របរត្បាញហូលខ្មែរវ៉ាន់យ៉ាវ នៅឃុំវ៉ាន់យ៉ាវ ទីរួមខេត្តទិញបៀង ខេត្តអាងយ៉ាង មានតាំងពីបុរាណកាលម។ ផលិតផលហូលសម្រាប់ដេរចីវរព្រះសង្ឃនិងបម្រើជីវភាពប្រជាជន ប៉ុន្តែបានរងការសាបរលាបបន្តិចម្តងៗទៅតាមពេលវេលា។ ផ្នែកសមត្ថកិច្ចភូមិភាគបាននិងកំពុងខិតខំប្រឹងប្រែងជំនួយកម្លាំង ដើម្បីរបរនេះបានរក្សានិងអភិវឌ្ឍ។
បងស្រី នាងចន្ធី (ខាងឆ្វេង) ឧទ្ទេសនាមផលិតផលហូលវ៉ាន់យ៉ាវដល់ភ្ញៀវទេសចរ។
លោកស្រី ង្វៀងធីប៊ិចតៀង អនុប្រធានគណៈកម្មាធិការប្រជាជន ឃុំវ៉ាន់យ៉ាវ មានប្រសាសន៍៖ ប្រឈមមុខនឹងហានិភ័យត្រូវសាបរលាបនៅឆ្នាំ១៩៩៨ អង្គការ CARE (ជាអង្គការក្រៅរដ្ឋាភិបាលអូស្ត្រាលី) បានគាំទ្រការស្តារឡើងវិញនូវរបរត្បាញហូលខ្មែរនៅវ៉ាន់យ៉ាវ នៅឆ្នាំ២០០៧ គណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង បានចេញសេចក្តីសម្រេចលេខ ៤១/QĐ-UBND ចុះថ្ងៃទី ៨ ខែមករា ឆ្នាំ២០០៧ ដោយទទួលស្គាល់ភូមិរបរត្បាញហូលខ្មែរវ៉ាន់យ៉ាវ ជារបរសិប្បកម្មខ្នាតតូច។ មកដល់ឆ្នាំ២០០០ សហករណ៍ត្បាញហូលវ៉ាន់យ៉ាវ ត្រូវបានបង្កើតឡើងដោយមាន ៧១គ្រួសារ និងមានសមាជិកសហករណ៍ចំនួន ១២៦នាក់ចូលរួម។ នៅឆ្នាំ២០០៦ ផលិតផលតម្បាញ “ហូលវ៉ាន់យ៉ាវ” ត្រូវបានមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្តអាងយ៉ាង កសាងនិងការពារពាណិជ្ជសញ្ញារួម។ នៅដើមឆ្នាំ២០២៣ ផលិតផលសារុងរបស់ភូមិរបរក៏ត្រូវបានទទួលស្គាល់ជាផលិតផល OCOP លំដាប់ផ្កាយ៣ ។
ទន្ទឹមនឹងការជួយជ្រោមជ្រែងខាងលើ ភូមិភាគក៏មានសកម្មភាពជាច្រើន ដើម្បីរក្សានិងអភិវឌ្ឍភូមិរបរតាមរយៈនោះ គណៈកម្មាធិការប្រជាជនឃុំបានអនុវត្តទម្រង់ “ជួយឧបត្ថម្ភវត្ថុធាតុដើមសម្រាប់គ្រួសារក្រីក្រ ដែលជាសមាជិកភូមិរបរប្រពៃណីត្បាញហូលខ្មែរនៅឃុំវ៉ាន់យ៉ាវ” ដោយទម្រង់ផ្តល់ប្រាក់កម្ចី៥លានដុង/គ្រួសារដល់គ្រួសារចំនួន២៥។ តាមរយៈការវាយតម្លៃ ទម្រង់នេះដំណើរការមានប្រសិទ្ធភាព ទទួលបានដើមទុនកម្ចីនិងបង្កើនប្រាក់ចំណូលជាបណ្តើរៗសម្រាប់សមាជិកសហករណ៍។ អនុវត្តគម្រោងកាត់បន្ថយភាពក្រីក្ររបស់គណៈកម្មាធិការប្រជាជនទីរួមខេត្ត សហករណ៍រួមជាមួយការិយាល័យប្រតិបត្តិការ ធនាគារគោលនយោបាយស្រុក បានរំសាយថវិកា៨០លានដុងដល់សមាជិកសហករណ៍៨ នាក់ ដែលត្រូវការប្រាក់កម្ចីសម្រាប់ទិញវត្ថុធាតុដើមនិងបោះកីតម្បាញថ្មី។ លើសពីនេះ ចាប់ពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ គណៈកម្មាធិការប្រជាជនឃុំបានបើកវគ្គបណ្តុះបណ្តាល វិជ្ជាជីវៈកម្រិតបឋមចំនួន៤វគ្គ សម្រាប់បណ្តុះបណ្តាលនិងបង្រៀនរបរត្បាញហូលដល់ស្ត្រីជនជាតិខ្មែរ១២០នាក់ ដើម្បីអភិរក្សបង្កើនជំនាញនិងរចនាម៉ូដសម្រាប់ផលិតផលតម្បាញ។
អ្នកមីងនាងសាម៉ន ជាសិប្បករភូមិរបរត្បាញហូលខ្មែរវ៉ាន់យ៉ាវ ឱ្យដឹង៖ “ផលិតផលហូលខ្មែរគឺធ្វើដោយដៃទាំងស្រុង។ ជាធម្មតាអ្នកត្បាញស្ទាត់ជំនាញ ចំណាយពេលពី៥-៧ថ្ងៃ ទើបសម្រេចបានផលិតផលមួយ ដូច្នេះ ត្រូវការឧបត្ថម្ភដើមទុននិងលក្ខណៈផលិតកម្ម។ ជាមធ្យម សិប្បករម្នាក់អាចរកបានប្រាក់ចំណូលពី២,៥ទៅ៣,៥លានដុង/ខែ ផលិតផលនឹងរំលេចក្បាច់រចនាវិចិត្រឬសាមញ្ញ គឺអាស្រ័យលើទឹកដៃជាងម្នាក់ៗ។ ប្រាក់ចំណូលនេះជួយបង្កើនកម្រិតប្រាក់ចំណូលរួមដល់គ្រួសារ។
លោកស្រី ង្វៀងធីប៊ិចតៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវ៉ាន់យ៉ាវ ឱ្យដឹង៖ ផលិតផលហូលខ្មែរវ៉ាន់យ៉ាវ ក្រៅពីបានប្រើប្រាស់តាមខេត្តនានាដែលមានជនជាតិខ្មែរកុះករនៅណាមបូ ក៏ត្រូវបាននាំចេញទៅកាន់ប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ាផងដែរ។ ផលិតផលហូលខ្មែរវ៉ាន់យ៉ាវ មានផ្លាកយ៉ីហោ SilK ខ្មែរ ក៏បានអ្នកទេសចរក្នុងស្រុក និងក្រៅស្រុក ជ្រើសរើសធ្វើជាអំណោយពេលមកទស្សនាកំសាន្តនៅអាងយ៉ាង។ល។ រយៈពេលខាងមុខ ភូមិភាគនឹងចងសម្ព័ន្ធជាមួយក្រុមហ៊ុនទេសចរណ៍ ផ្សព្វផ្សាយនិងឧទ្ទេសនាមពីភូមិរបរ ដើម្បីពង្រីកវិសាលភាពនៃការនាំចេញផលិតផលសម្រាប់ភូមិរបរតម្បាញហូលខ្មែរវ៉ាន់យ៉ាវ៕
ថាញឡុង - បកប្រែ៖ សុផន