រា​រែក​ក្នុង​ការ​បង្វែរ​ផ្ទៃ​ដី​ផលិត​មិន​សូវ​បាន​ផល ងាក​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ ជួយ​ឱ្យ​គ្រួ​សារ​គាត់​បង្កើន​ប្រាក់​ចំ​ណូល ឈាន​ឡើង​ធូរ​ធារ​បន្តិច​ម្ដងៗ។ ប្រ​កប​របរ​ដាំ​ដំ​ណាំ​រួម​ផ្សំ​រយៈ​ពេល​ជាង ១០ ឆ្នាំ ទើប​បង​ស្រី​ក្ដាប់​បាន​បច្ចេក​ទេស​ដាំ​ដុះ​បន្លែ​គ្រប់​ប្រ​ភេទ។ បច្ចុប្បន្ន បង​ស្រី មាន​ផ្ទៃ​ដី​ដាំ​ខ្ទឹម​ស្លឹក ម្ទេស និង​ខាត់​ណា ផ្កា​ចំ​នួន ២​កុង។ល។ បង​ស្រី​លុង ឱ្យ​ដឹង៖ “ឆ្នាំ​នេះ ខ្ទឹម​ស្លឹក​មាន​តម្លៃ ២០​.០០០​ដុង​/គីឡូ​ក្រាម ក្រោយ​ពី​ផាត់​ទាត់​រួច ក្នុង​១​កុង​ចំ​ណេញ​ជាង ៤០​លាន​ដុង។ ខ្ទឹម​ស្លឹក​ងាយ​ស្រួល​ដាំ រយៈ​ពេល​ខ្លី ហើយ​មិន​សូវ​បង់​កម្លាំង​ថែ​ទាំ ចំ​ណាយ​ដើម​ទុន​តិច ប៉ុន្តែ​រក​បាន​ប្រាក់​ចំ​ណេញ​ខ្ពស់។ ស្រោច​ទឹក​ក្នុង​មួយ​ថ្ងៃ ២ ដង បាច់​ជី​អ៊ុយ​រ៉េ ដេ​អា​ប៉េ​សម​ល្មម និង​បាញ់​ថ្នាំ​បំ​ប៉ន​ស្លឹក កម្ចាត់​ដង្កូវ​ខៀវ ដង្កូវ​ស៊ី​បណ្ដូល​ជា​ដើម”។ ពេល​សាក​សួរ​ពី​បច្ចេក​ទេស​ដាំ​ខាត់​ណា​ផ្កា​ឬ​ម្ទេស បង​ស្រី មាន​ការ​យល់​ដឹង​យ៉ាង​ច្បាស់។ បច្ចុប្បន្ន បង​ស្រី បាន​ប្រ​មូល​ផល​ខាត់​ណា​ផ្កា​ជិត​រួច​រាល់ លក់​ក្នុង​តម្លៃ ៨.០០០ ដុង/​គីឡូ​ក្រាម គិត​ប៉ាន់​ស្មាន​នៅ​ចំ​ណេញ​ជាង ២០ លាន​ដុង។ តាម​ប្រ​សាសន៍បង​ស្រី​លុង ដើម្បី​ដាំ​ខាត់​ណា​សម្រេច​បាន​ផ្កា​ធំ​និង​សស្អាត គឺ​ត្រូវ​ធា​នា​ដាំ​គម្លាត​ពី​មួយ​គុម្ព​ទៅ​មួយ​គុម្ព ហើយ​ក្នុង​ចម្ការ​ត្រូវ​ធ្វើ​ស្មៅ​ឱ្យ​ជ្រះ។ ជា​ធម្ម​តា ខាត់​ណា​ដាំ​ចម្ងាយ​ពី​មួយ​គុម្ព​ទៅ​មួយ​គុម្ព​គឺ ៤០ សង់​ទី​ម៉ែត្រ ស្រោច​ទឹក ២ ដង​ក្នុង​មួយ​ថ្ងៃ និង​បាច់​ជី ៤ លើក ក្នុង​នោះ មាន​១​លើក​ច្រ​បល់​ជី​អ៊ុយ​រ៉េ​និង​ជី​ដេ​អា​ប៉េ​ទ្រាប់​បាត ចំ​ណែក​លើក​បន្ត​បន្ទាប់​ទៀត​គឺ​លាយ​ទឹក​ស្រោច​ឬ​បាច់​យោង​តាម​ការ​លូត​លាស់​នៃ​ដំ​ណាំ។ ទន្ទឹម​នឹង​នោះ បង​ស្រី​នៅ​ទាំង​ដាំ​ម្ទេស​ឆ្លាស់​ជា​មួយ​ខាត់​ណា​ផ្កា ម្ល៉ោះ​ហើយ​ក្រោយ​ពី​ប្រ​មូល​ផល ខាត់​ណា​ផ្កា​រួច ម្ទេស​ក៏​លូត​លាស់​ល្អ ហើយ​បន្ត​ការ​ប្រ​មូល​ផល​ជា​លំ​ដាប់។ ភាព​ឈ្លាស​វៃ​ក្នុង​ការ​ដាំ​ដុះ បាន​ជួយ​ឱ្យ​គ្រួ​សារ​បង​ស្រី​លុង​រក​បាន​ប្រាក់​ចំ​ណូល​ខួប​ឆ្នាំ និង​មាន​ជីវ​ភាព​ធូរ​ធារ។

