រយៈពេលជាង១០ឆ្នាំកន្លង កីឡាវាយកូនបាល់ពិភពលោក ទន្ទឹងរង់ចាំជំនោរខ្យល់ថ្មីពីកីឡាករវ័យក្មេង។ មកដល់ឆ្នាំនេះ ទើបអ្នកគាំទ្របានដូចចិត្តមែន ខណៈពេលម្ចាស់ពានជើងឯកទាំង២នាក់នៃទីលានដីក្រហមដ៏សំខាន់បំផុតពិភពលោក-បារាំងបើកទូលាយ គឺជាកីឡាករដែលទើបមានអាយុ២០ឆ្នាំ។
ម្ចាស់ជើងឯកទាំង២រូបនៃពានរង្វាន់បារាំង បើកទូលាយឆ្នាំ២០២៤។ រូបថត៖ អ៊ិនធឺណេត
ស្ថិតក្នុងអាយុ២១ឆ្នាំ កីឡាករវាយកូនបាល់ជនជាតិអេស្ប៉ាញ Carlos Alcaraz បានគ្រងតំណែងជើងឯកពានរង្វាន់បារាំងបើកទូលាយ ឆ្នាំ២០២៤ បន្ទាប់ពីផ្តួលកីឡាករដែលមានអាយុច្រើនជាងខ្លួន៦ឆ្នាំ មកពីប្រទេសអាលឺម៉ង់ Zverev។ ការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រគួរឱ្យទស្សនា ប៉ុន្តែ Alcaraz ហាក់មានការជឿជាក់លើខ្លួនពេលប្រឈមមុខនឹងរៀមច្បង។ ជាក់ស្តែង កីឡាករវាយកូនបាល់ជនជាតិអេស្ប៉ាញ មានការវិវឌ្ឍន៍ក្នុងការប្រកួតលើកនេះ គឺមានស្មារតីនឹងនិងថ្លឹងថ្លែងកម្លាំងសមស្រប។ Alcaraz វាយកូនបាល់មានទម្ងន់ជាងធ្លាក់ចំបន្ទាត់ចុងទីលាន ពិសេសគឺស្នៀតបង់ប្រឡោះ “ល្អឥតខ្ចោះ” នឹកស្មានមិនដល់។ ជាងនេះទៅទៀត ទោះបីវាយខ្វែងដៃទាំង២ ប៉ុន្តែ Alcaraz គ្រលាស់កដៃបានយ៉ាងល្អ ដូច្នេះហើយ គាត់តែងមានស្នៀតវាយបកបាល់ត្រង់ធ្លាក់ក្រោយខ្នងគូប្រកួត...។
មិនអាចបដិសេធន៍ជ័យជម្នះដ៏សក្តិសមរបស់ Alcaraz ពិសេសគឺដំណើរឡើងគ្រងតំណែងជើងឯកគាត់ក៏បានផ្តួលកីឡាករលំដាប់កំពូលជាច្រើនផងដែរ។ ក្នុងនោះ មានគូប្រកួតជើងខ្លាំងអាយុស្របាលគ្នាឈ្មោះ Sinner ជាកីឡាករលំដាប់លេខ១ពិភពលោក។ ឈ្នះពានជើង ឯកបារាំងបើកទូលាយនៅអាយុ២១ឆ្នាំ Alcaraz ក៏បំបែកកំណត់ត្រារបស់កីឡាករជើងខ្លាំងរៀមច្បង Nadal និងជាកីឡាករវាយកូនបាល់វ័យក្មេង បំផុតពិភពលោកទទួលបានពាន Grand Slams ចំនួន៣ផ្សេងគ្នា។
ទន្ទឹមគ្នានោះដែរ សម្រាប់វិញ្ញាសាឯកត្តជននារី កីឡាការិនីវាយកូនបាល់ជនជាតិប៉ូឡូញ Iga Swiatek មិនលំបាកខ្លាំងក្នុងការការពារតំណែងជើងឯក។ នារីវ័យ២៣ឆ្នាំរូបនេះ ក៏បង្កើតឯតទគ្គកម្មដោយទទួលបានពាន Grand Slams ចំនួន៥ ក្នុងនោះ មានពានបារាំងបើកទូលាយចំនួន៤។ មិនចាំដល់ពេលលាលែងពីអាជីពនោះទេ នៅអាយុ២៣ឆ្នាំ Iga Swiatek បានក្លាយជាកីឡាការិនីឆ្នើមបណ្តាច់នៃកីឡាវាយកូនបាល់ពិភពលោកទៅហើយ។ បច្ចុប្បន្ន នាងទទួលបានពានដ៏មានតម្លៃចំនួន២២របស់ WTA ក្នុងនោះ មានពាន Final WTA ចំនួន១ សម្រាប់កីឡាការិនីឆ្នើម៨រូបប្រចាំឆ្នាំ។ ដើម្បីអនុវត្តសម្រេចកម្រងសមុច្ច័យពាន Grand Slams កីឡាការិនី Iga Swiatek មានបំណងយកឈ្នះការប្រកួតចំនួន ២ដែលនៅសល់ គឺពានរង្វាន់អូស្ត្រាលីបើកទូលាយ និងWimbledon នៅប្រទេសអង់គ្លេស។ ជាមួយនឹងទម្រង់លេងនាបច្ចុប្បន្ន ប្រសិនបើមិនរងរបួសទេ គោលបំណងរបស់ Iga Swiatek នឹងសម្រេចបានក្នុងពេលឆាប់ៗនេះ។
ភាពអាប់អួរនៃកីឡាវាយកូនបាល់ពិភពលោក ប៉ុន្មានឆ្នាំកន្លងនេះ ដោយសារតែការគ្រប់គ្រងរបស់ជើងខ្លាំងទាំង៤នាក់ ឥឡូវនេះ មានភាពផ្លាស់ប្តូរ។ ការប្រកួតដណ្តើមពានរង្វាន់បារាំង បើកទូលាយឆ្នាំ២០២៤ Nadal ត្រូវជម្រុះនៅជុំទីមួយ ចំណែក Dokovic បានបោះបង់ការប្រកួតនៅវគ្គប្រកួត៨ក្រុម។ នៅអាយុ៣៧ឆ្នាំ និង៣៨ឆ្នាំ អ្វីដែលកីឡាករជើងខ្លាំងទាំង២រូបនេះ បានលះបង់សម្រាប់កីឡាវាយកូនបាល់ពិភពលោក គឺគ្មានកីឡាករណាអាចបំបែកបាន។ ដឹងគុណចំពោះអតីតជើងឯកដូច្នេះមែន ប៉ុន្តែកីឡាវាយកូនបាល់ពិភពលោក ក៏ត្រៀមទទួលស្វាគមន៍ម្ចាស់ជើងឯកថ្មីដែលមានអាយុត្រឹម២០ឆ្នាំដែរ៕
ហាថាញ-មុនី