សកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងឡាយនៃការអភិរក្សវប្បធម៌ខ្មែរ ដែលមានភាពជាក់ស្តែង និងមានប្រសិទ្ធភាពនោះគឺបងប្អូននារីនៅក្រុងកឹងធើ បានរួមគ្នាអភិរក្សនិងពង្រីកប្រភេទនំប្រពៃណីខ្មែរ។ ប្រការដែលគួរឱ្យកត់សម្គាល់នោះគឺបងប្អូននារីជាច្រើនមានវ័យនៅក្មេងបាន “ទទួលឆន្ទៈ” ក្តីស្រឡាញ់ពីរៀមច្បងដើម្បីបន្តរក្សានិងពង្រីកប្រវេណីដ៏ល្អប្រសើរនេះ។
ដំណាក់ការមួយចំនួននៃការដាលអំបុក។
នៅក្នុងពិធីប្រឡងធ្វើនំ ដាក់បង្ហាញ ប្រភេទនំប្រពៃណី ដែលរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ តែងមាននារីខ្មែរចូលរួមយ៉ាងច្រើនកុះករ។ ពួកគាត់បានត្រៀមយ៉ាងហ្មត់ចត់ និងអស់ពីចិត្តពីថ្លើមក្នុងការធ្វើដើម្បីគោលដៅរួម គឺឧទ្ទេសនាមដល់មនុស្សជាច្រើន បានដឹងបានស្គាល់ពីប្រភេទនំប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ។ បងស្រីយឿងធីម៉ាញ់ នៅភូមិដុងថាំង ឃុំដុងថាំង ស្រុកកើ-ដ ឱ្យដឹង៖ “ពីមុន ខ្ញុំចេះធ្វើតែនំបំពង់និងនំលំអងចេកប៉ុណ្ណោះ អាស្រ័យបានចូលរួមក្លិបធ្វើនំប្រពៃណីរបស់ភូមិ ឥឡូវនេះខ្ញុំចេះវេចនំបត់។ នៅរាល់ពេលមានបុណ្យទាន យើងខ្ញុំរួមគ្នាធ្វើនំ ហើយចែកគ្នាដើម្បីអ្នកទាំងឡាយមានប្រភេទនំផ្សេងៗ សម្រាប់យកទៅវត្តនិងជូនចាស់ទុំ។ បន្ទាប់មក ឱ្យកូនចៅបរិភោគដើម្បីឱ្យពួកគេបានស្គាល់ពីនំប្រពៃណីរបស់ជនរួមជាតិខ្មែរ”។
ក្នុងប៉ុន្មានឆ្នាំមកនេះ បងស្រីលីធីទូត្រិន នៅសង្កាត់ទ្រឿងឡាក ខណ្ឌអូរម៉ូង បានម្តាយប្រគល់ឱ្យនាំប្អូនៗចូលរួមធ្វើនំប្រពៃណីនៅក្នុងពិធីបុណ្យទាននានា ដែលក្រុងរៀបចំឡើង។ បងស្រីត្រិន ឱ្យដឹង៖ “ម្តាយខ្ញុំបានគណៈកម្មាធិការប្រជាជនក្រុងជូនប័ណ្ណសរសើរព្រោះមានស្នាដៃក្នុងការរួមចំណែកអភិរក្សវប្បធម៌ប្រពៃណី។ បច្ចុប្បន្ន ម្តាយខ្ញុំគាត់មានវ័យកាន់តែចាស់ ដូច្នេះ ខ្ញុំចង់បន្តរបរម្ដាយ ដើម្បីរក្សាប្រពៃណីដ៏ល្អប្រសើរនេះ”។
មានគំនិតដូចបងស្រីត្រិនដែរ បងស្រីម៉ាយធីធ្វី នៅសង្កាត់ចូវវ៉ាន់លីម ខណ្ឌអូរម៉ូង ឱ្យដឹង៖ “ម្តាយខ្ញុំគឺអ្នកមីងដាវធីសាភា គាត់ចូលចិត្តធ្វើនំបំពង់។ ទោះបីជារវាល់យ៉ាងណាក៏ដោយ ក្នុងឱកាសបុណ្យប្រពៃណី ម្ដាយខ្ញុំតែងរៀបចំធ្វើនំបំពង់សម្រាប់កូនចៅបរិភោគដើម្បីនឹកដល់នំប្រពៃណីរបស់ជនរួមជាតិយើង”។ រាល់ពេលធ្វើនំម្ដងៗ អ្នកមីងសាភា តែងហៅបងស្រីធ្វី មកបង្រៀនពីរបៀបធ្វើនំ មានលាយម្សៅ ដាក់ទឹកជាដើម យូរៗទៅបងស្រីធ្វីចេះធ្វើ ហើយទៅតាមម្តាយជួយធ្វើជានិច្ច។
បានឃើញពីរបៀបដាលអំបុក ទើបដឹងថាបងប្អូននារីមានការលំបាកយ៉ាងណា។ តាំងពីការជ្រើសរើសស្រូវដំណើប ការត្រាំ លីងនិងដាលជាដើម។ បងស្រីធ្វី ឱ្យដឹង៖ “នៅក្នុងចំណោមនំប្រពៃណីរបស់ជនជាតិខ្មែរ ខ្ញុំឃើញអំបុកត្រូវឆ្លងកាត់ច្រើនដំណាក់កាលពិបាកធ្វើ ប៉ុន្តែវាមានអត្ថន័យណាស់ នេះជាប្រភេទគ្រឿងដង្វាយដែលមិនអាចខ្វះបានក្នុងពិធីសែនព្រះខែរបស់ជនរួមជាតិខ្មែរ ដូច្នេះខ្ញុំប្ដេជ្ញាចិត្តរៀនធ្វើឱ្យខាងតែបាន”៕
ហាថាញ-បកប្រែ៖ ទីទុយ