បច្ចុប្បន្ន មិនត្រឹមតែនៅតាមវត្តអារាមប៉ុណ្ណោះទេ គឺទាំងជនរួមជាតិខ្មែរនៅតាមភូមិ ស្រុកនៃខេត្តសុកត្រាំង ក៏ព្រួតដៃគ្នាអភិរក្សនូវតម្លៃវប្បធម៌សិល្បៈរបស់ជនជាតិផងដែរ។
ក្រុមរបាំវត្តព្រែកអណ្ដើក រាំរបាំជូនពរក្នុងពិធីបុណ្យកឋិនទានក្នុងវត្ត។
ក្នុងពិធីបុណ្យផ្សេងៗ មានដូចជាបុណ្យកឋិនទាន បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា ។ល។ សម្លៀកបំពាក់ប្រពៃណីខ្មែរ តែងបានជនរួមជាតិខ្មែរប្រើប្រាស់សម្រាប់ស្លៀកពាក់ទៅវត្តក្នុងថ្ងៃបុណ្យ។ បងស្រីថាច់ធីថាសិរី អ្នកអភិរក្សសម្លៀកបំពាក់ប្រពៃណីខ្មែរដែលបានដាក់តាំងនៅវត្តបទុមវង្សាសំរោង សង្កាត់លេខ៥ ក្រុងសុកត្រាំង ឱ្យដឹងៈ “ខ្ញុំទិញសម្លៀកបំពាក់ប្រពៃណីខ្មែរគ្រប់ឈុតទាំងអស់ តាំងពីសម្លៀកបំពាក់សម្រាប់អាពាហ៍ពិពាហ៍ សម្រាប់ពិធីបុណ្យទាន សម្រាប់ទៅវត្តរហូតដល់សម្លៀកបំពាក់សម្រាប់ប្រជុំជីវភាពប្រចាំថ្ងៃ។ល។ ម្ល៉ោះហើយ បានក្លាយជាផលិតផលមួយមានលក្ខណៈពិសេស។ សព្វថ្ងៃនេះ ភ្ញៀវទេសចរជាច្រើនដែលមកគោរពបូជានិងទស្សនាកំសាន្តនៅវត្តបទុមវង្សាសំរោង បានចូលមកកន្លែងដាក់តាំងដើម្បីទស្សនាស្វែងយល់ពីសម្លៀកបំពាក់ប្រពៃណីខ្មែរនិងជួលស្លៀកពាក់សម្រាប់ថតរូបទៀតផង។ ចំណែកក្នុងឱកាសថ្ងៃបុណ្យប្រពៃណីរបស់ជនជាតិ បងប្អូនមាមីងខ្មែរតែងមកជួលនិងទិញសម្លៀកបំពាក់ខ្មែរសម្រាប់ស្លៀកពាក់ទៅវត្ត ដើម្បីរួមចំណែកក្នុងការអភិរក្ស និងផ្សព្វផ្សាយពីសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិដល់ភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសផង”។
ក្រុមឆៃយុាំវត្តព្រែកអណ្ដើក លេងកំដរក្នុងពិធីបុណ្យកឋិនទាន។
អ្នកស្រីឡឹមធីហូវ នៅឃុំតឹងហឹង ស្រុកឡុងភូ ល្បីឈ្មោះជាគ្រូបង្ហាត់របាំនៅតាមវត្តខ្មែរ ក្នុងនិងក្រៅខេត្ត។ វត្តអារាមនានា បានមករកអ្នកស្រីឡឹមធីហូវ ទៅបង្ហាត់របាំនិងក្បាច់របាំប្រជាប្រិយខ្មែរដល់សមាជិកក្នុងក្លឹបសិល្បៈរបាំរបស់វត្ត។ អ្នកស្រីឡឹមធីហូវ ឱ្យដឹង៖ “បានចូលរួមបង្ហាត់ក្បាច់របាំប្រជាប្រិយខ្មែរដល់ប្អូនៗ គឺជាមោទនភាពរបស់ខ្ញុំ។ កិត្តិយសជាងទៀតនោះនៅពេលបង្កើតបានក្រុមរបាំជូនវត្តបឹងក្រចាប់ថ្មីនិងបង្រៀនច្រៀង រាំ សម្រាប់បម្រើក្នុងឱកាសថ្ងៃបុណ្យទានផ្សេងៗក្នុងវត្តអារាមនិងភូមិស្រុក។ បច្ចុប្បន្ន វត្តបឹងក្រចាប់ថ្មីមានក្រុមភ្លេងពិណពាទ្យ ក្រុមឆៃយុាំនិងក្រុមរបាំ ម្ល៉ោះហើយ នៅពេលទំនេរខ្ញុំតែងទៅវត្តបង្រៀនដល់ប្អូនៗ។ ភាគច្រើនប្អូនៗ ចូលចិត្តរាំច្រៀង ប្រការនេះរឹតតែធ្វើឱ្យខ្ញុំមានកម្លាំងចិត្តក្នុងការបង្រៀន និងរួមចំណែកក្នុងការអភិរក្សសិល្បៈប្រជាប្រិយរបស់ជនជាតិ”។
ជាច្រើនឆ្នាំមកនេះ នៅវត្តព្រែកអណ្ដើក ឃុំថាញ់ភូ ស្រុកមីស្វៀង បង្កើតបានក្រុមភ្លេងពិណពាទ្យ ក្រុមឆៃយុាំ ក្រុមរបាំនិងវត្តបានទិញសម្លៀកបំពាក់ គ្រឿងអលង្ការផ្សេងៗមានដូចជាមកុដ ក្បាលយក្សស្វាជាដើមសម្រាប់ក្រុមរបាំ។ ទន្ទឹមនឹងនោះ ព្រះចៅអធិការវត្តបានជួលតន្ត្រីករ សិល្បករ មកបង្ហាត់ភ្លេង បង្ហាត់របាំដល់សមាជិកក្នុងក្រុមតន្ត្រី ក្រុមរបាំរបស់វត្ត។ ព្រះតេជព្រះគុណឡឹមចន្ទសំណាង ព្រះចៅអធិការវត្តព្រែកអណ្ដើក មានថេរដីកា៖ “វត្តអារាមតែងផ្សារភ្ជាប់ជាមួយនឹងជីវភាពប្រចាំថ្ងៃរបស់ជនរួមជាតិខ្មែរ ម្ល៉ោះហើយវត្តអារាមត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលប្រជុំជីវភាពជំនឿសាសនា ជាទីតាំងអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិ។ អាត្មាភាពបានបង្កើតក្រុមភ្លេងពិណពាទ្យ ក្រុមរបាំសម្រាប់បម្រើក្នុងឱកាសថ្ងៃបុណ្យទានផ្សេងៗក្នុងវត្តនិងតាមភូមិស្រុក។ ជាច្រើនឆ្នាំមកនេះ សមាជិកក្នុងក្រុមភ្លេងពិណពាទ្យ ក្រុមរបាំ តែងជួយបង្ហាត់បង្ហាញតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ ទើបក្រុមភ្លេងពិណពាទ្យនិងក្រុមរបាំនៅរក្សាគង់វង្សបានដូចសព្វថ្ងៃ។ ពីព្រោះក្នុងឱកាសថ្ងៃបុណ្យទាន ពេលមានភ្លេងពិណពាទ្យ ឬមានរបាំច្រៀងរាំ ទើបធ្វើឱ្យបរិយាកាសនៃពិធីបុណ្យមានភាពអឹកធឹក ទាំងមាមីងពុទ្ធបរិស័ទក៏មានភាពស្និទ្ធស្នាល ហើយការរស់នៅក៏មានភាពសាមគ្គី៕
យ្វីអាញ-ពេជ្រសឿន