វត្តព្រែកជ្រៅ ឃុំវិញត្រាច់ដុង ក្រុងបាកលីវ ខេត្តបាកលីវ មិនត្រឹមតែជារមណីយដ្ឋានទេសចរណ៍ល្បីល្បាញប៉ុណ្ណោះទេ ថែមទាំងអភិរក្សវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរទៀតផង។
កុដិឈើមានអាយុកាលជាង១៣០ឆ្នាំ នៅវត្តព្រែកជ្រៅ។
តាមថេរដីកាព្រះតេជព្រះគុណ យឿងក្វឹង ព្រះចៅអធិការវត្តព្រែកជ្រៅ កុដិ២ខ្នងក្នុងវត្តត្រូវបានសាងសង់តាមរចនាបថខ្មែរបុរាណ ហើយធ្វើពីឈើស្ទើរតែទាំងស្រុងដែលមានអាយុកាលជាង១៣០ឆ្នាំមកហើយ។ បច្ចុប្បន្ន កុដិមួយខ្នងត្រូវបានវត្តធ្វើជាមន្ទីរប្រពៃណី ដើម្បីដាក់តាំងវត្ថុផ្សេងៗនិងវត្ថុបុរាណរបស់ជនរួមជាតិខ្មែរ; រីឯកុដិមួយខ្នងទៀតទុកធ្វើសាលប្រជុំគណៈកម្មការវត្តនិងរាំរបាំបម្រើភ្ញៀវទេសចរមកទស្សនាកម្សាន្ត។
វត្ថុបុរាណដែលពាក់ព័ន្ធនឹងវប្បធម៌ ការប្រជុំជីវភាពប្រចាំថ្ងៃរបស់ជនរួមជាតិខ្មែរពីដើម
និងបច្ចុប្បន្នត្រូវបានដាក់តាំងក្នុងកុដិឈើ។
ក្រុមភ្លេងពិណពាទ្យវត្តព្រែកជ្រៅ ប្រគំកំដភ្ញៀវមកទស្សនាកម្សាន្ត។
សិប្បករខ្មែរនាំគ្នាមកវត្តធ្វើនំប្រពៃណីរបស់ជនជាតិខ្មែរ ដូចនំជើងតាំង
នំខ្ញី នំលម្អងចេកជាដើម។
លោកឡឹមង៉ុកតាយ សមាជិកគណៈកម្មការវត្តព្រែកជ្រៅ នាំភ្ញៀវទេសចរដើរទស្សនាកុដិ ដែលធ្វើជាមន្ទីរប្រពៃណី ដាក់តាំងប្រភេទភ្លេងពិណពាទ្យនិងឆៃយុាំ; ឧបករណ៍ប្រើប្រាស់ផ្សេងៗប្រចាំថ្ងៃរបស់ជនរួមជាតិខ្មែរ ដូច៖ អង្រុតឈ្នាង ឈើច្រាន កណ្តៀវ ឃ្នាបបោកស្រូវ ហិបស្លា ខាប់ត្បាល់កិនម្សៅ។ល។ លោក ឡឹមង៉ុកតាយ ឱ្យដឹង៖ “វត្ថុទាំងអស់នេះគឺអាស្រ័យមាមីងខ្មែរក្នុងភូមិស្រុកប្រគេនវត្តសម្រាប់ដាក់តាំងដើម្បីកូនចៅជំនាន់ក្រោយស្គាល់នូវតម្លៃវប្បធម៌របស់ជនជាតិខ្មែរពីបុរាណ។ ហើយអាចនឹងជួយដល់អ្នកស្រាវជ្រាវស្វែងយល់ពីលក្ខណៈវប្បធម៌ ការប្រជុំជីវភាព ជំនឿរបស់ជនរួមជាតិខ្មែរផងដែរ”។ ទន្ទឹមនឹងនោះ នៅក្នុងកុដិថែមទាំងដាក់តាំងរូបភាពប្រកបដោយលក្ខណៈពិសេសនៃវប្បធម៌របស់ជនរួមជាតិខ្មែរក្នុងភូមិស្រុក ក្នុងវត្តអារាមផង។ ប្អូនថាច់ចិន្តា សិស្សវិទ្យាល័យជនជាតិអន្តេវាសិកបាកលីវ មកទស្សនាកម្សាន្ត ឱ្យដឹង៖ “ទៅវត្ត មិនត្រឹមតែបានគយគន់ទេសភាពស្រស់ស្អាត ស្ថាបត្យកម្មដ៏ពិសេសដិតដាមដោយលក្ខណៈវប្បធម៌ជនជាតិប៉ុណ្ណោះទេ ប្អូនថែមទាំងបានស្គាល់វត្ថុបុរាណជាច្រើនដែលពាក់ព័ន្ធនឹងវប្បធម៌ ការប្រជុំជីវភាពរបស់ជនរួមជាតិខ្មែរពីបុរាណនិងបច្ចុប្បន្ន ម្ល៉ោះហើយ ការទស្សនាកម្សាន្តលើកនេះពិតជាមានអត្ថប្រយោជន៍សម្រាប់ការរៀនសូត្ររបស់ប្អូនខ្លាំងណាស់”។
ទន្ទឹមនឹងនោះ វត្តព្រែកជ្រៅថែមទាំងមានក្រុមសិល្បៈចម្រៀង រាំរបាំ; ក្រុមឆៃយុាំ ក្រុមភ្លេងពិណពាទ្យ ភ្លេងប្រពៃណីសម្រាប់បម្រើភ្ញៀវទេសចរមកទស្សនាកម្សាន្តទៀតផង។ ព្រមជាមួយនោះ វត្តក៏មានក្រុមជំនាញធ្វើនំប្រពៃណីរបស់ជនរួមជាតិខ្មែរ ដូច៖ នំខ្ញី នំជើងតាំង នំគុយទាវកាត់ នំពងទា។ល។ សម្រាប់បម្រើក្នុងពិធីបុណ្យផ្សេងៗរបស់ជនជាតិត្រូវបានរក្សាពីជំនាន់មួយទៅជំនាន់មួយ។ ព្រះតេជព្រះគុណ យឿងក្វឹង គូសបញ្ជាក់៖ “វត្តព្រែកជ្រៅនិយាយដោយឡែកនិងវត្តខ្មែរនានានិយាយរួម ត្រូវបានចាត់ជាមជ្ឈមណ្ឌលអភិរក្សវប្បធម៌ ប្រពៃណីរបស់ជនរួមជាតិខ្មែរ”៕
លីធាន-លីសៀ