ពេលនិយាយដល់យុវតី ឡឹមធីហូវ នៅភូមិតឹងក្វី B ឃុំតឹងហឹង ស្រុកឡុងភូ ប្រាកដជាអ្នកដែលស្រឡាញ់វប្បធម៌ សិល្បៈខ្មែរនៅខេត្តសុកត្រាំងស្គាល់គ្រប់គ្នា។ ពីព្រោះប្អូនហូវ មិនត្រឹមតែជាយុវតីជ័យលាភីលេខ៣ ក្នុងពិធីប្រឡងសម្រស់នារីខ្មែរនៅខេត្តត្រាវិញប៉ុណ្ណោះទេ នាងក៏ជាអ្នកបង្រៀនចង្វាក់រាំខ្មែរដល់ប្អូនៗជនរួមជាតិខ្មែរនៅខេត្តសុកត្រាំងទៀតផង។
ឡឹមធីហូវ (កណ្តាល) រាំរបាំជូនពរក្នុងរាត្រីបើកវគ្គបុណ្យអកអំបុក ប្រណាំងទូក-ង
ខេត្តសុកត្រាំង ឆ្នាំ២០២៣។
ឡឹមធីហូវ ស្រឡាញ់សិល្បៈច្រៀងរាំ តាំងពីតូច។ កាលនៅរៀនបឋមសិក្សា ប្អូនតែងមើលកម្មវិធីនាទីកុមារជាភាសាខ្មែរ រួចឈរនៅមុខកញ្ចក់រាំតាម។ ពេលធំឡើង ប្អូនហូវតែងមើលចម្រៀង របាំខ្មែរ រួចក៏រាំតាម ម្ល៉ោះហើយពេលមានពិធីបុណ្យ ទាននៅក្នុងវត្តឬភូមិស្រុក ប្អូនតែងទៅរាំលេង។ លុះពេលចូលរៀនអនុវិទ្យាល័យនិង វិទ្យាល័យនៅសាលាជនជាតិអន្តេវាសិក ប្អូនសកម្មចូលរួមក្រុមសិល្បៈ រួចបានរៀនពីចង្វាក់រាំប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ផ្តើមពីនោះ ប្អូនហូវ តែងចូលរួមមហោស្រព សមោសរសម្តែងសិល្បៈនៅតាមសាលាជនជាតិអន្តេវាសិក និងទៅសម្តែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា។ សកម្មភាពទាំងនេះ កាន់តែធ្វើឱ្យហូវ ស្រឡាញ់ពេញចិត្តនឹងការច្រៀងរាំខ្លាំងឡើង។ ហេតុនោះ ក្រោយពីបញ្ចប់ការសិក្សាវិទ្យាល័យ ប្អូនតាំងចិត្តប្រឡងចូលរៀននៅមហាវិទ្យាល័យវប្បធម៌ក្រុងហូជីមិញ មុខជំនាញផ្នែកគ្រប់គ្រងវប្បធម៌។ ក្នុងអំឡុងពេលសិក្សានៅមហាវិទ្យាល័យ ប្អូនហូវ នៅតែចូលរួមក្រុមសិល្បៈរបស់សាលា ដើម្បីបានទៅដោះដូរសិល្បៈជាមួយសាលាផ្សេងៗ ឬចូលរួមសម្តែងក្នុងថ្ងៃបុណ្យទានរបស់ជនរួមជាតិខ្មែរ។
យុវតីឡឹមធីហូវ
ឆ្នាំ២០១៨ ក្រោយពីបញ្ចប់ការសិក្សាមហាវិទ្យាល័យ ប្អូនហូវ ចូលបំពេញការងារនៅមជ្ឈមណ្ឌលវប្បធម៌ខេត្តសុកត្រាំង។ ដើម្បីបានរួមចំណែកលើវិស័យវប្បធម៌ ប្អូនបានប្រមូលផ្តុំប្អូនៗខ្មែរនៅស្រុកកំណើត រួចបង្កើតក្រុមសិល្បៈ ដើម្បីបង្រៀនច្រៀងរាំសម្រាប់បម្រើក្នុងពិធីបុណ្យទានក្នុងភូមិស្រុកនិងវត្តអារាម។ ឃើញដូច្នោះ ព្រះចៅអធិការវត្តបឹងក្រចាប់ថ្មី ឃុំតឹងហឹង អញ្ជើញប្អូនទៅបង្រៀនដល់កូនចៅខ្មែរនៅក្នុងវត្ត។ ប្អូនហូវ ឱ្យដឹង៖ “ដោយបានព្រះចៅអធិការវត្តអញ្ជើញទៅបង្រៀនរាំ ខ្ញុំមានក្តីត្រេកអរយ៉ាងខ្លាំង ពីព្រោះបានរួមចំណែកតិចតួចរបស់ខ្លួនក្នុងការអភិរក្ស វប្បធម៌របស់ជនជាតិ។ ពេលមកបង្រៀនខ្ញុំមានក្តីរំភើបពន់ពេក ពីព្រោះមានសិក្ខាកាមជិត១០០នាក់ឯណោះ មានក្មេងចាស់ ប្រុស ស្រី មករៀនរាំវង់ សារ៉ាវ៉ាន់ ឡាំលាវ ឆាឆាឆា ម៉ាឌីហ្សុន។ល។ ឃើញមាមីងខ្មែរស្រឡាញ់ ចង្វាក់រាំដូច្នោះ ខ្ញុំភ្លេចអស់ការនឿយហត់ មានតែអារម្មណ៍សប្បាយរីករាយ និងសុភមង្គល!”