មាន​កសិករ​ខ្មែរ​ជា​ច្រើន​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​ផ្ដើម​ពី​ដំ​ណាំ​ម្ទេស។

ប្ដី​ប្រ​ពន្ធ​បង​ស្រី ថាច់​ធី​ង៉ុក​ដាវ នៅ​ឃុំ​ថាញ់​ភូ ដាំ​ដំ​ណាំ​រួម​ផ្សំ​បាន​៣​កុង ក្នុង​នោះ មាន​ម្ទេស ២​កុង​និង​គូ​ឆាយ​១​កុង។ ដើម្បី​រក​បាន​ប្រ​ភព​ចំ​ណូល​ខួប​ឆ្នាំ ពេល​ដើម​ម្ទេស​នៅ​តូច បង​ស្រី​ដាវ បាន​ដាំ​ស្ពៃ​ខៀវ ស្ពៃ​ចង្កឹះ អំ​បើស​ឆ្លាស់​គ្នា។ល។ នេះ​ជា​ប្រ​ភេទ​ដំ​ណាំ​ងាយ​ស្រួល​ដាំ មិន​សូវ​បង់​កម្លាំង​ថែ​ទាំ ចំ​ណាយ​ដើម​ទុន​តិច មិន​សូវ​មាន​ជំ​ងឺ និង​មិន​សូវ​បង់​ជី។ ទើប​ថ្មីៗ​នេះ បង​ស្រី​ដាវ ប្រ​មូល​ផល​ស្ពៃ​ចង្កឹះ ស្ពៃ​ខៀវ​លក់​ក្នុង​តម្លៃពី ៨.០០០ - ១២.០០០​ដុង/​គីឡូ​ក្រាម ចំ​ណែក​អំ​បើស​លក់​ក្នុង​តម្លៃ​ជាង ២០​.០០០ ដុង​/គីឡូ​ក្រាម ក្រោយ​ពី​ផាត់​ទាត់​រួច បង​ស្រី​ដាវ​នៅ​ចំ​ណេញ​ជិត ២០ លាន​ដុង។ បច្ចុប្បន្ន ម្ទេស​២​កុង​របស់​បង​ដៅ​កំ​ពុង​ប្រ​មូល​ផលស្រុះ គិត​មធ្យម​ភាគ ៣០០ គី​ឡូ​ក្រាម/​ថ្ងៃ (យោង​តាម​អា​កាស​ធាតុ) លក់​ក្នុង​តម្លៃ ២០​.០០០ ដុង​/គីឡូ​ក្រាម។ ចំ​ណែក​គូ​ឆាយ​១កុង​គឺ​ប្រ​មូល​ផល​ផ្កា​រៀង​រាល់​ថ្ងៃ ផ្ដើម​ពី​នោះ ទើប​ជីវ​ភាព​គ្រួ​សារ​បង​ស្រី​ឈាន​ឡើង​ធូរ​ធារ៕

យ្វី​អាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