ឃុំឡុងភូ ស្រុកឡុងភូ ខេត្តសុកត្រាំង បានអនុវត្តសម្រេចលក្ខឋានអំពីការកសាងជនបទថ្មី ១៩/១៩ ។ បច្ចុប្បន្ន តំបន់ជនបទឡុងភូភ្លឺ បៃតង ជ្រះ ស្អាត ហើយជីវភាពរបស់ប្រជាជនត្រូវបានកើនឡើង គ្រួសារធូរធារកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ផ្លូវគមនាគមន៍ជនបទចូលទៅតាមភូមិនានានៅឃុំឡុងភូ ត្រូវ
បានកសាងយ៉ាងរឹងមាំ។
តាមប្រសាសន៍លោក ត្រឹងវ៉ាន់សង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ ជាឃុំក្រលំបាកខ្លាំង មានប្រជាជនជាជនរួមជាតិខ្មែរជាង ៧២% ម្ល៉ោះហើយ ចំណុចចាប់ផ្ដើមកសាងជនបទថ្មីរបស់ឃុំជួបការលំបាកច្រើន។ អាស្រ័យដោយភាពវាងវៃគួបផ្សំនឹងប្រភពទុនកម្មវិធីទិសដៅជាតិអំពីកាត់បន្ថយភាពក្រីក្រ កម្មវិធីកសាងជនបទថ្មីនិងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច ម្ល៉ោះហើយ ឃុំបានសម្រេចនូវលក្ខឋានកសាងជនបទថ្មីត្រូវតាមផែនការ។ ក្នុងរយៈពេល ១៤ ឆ្នាំកសាងជនបទថ្មី ឃុំឡុងភូកៀរគរទឹកប្រាក់បានប្រមាណ ៤៨៣ ពាន់លានដុង ដើម្បីផ្តុំកម្លាំងកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ធារាសាស្ត្រ អគារសិក្សា អគារវប្បធម៌ និងដំណាក់សុខាភិបាល ៘ មកទល់ពេលនេះ តាមដងផ្លូវឃុំ និងផ្លូវតាមតំបន់កាត់វាលស្រែ ត្រូវបានកសាងសម្រេចបទដ្ឋានតាមការកំណត់របស់ក្រសួងសំណង់ បង្កលក្ខណសម្បត្តិងាយស្រួលសម្រាប់ប្រជាជនធ្វើដំណើរទៅមក និងដោះដូរពាណិជ្ជកម្មមុខទំនិញ។ ពិសេស ប្រព័ន្ធធារាសាស្ត្រសម្រេចជាស្ថាពរ ម្ល៉ោះហើយប្រជាជនមិនអល់អែកក្នុងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេស ផលិតស្រូវគុណភាពខ្ពស់ សម្រេចទិន្នផលនិងចំណេញខ្ពស់បានជាជីវភាពកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ឆ្នាំ២០២៤ ឃុំឡុងភូ មានប្រាក់ចំណូលមធ្យមភាគសម្រេចប្រមាណ ៦០ លានដុង/ម្នាក់/ឆ្នាំ; អត្រាគ្រួសារក្រីក្រថយចុះនៅ ១,៥%; គ្រួសារមានអគ្គិសនី ទឹកស្អាតប្រើប្រាស់ប្រមាណ៩៩%៘
អគារសិក្សាត្រូវបានវិនិយោគកសាងកូនចៅខ្មែរនៅឃុំឡុងភូ រីករាយទៅសាលារៀន។
រៀបរាប់អំពីភាពផ្លាស់ថ្មីនៅតំបន់ជនបទ លោក ថាច់សូ-ផ អ្នកមានប្រជាប្រិយនៅភូមិបឹងធំ ឱ្យដឹង៖ “កាលពីដើម ភូមិបឹងធំជាតំបន់ជនបទក្រីក្រ ភាគច្រើនការធ្វើដំណើរទៅមកដោយទូកបីស្លឹក និងថ្មើរជើង។ រីឯសព្វថ្ងៃ តាមដងផ្លូវត្រូវបានក្រាលបេតុងតភ្ជាប់ទៅទល់នឹងឃុំ ភូមិនានា ហេតុនោះយានយន្តបើកមកដល់ផ្ទះ។ ទូទាំងភូមិគ្មានផ្ទះស្លឹកទេ ជំនួសឱ្យផ្ទះឥដ្ឋរឹងមាំ សមសួនរស់នៅប្រកបដោយផាសុកភាព។ ជាពិសេស នៅភូមិបឹងធំមានសាលាបឋមសិក្សាកសាងសម្រេចបទដ្ឋានជាតិ ម្ល៉ោះហើយកូនចៅមាមីងខ្មែរសុទ្ធតែបានទៅសាលាទាំងអស់”។
លោក ត្រឹងវ៉ាន់សង ឱ្យដឹងបន្ថែម៖ “កសាងជនបទថ្មីមានចំណុចចាប់ផ្ដើម មិនមានចំណុចបញ្ចប់នោះទេ ដូច្នេះ បក្ខភាគ រដ្ឋអំណាចនិងប្រជាជនឃុំឡុងភូ ប្តេជ្ញាចិត្តរក្សាខ្ជាប់លក្ខឋានដែលសម្រេចបាននិងចលនាប្រជាជនបន្តព្រួតដៃអនុវត្តនូវលក្ខឋានដើម្បីសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ ឆ្ពោះទៅកាន់ឃុំជនបទថ្មីខ្នាតគំរូក្នុងរយៈពេលខាងមុខ”៕
យ្វីអាញ- លីសៀ