កម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងជួយសង្គ្រោះគ្រប់លំដាប់ថ្នាក់ នៅលើភូមិសាស្រ្តខេត្តបាកលីវ បានផ្សព្វផ្សាយនូវវិធានការបង្ការអគ្គិភ័យ និងផ្តល់អនុសាសន៍ដល់ប្រជាជន គប្បីលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នក្នុងការបង្ការ ពន្លត់អគ្គិភ័យក្នុងរដូវប្រាំង។
កម្លាំងនគរបាលហ្វឹកហ្វឺនវិធានការពន្លត់អគ្គិភ័យ និងជួយសង្គ្រោះនៅក្រុងបាកលីវ។
បច្ចុប្បន្ន កម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងជួយសង្គ្រោះនៃនគរបាលខេត្តបាកលីវ បានជំរុញការឃោសនា លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នរបស់ប្រជាជនក្នុងការបង្ការ ពន្លត់អគ្គិភ័យ ហ្វឹកហ្វឺន ណែនាំប្រជាជនអំពីវិធានការបង្ការអគ្គិភ័យ របៀបប្រើប្រាស់សម្ភារៈ និងឧបករណ៍ពន្លត់អគ្គិភ័យ និងរបៀបវិនិច្ឆ័យស្ថានការណ៍ គេចផុតពីគ្រោះថ្នាក់ពេលមានឧបទ្ទវហេតុអគ្គិភ័យកើតឡើង។ ទន្ទឹមនឹងនោះ បង្កើនការឃោសនាផ្សព្វផ្សាយតាមមធ្យោបាយព័ត៌មានមហាជន អ៊ីនធឺណិត បណ្តាញសង្គមអំពីដំណឹង អត្ថបទ បទពិពណ៌នាព្រមានអំពីហានិភ័យអគ្គិភ័យ និងវិធានការបង្ការ ពន្លត់អគ្គិភ័យជាដើម។ ឆ្លងតាមរយៈនោះ ជួយប្រជាជនយល់ដឹង ដើម្បីម្ចាស់ការបង្ការទប់ស្កាត់ហានិភ័យអគ្គិភ័យកើតឡើង។ លោកសើុងប៊ី នៅឃុំហឹងហោយ ស្រុកវិញឡើយ ឱ្យដឹង៖ “រដូវក្តៅហួតហែង ងាយនឹងកើតមានហានិភ័យ អគ្គិភ័យណាស់ ហេតុនោះ ទោះបីរស់នៅតំបន់ជនបទក៏ដោយ ប៉ុន្តែគ្រួសារខ្ញុំតែងប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ភ្លើងអគ្គិសនីនិងហ្គាសក្នុងជីវភាពប្រចាំថ្ងៃ។ ខ្ញុំតែងពិនិត្យឧបករណ៍ អគ្គិសនី ដកព្រីភ្លើងដែលមិនចាំបាច់ និងបិទឧបករណ៍ប្រើអគ្គិសនីពេលចេញពីផ្ទះ។ ពេលចម្អិនរួច ត្រូវបង្វិលបិទហ្គាសឱ្យជិត ដើម្បីកាត់បន្ថយអគ្គិភ័យឱ្យនៅកម្រិតទាបបំផុត។ បំផុត គឺមិនដុតសំរាមឬស្មៅស្ងួតនៅពេលថ្ងៃ ដើម្បីចៀសវាងភ្លើងឆេះរាលដាលចេញទៅកន្លែងផ្សេងទៀត”។
ទន្ទឹមនឹងនោះ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនិងជួយសង្គ្រោះនៃនគរបាលខេត្តបាកលីវ បានផ្តល់អនុសាសន៍៖ ប្រជាជនត្រូវពិនិត្យ សុវត្ថិភាពឧបករណ៍អគ្គិសនីជាប្រចាំ; មិនរក្សាទុកសារធាតុងាយឆាប់ឆេះនៅក្នុងផ្ទះ រៀបចំឱ្យមានចន្លោះសុវត្ថិភាពសម្រាប់បង្ការ ពន្លត់អគ្គិភ័យ មិនគប្បីប្រើឈើបន្ទះប្លាស្ទិក ឬស្នោបិទជញ្ជាំង ពិដានឬធ្វើជញ្ជាំងរាំងឡើយ។ មុនពេលចេញពីផ្ទះ ត្រូវតែពិនិត្យមើលកន្លែងចម្អិនអាហារនិងកន្លែងសក្ការៈ បិទឧបករណ៍អគ្គិសនី ដែលមិនចាំបាច់ ដាច់ខាតមិនដុតស្មៅ ឬសំរាមនៅពេលថ្ងៃត្រង់ ពេលមានខ្យល់ខ្លាំង មិនគប្បីដុតក្នុងពេលព្រមៗគ្នាលើផ្ទៃដីធំទូលាយឡើយ។ល។ ពេលមានអគ្គិភ័យត្រូវរកវិធីប្រកាសអាសន្នលឿនបំផុត ប្រើបំពង់ពន្លត់អគ្គិភ័យនៅនឹងកន្លែង ដើម្បីពន្លត់ភ្លើង ប្រសិនបើមានអគ្គិភ័យធំ ត្រូវហៅទូរស័ព្ទទៅនគរបាល បង្ការ ពន្លត់អគ្គិភ័យនិងជួយសង្គ្រោះតាមរយៈលេខ ១១៤ ឬនគរបាលដែលនៅជិតបំផុត ដើម្បីជួយបានទាន់ពេលវេលា។
លោកវរសេនីយ៍ឯកបម្រុង ម៉ាយវ៉ាន់ត្វឹង ប្រធានការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងជួយសង្គ្រោះនៃនគរបាលខេត្តបាកលីវ ឱ្យដឹង៖ “ក្នុងពេលអាកាសធាតុក្តៅហួតហែងដូច សព្វថ្ងៃនេះ បង្កប់នូវហានិភ័យកើតមានអគ្គិភ័យខ្ពស់ ដូច្នេះ អង្គភាពប្រចាំការបានត្រៀមទាំងយប់ទាំងថ្ងៃ ធានាកម្លាំងពន្លត់អគ្គិភ័យតាមកំណត់។ ទន្ទឹមនឹងនោះ គប្បីត្រួតពិនិត្យ សម្ភារៈ ឧបករណ៍បំពាក់ជាមួយរថយន្តពន្លត់អគ្គិភ័យ ដើម្បីម្ចាស់ការក្នុងការពន្លត់អគ្គិភ័យ និងជួយសង្គ្រោះពេលមានអគ្គិភ័យកើតឡើង”៕
យ្វីអាញ-វិមាន