។ និយាយអំពីការរៀនរាំ ប្អូនថាច់ធីង៉ា សមាជិកក្រុមសិល្បៈដែលហូវបង្កើត ឱ្យដឹង៖ “ប្អូនមករៀនរាំតាមបងស្រីហូវ តាំងពីឆ្នាំ២០១៨ មកម៉្លេះ ហេតុនោះចង្វាក់រាំនិងរបាំប្រពៃណី ប្អូនចេះទាំងអស់។ ឥឡូវនេះ គ្រាន់តែគាត់ហៅទូរស័ព្ទឱ្យប្រមូលផ្តុំសមាជិកក្រុម ដើម្បីទៅសម្តែងក្នុងព្រឹត្តិការណ៍ឬបម្រើនៅក្នុងវត្ត អារាម គឺប្អូនប្រមូលផ្តុំសមាជិកនិងរៀបចំសម្លៀកបំពាក់ទៅសម្តែងភ្លាម។ ដោយសារបានបងស្រីហូវបង្រៀន ទើបប្អូនបានចេះរាំ និងមោទនភាពចំពោះសិល្បៈវប្បធម៌របស់ជនជាតិ។ ចង្វាក់រាំនីមួយៗសុទ្ធតែមានសម្លៀកបំពាក់ខុសៗគ្នា ពេលស្លៀកពាក់ឡើងមានភាពស្រស់ស្អាតណាស់ ដូចជាទេពអប្សរ ម្ល៉ោះហើយប្អូនស្រឡាញ់ពេញចិត្តណាស់”។
ថ្នាក់រៀនរាំក្នុងវត្តដែលឡឹមធីហូវបង្រៀនផ្ទាល់។
ឆ្នាំ២០២២ យុវតីឡឹមធីហូវ បានទទួលជ័យលាភីលេខ ៣ ក្នុងពិធីប្រឡងសម្រស់នារីខ្មែរ នៅខេត្តត្រាវិញ ម្ល៉ោះហើយកិត្តិស័ព្ទរបស់ប្អូនបានគេស្គាល់កាន់តែច្រើន។ កាន់តែល្បី ប្អូនហូវកាន់តែជក់ចិត្តជាមួយនឹងការបង្រៀនរាំ ម្ល៉ោះហើយក៏បានទៅបង្រៀនរាំនៅវត្តកោះទុង ស្រុកកូវឡាវយ៉ុង វត្តដៃតាសួស នៅស្រុកមីទូ និងវត្តបឹងទុង នៅទីរួមខេត្តវិញចូវជាដើម។ វត្តនីមួយៗ មានសិស្សចាប់ពី៥០ដល់១០០ នាក់ ក្នុងនោះ មានទាំងចាស់ក្មេង ប្រុសស្រី។
ក្រៅពីការងារការិយាល័យ ប្អូនហូវនៅទាំងរៀនចង្វាក់រាំរបស់ជនជាតិទាំង៣ គឺកិញ - ខ្មែរ - ចិន ដើម្បីបម្រើក្នុងព្រឹត្តិការណ៍ធំៗ របស់ខេត្តផងដែរ។ ដោយឡែកការបង្រៀនរាំនៅ មវត្ត គឺប្អូនហូវជ្រើសពេលរសៀលនិងពេលល្ងាច ទោះផ្លូវឆ្ងាយឬជិត ប្អូនតែងមានការរួមដំណើររបស់គ្រួសារ ពិសេសគឺលោកឪពុករបស់នាង។ នោះក៏ជាទំនុកចិត្ត និងកម្លាំងចលករជួយឱ្យប្អូនហូវ បោះជំហានដោយរឹងមាំលើវិស័យសិក្សានិងបង្រៀនរាំ។ ប្អូនហូវ ឱ្យដឹង៖ “ខ្ញុំសប្បាយចិត្តបំផុត នោះគឺបានឪពុកម្តាយគាំទ្រ ហេតុនោះវិស័យដែលខ្ញុំជ្រើសរើសតែងបានសម្រេចជោគជ័យជានិច្ច។ ចង្វាក់រាំរបស់ខ្មែរមានសម្បូរបែបណាស់ ម្ល៉ោះហើយ ខ្ញុំត្រូវសិក្សាស្រាវជ្រាវ និងមានគំនិតច្នៃប្រតិដ្ឋកាន់តែច្រើនថែមទៀត ដើម្បីបម្រើការបង្រៀនឱ្យកាន់តែល្អប្រសើរថែមទៀត។ ទន្ទឹមនឹងនោះ ផ្តោតលើការស្រាវជ្រាវថែមទៀតអំពីចង្វាក់រាំ ដើម្បីបង្រៀនប្អូនៗជំនាន់ក្រោយនិងព្រួតដៃគ្នាក្នុងការអភិរក្សវប្បធម៌អរូបីជាតិរបស់ជនជាតិ”៕
លីធាន-វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។