ជនរួមជាតិខ្មែរភាគច្រើនកាន់ព្រះពុទ្ធសាសនាទក្ខិណនិកាយ។ ដូច្នេះហើយ ទីណាដែលមានជនរួមជាតិខ្មែររស់នៅកុះករ ទីនោះតែងមានវត្តអារាម។ វត្តមិនត្រឹមតែជាទីតាំងសម្រាប់ធ្វើសកម្មភាពជំនឿសាសនា នៅទាំងជាកន្លែងដោះដូរ និងអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិផងដែរ។
ព្រះសង្ឃកំពុងប្រារព្ធពិធីបំបួសកុលបុត្រខ្មែរ។
លោកថាច់ឡេ ប្រធានគណៈកម្មការវត្តខឿន អនុសង្កាត់ទី១ សង្កាត់ទី៧ ក្រុងត្រាវិញ ខេត្តត្រាវិញ មានប្រសាសន៍៖ “វត្តអារាមជាកន្លែងដែលមាមីងខ្មែរផ្សារភ្ជាប់អស់មួយជីវិត តាំងពីកើតរហូតដល់ស្លាប់។ សម្រាប់ជនរួមជាតិខ្មែរ វត្តជាកន្លែងដ៏ពិសិដ្ឋ ជាទីសក្ការបូជា ជាកន្លែងផ្ញើក្តីជំនឿតាមរយៈទង្វើល្អនាបច្ចុប្បន្ន និងសង្ឃឹមទទួលបានផលល្អនាអនាគត។ ជនរួមជាតិខ្មែរ ទោះបីឋិតនៅវ័យណាក៏តែងតែទៅវត្តដែរ។ តាំងពីកើតបានមួយខែឬពេញមួយឆ្នាំ មាមីងតែងធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ដើម្បីកូនបានសុខជាមានអាយុយឺនយូរ។ ពេលធំឡើង យុវជនចូលវត្តបួសរៀន។ ពេលរៀបការ ក្រុមគ្រួសារនិមន្តព្រះសង្ឃសូត្រមន្តប្រទានពរ។ ចំណែកឯពេលលាចាកលោកទៅ ក៏និមន្តព្រះសង្ឃសូត្រមន្តបង្សុកូលឧទ្ទិសកុសល”។
ទន្ទឹមនឹងនោះ វត្តអាអារាមខ្មែរប្រៀបបានជាឃ្លាំងរក្សាទុកនូវតម្លៃផ្នែកខាងសម្ភារៈ ក៏ដូចជាតម្លៃខាងស្មារតីរបស់ជនរួមជាតិខ្មែរ។ ម្យ៉ាងទៀត វត្តប្រៀបដូចជាសាលារៀន ជាកន្លែងអប់រំសីលធម៌ ផ្នត់រស់នៅ និងបង្រៀនអក្សរសាស្ត្រដល់កូនចៅផង ដើម្បីរួមចំណែកថែរក្សាវប្បធម៌ ភាសានិងអក្សរសាស្ត្ររបស់ជនជាតិ។ ដោយសារជាកន្លែងប្រជុំសកម្មភាពជំនឿសាសនា និងសហគមន៍ ដូច្នេះវត្តអារាមខ្មែរក៏ជាកន្លែងងាយស្រួលសម្រាប់ឃោសនា ផ្សព្វផ្សាយ និងកៀរគរប្រជាជនឱ្យគោរពតាមគោលមាគ៌ា គោលការណ៍របស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋ សំដៅលើកកម្ពស់ការយល់ដឹងរបស់មាមីង។
ព្រះតេជព្រះគុណ ថាច់-ថ អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញ មានថេរដីកា៖ “ក្នុងឱកាសសកម្មភាពជំនឿសាសនា ក្រៅពីសម្តែងធម៌ទេសនា ព្រះសង្ឃនិងអាចារ្យតែងសហការជាមួយរដ្ឋអំណាចមូលដ្ឋានផ្សព្វផ្សាយ និងកៀរគរមាមីងពុទ្ធបរិស័ទគោរពតាមគោលមាគ៌ា គោលការណ៍របស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋ។ ទន្ទឹមនឹងនោះ នៅទាំងគួបផ្សំឃោសនា និងផ្សព្វផ្សាយគោលនយោបាយថ្មីៗដល់ជនរួមជាតិផង សំដៅលើកកម្ពស់ការយល់ដឹងរបស់ពុទ្ធបរិស័ទ លុបបំបាត់អបិយជំនឿ និងកុំឱ្យជឿងប់ងុល ជាហេតុឱ្យជនខិលខូចបោកបាន”។
ខេត្តត្រាវិញ បច្ចុប្បន្នមានវត្តខ្មែរ១៤៣វត្ត។ ភាគច្រើនវត្តអារាមត្រូវបានព្រះសង្ឃនិងមាមីងពុទ្ធបរិស័ទកសាងយ៉ាងធំទូលាយ ដោយកម្លាំងសាមគ្គីរួមវិភាគទានរបស់សប្បុរសជននិងមាមីង ពុទ្ធបរិស័ទនៅក្នុងនិងក្រៅខេត្ត។ តាមរយៈនោះ អាចបញ្ជាក់ថា វត្តអារាមគឺជាកន្លែងរក្សានូវតម្លៃខាងជំនឿសាសនា និងវប្បធម៌ដ៏ថ្លៃថ្លារបស់ជនរួមជាតិខ្មែរ៕
សើុងម៉ាល័យ-មេងលី