28/10/2024 - 16:54

ភាព​អ៊ូ​អរ​នៃ​រដូវ​បុណ្យ​កឋិន​ទាន​ 

បុណ្យ​កឋិន​ទាន​ ត្រូវ​បាន​ប្រារព្ធ​ឡើង​បន្ទាប់​ពី​ព្រះ​សង្ឃ​ចេញ​ព្រះ​វស្សា​។​ ពិធី​បុណ្យ​នេះ​ តែង​បាន​ជន​រួម​ជាតិ​ខ្មែរ​ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់​ ដើម្បី​សម្ដែង​នូវ​ការ​គោ​រព​ធ្វើ​តាម​ពុទ្ធា​នុញ្ញាត​ និង​ជួយ​សម្រាល​ការ​លំ​បាក​ដល់​ព្រះ​សង្ឃ​សិក្សា​រៀន​សូត្រ​ផង។​

ត្រៃចីវរ គឺ​ជា​វត្ថុ​ដ៏​សំ​ខាន់​ក្នុង​បុណ្យ​កឋិន​ទាន។​

បុណ្យ​កឋិន​ទាន​ មាន​មក​តាំង​ពី​សម័យ​ព្រះ​ពុទ្ធ​ទ្រង់​គង់​ធរ​មាន​នៅ​ម៉្លេះ​ ត្រូវ​បាន​ប្រារព្ធ​ឡើង​បន្ទាប់​ពី​ព្រះ​សង្ឃ​ចេញ​ព្រះ​វស្សា​ ហើយ​មាន​កំ​ណត់​ត្រឹម​តែ​២៩​ថ្ងៃ​ប៉ុណ្ណោះ​ ចាប់​ពី​ថ្ងៃ​១​រោច​ ខែ​អស្សុជ​ដល់​ថ្ងៃ​១៥​កើត​ ខែ​កត្តិក វត្ត​នីមួយ​ៗ​អាច​ទទួល​កឋិន​ទាន​បាន​តែម្តង​ប៉ុណ្ណោះ។​ ហេតុ​នោះ​ សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ បុណ្យ​កឋិន​ទាន​គឺ​ជា​បុណ្យ​ដ៏​ពិសេស​មួយ​ និង​មាន​ផលា​និសង្ស​ច្រើន​ ម៉្លោះ​ហើយ​មាមីង​ពុទ្ធ​បរិស័ទ​ខ្មែរ​តែង​ចង់​ធ្វើ​គ្រប់​ៗ​គ្នា​ ដើម្បី​សាង​កុសល​ផល​ បុណ្យ​សម្រាប់​ខ្លួន។​

ព្រះ​សង្ឃ​ទទួល​ក្រាល​គ្រង​កឋិន​ ក្រោយ​ពេល​ដែល​ពុទ្ធ​បរិស័ទ​វេរដល់​ជំ​នុំ​សង្ឃ​រួច។

ទិដ្ឋ​ភាព​ពុទ្ធ​បរិស័ទ​ដង្ហែ​អង្គ​កឋិន​ទាន​នៅ​វត្ត​ព្រែក​អណ្តើក ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង​
ខេត្តសុកត្រាំង។

អ្នក​មីង​ ថាច់​ធី​ណោ នៅ​ឃុំ​ថាញ់​ភូ ស្រុក​មីស្វៀង​ ឱ្យ​ដឹង​៖ “ខ្ញុំ​រស់​នៅ​ប្រ​កប​របរ​ធ្វើ​ស្រែ​ និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ហេតុ​នោះ​ដើម្បី​មាន​ប្រាក់​សេស​សល់​សម្រាប់​ធ្វើ​បុណ្យ​កឋិន​ទាន​ ខ្ញុំ​បាន​ត្រៀម​បម្រុង​រយៈ​ពេល​៥​ឆ្នាំ​ រួច​បាន​ទៅ​ជា​វវត្ត​នឹង​ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​អណ្តើក​ដល់​៣​ឆ្នាំ​ក្រោយ​ ទើប​បាន​ប្រារព្ធ​ពិធី​បុណ្យ​។​ តាម​ការ​រៀប​រាប់​របស់​ជីដូន​ជីតា​ កឋិន​ទាន​ជា​បុណ្យ​មួយ​មាន​ផលា​និសង្ស​ច្រើន​ ហេតុ​នោះ​ ខ្ញុំ​មាន​បំ​ណង​ចង់​ធ្វើ​បុណ្យ​កឋិន​ឱ្យ​បាន​ម្តង​ ដើម្បី​វេរ​ត្រៃ​ចីវរ និង​គ្រឿង​បរិក្ខារ​ផ្សេង​ៗ​ដល់​ជំ​នុំ​សង្ឃ​ ព្រម​ទាំង​ថវិកា​សម្រាប់​កសាង​វត្ត​ ប្រាថ្នា​ជួប​តែ​សេច​ក្តី​សុខ​ សេច​ក្តី​ចម្រើន​ក្នុង​ជាតិ​នេះ​ និង​ជាតិ​ខាង​មុខ”។​ ចំ​ណែក​បង​តូ​ដឿន នៅ​ភូមិ​ព្រែក​ឆ្វេង​ ឃុំ​ថាញ់​ភូ ឱ្យដឹង៖ “ឆ្នាំ​មុន​ ឪ​ពុក​ខ្ញុំ​បាន​ទៅ​វត្ត​សិរី​ឧត្តម​ដៃ​អំ​ពូរ (ឃុំ​ថាញ់​ក្វើយ ស្រុក​មី​ស្វៀង​) ជាវ​វត្ត​ធ្វើ​បុណ្យ​កឋិន​ទាន​ ហេតុ​នោះ​បាន​រៀប​ចំ​ត្រៃ​ចីវរ ប្រាក់​ និង​គ្រឿបរិក្ខារ​ផ្សេង​ៗ​ជា​ស្រេច។​ ឥឡូវ មិន​ទាន់​ដល់​ថ្ងៃ​ធ្វើ​បុណ្យ​ផង​ ឪ​ពុក​ខ្ញុំ​បាន​ទទួល​មរណៈ​ទៅ​ហើយ​ ហេតុ​ដូច្នេះ​ បង​ប្អូន​យើង​ខ្ញុំ​រួប​រួម​គ្នា​រៀប​ចំ​ធ្វើ​កឋិន​ជូន​ឪ​ពុក​ តាម​បំ​ណង​របស់​គាត់​កាល​ពី​នៅ​មាន​ជីវិត។​ យើង​ខ្ញុំ​សូម​ឧទ្ទិស​កុសល​ដែល​កើត​ឡើង​ពី​បុណ្យ​កឋិន​ទាន​នេះ​ ជូន​ដល់​ឪ​ពុក​ដើម្បី​ជាតិ​ខាង​មុខ​ ឪ​ពុក​ខ្ញុំ​មាន​ជីវ​ភាព​ល្អ​ប្រ​សើរ​ សុខ​ចម្រើន​និង​មាន​អា​យុ​វែង”។​

អាច​សង្កេត​ឃើញ​ថា​ បុណ្យ​កឋិន​ទាន​ មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ក្នុង​ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ។​ បច្ចុប្បន្ន​ ពេល​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​ល្អ​ប្រ​សើរ គឺ​បុណ្យ​កឋិន​ទាន​ក៏​បាន​ប្រារព្ធ​ឡើង​យ៉ាង​គគ្រឹក​គគ្រេង​ផង​ដែរ។​ បុណ្យ​កឋិន​ទាន​នេះ​ ក្រៅ​ពី​វត្ថុ​កឋិន​គឺត្រៃ​ចីវរ ជន​រួម​ជាតិ​ខ្មែរ​នៅ​ទាំង​មាន​គ្រឿង​បរិក្ខារ​ផ្សេង​ៗ​អម​ជា​មួយ​ផង​ ដូច​ជា​៖ បាត្រ​ ចាន​ស្រាក់ ឆត្រ គ្រែ ទូ ភួយ ខ្នើយ​។ល។​ វេរ​ដល់​ជំ​នុំ​សង្ឃ​ និង​ថវិកា​សម្រាប់​ជួស​ជុល​ កសាង​វត្ត​អា​រាម។​ ទន្ទឹម​នឹង​នោះ​ ក្នុង​ថ្ងៃ​ដង្ហែ​អង្គ​កឋិន​ទៅ​វេរ​ដល់​ជំ​នុំ​សង្ឃ​នៅ​ក្នុង​វត្ត​ ក៏​មាន​ភ្លេង​ពិណ​ពាទ្យ​ ឆៃ​យុាំ ។ល។​ ចូល​រួម​ដង្ហែ​ ញុាំង​ឱ្យ​បរិយា​កាស​នៃ​ពិធីបុណ្យ​កឋិន​ទាន​កាន់​តែ​មាន​ភាព​សប្បាយ​រីក​រាយ គគ្រឹក​គគ្រេង​នៅ​តាម​ភូមិ​ស្រុក៕​

                                      យ្វី​អាញ-វិមាន​

ចែករំលែកអត្ថបទ