តាមប្រសាសន៍លោក ត្រឹងង្វៀងបា នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តគៀងយ៉ាង ការប្រឡងតុបតែងប្រទីប គឺជាសកម្មភាពមួយដែលមិនអាចខ្វះបានក្នុងទិវាវប្បធម៌ កីឡានិងទេសចរណ៍របស់ជនរួមជាតិខ្មែរនៅខេត្តគៀងយ៉ាង ត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ស្របក្នុងឱកាសនៃពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង។
ប្រទីបដ៏ស្រស់ស្អាត កំពុងបណ្ដែតខ្លួនលើដងទន្លេកៃលើង។
ការប្រឡងតុបតែងប្រទីប គឺជាទម្រង់សិល្បៈមួយដើម្បីបង្ហាញពីលក្ខណៈវប្បធម៌ដ៏ប្រណីតនិងសម្បូរបែប ក្នុងការប្រជុំជីវភាពសហគមន៍របស់ជនរួមជាតិខ្មែរណាមបូ។ ប្រទីបត្រូវបានតុបតែងស្អិតស្អាងលើក្បូន ទូកស្រឡាង ដែលចតតាមបណ្តោយមាត់ទន្លេកៃលើង។ ហើយនៅទីនោះ ក៏ជាកន្លែងសម្រាប់ទំនុកបម្រុងភេសជ្ជៈនិងចំណីអាហារដល់កីឡាករទូក-ងផងដែរ។ ដើម្បីពិធីប្រឡងមានតម្លាភាពខ្ពស់ផ្នែកខាងសោភណភាព គណៈកម្មការចាត់តាំងតម្រូវឱ្យច្នៃប្រតិដ្ឋប្រទីបជាច្រើនទម្រង់ ដោយរចនាក្បូរក្បាច់រំលេចពណ៌ល្អវិចិត្រទៅតាមទម្រង់នីមួយៗ ប្រកបដោយអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ។
អ្នកមីងត្រឹងធីស្វៀង នៅឃុំធ្វីឡេវ ឱ្យដឹង៖ “ខ្ញុំជាសមាជិកក្រុមរៀបចំនិងតុបតែងលម្អប្រទីប ដូច្នេះ ក្រោយពីចូលរួមពិធីប្រឡងម្តងៗ យើងខ្ញុំមានបទពិសោធន៍។ តាំងពីការស្អិតស្អាងកម្រងផ្កា តុបតែងលម្អប្រទីបរហូតដល់ការរៀបចំរណ្ដាប់សែនព្រះខែជាដើម គឺត្រូវរៀបចំយ៉ាងណាឱ្យមានភាពស្រស់ស្អាត ប៉ុន្តែក៏ត្រូវប្រិតសំចៃផងដែរ។ ប្រការដែលខ្ញុំចាប់អារម្មណ៍បំផុត គឺការដាក់តាំងត្រូវធានាសុវត្ថិភាព ពីព្រោះយើងរៀបចំដាក់តាំងលើប្រទីបចតជាប់មាត់ទន្លេ ពេលទឹកជោរ ប្រទីបអណ្តែតស្មើច្រាំង ពេលទឹកនាចប្រទីបទេរទៅម្ខាង ដូច្នេះ ទាំងការរៀបចំផ្លែឈើរណ្ដាប់ សែនព្រះខែ ការដាក់តាំងរូបថត។ល។ ត្រូវមានការប្រិតប្រៀងណាស់ បើមិនដូច្នេះទេ វានឹងធ្លាក់របូតរលូតមិនស្អាត”។ សម្រាប់ការរៀបចំតុបតែង គឺត្រូវត្រៀមលក្ខណៈឱ្យបានល្អ ទាំងការអន្ទងខ្សែភ្លើងអគ្គិសនីលម្អ ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដែរ។ ពូឡឹមថឹង នៅចំណុះជើងវត្តព្រែកព្រលិត ភូមិហ្វាហ៊ីវ ឃុំឌិញហ្វា រៀបរាប់៖ “មានឆ្នាំមួយ ក្បូនប្រទីបអន្ទងខ្សែភ្លើងរួចរាល់ ទឹកនាច ប្រទីបទេរចុះតាមទឹកដាច់ខ្សែអគ្គិសនី លុះគណៈមេប្រយោគមកពិនិត្យឱ្យពិន្ទុ ចំពេលដាច់ភ្លើង យើងខ្ញុំរកជាងអគ្គិសនីជួសជុលមិនទាន់។ ឆ្នាំនេះ យើងខ្ញុំរកជាងអគ្គិសនីនៅចំណុះជើងវត្ត មករ៉ាប់រងផ្នែកខាងអគ្គិសនីដើម្បីធានាសុវត្ថិភាព។ យើងខ្ញុំជាសមាជិកក្រុមរៀបចំតុបតែងលម្អក្បូនប្រទីបរបស់វត្ត ដូច្នេះ ត្រូវយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវ”។
នៅរាត្រីប្រារព្ធពិធីបុណ្យអកអំបុក ដើរកម្សាន្តតាមបណ្តោយមាត់ទន្លេកៃលើង ភ្ញៀវទេសចរនឹងបានទស្សនាប្រទីបដ៏ស្រស់ស្អាត ដែលបានរចនាតុបតែងលម្អរំលេចក្បូរក្បាច់ដិតដាមដោយអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ ពន្លឺភ្លើងពណ៌ភ្លឺផ្លេកគួរឱ្យចាប់អារម្មណ៍។ បងស្រីធីអ៊ុកកៀ នៅស្រុកយុងរៀង ឱ្យដឹង៖ “ទោះបីជាប់រវល់យ៉ាងណា ខ្ញុំតែងឆ្លៀតទៅកម្សាន្តពិធីបុណ្យអកអំបុកជាមួយគ្រួសារ ដើម្បីបានទស្សនាប្រទីបដ៏ស្រស់ស្អាត និងបានជួបសំណេះសំណាលជាមួយមាមីងមកពីភូមិស្រុកនានា។ កន្លែងដាក់តាំងប្រទីប ក៏ជាកន្លែងប្រជុំវប្បធម៌របស់ជនរួមជាតិខ្មែរ និងអប់រំពីស្មារតីសាមគ្គីគ្រប់ជំនាន់ផងដែរ”។ ចំណែកពូយ័ញសាង នៅចំណុះជើងវត្តតាមុំ ឱ្យដឹង៖ “ជារៀងរាល់ឆ្នាំ ខ្ញុំតែងចាត់ក្មេងៗយុវវ័យទៅជួយរៀបចំតុបតែងលម្អប្រទីប ពីព្រោះខ្ញុំចង់បានឱ្យពួកគេស្នងបន្ត ដើម្បីជួយអភិរក្សវប្បធម៌របស់ជនរួមជាតិខ្មែរ”៕
ហាថាញ-មុនី