យោងតាមគណៈកម្មាធិការជនជាតិ រយៈពេលកន្លង គ្រប់ស្ថាប័នវប្បធម៌មូលដ្ឋានតំបន់ជនរួមជាតិខ្មែរនៅណាមបូ ត្រូវបានយកចិត្តទុកដាក់វិនិយោគកសាង មានភាពសុក្រឹត ផ្សារភ្ជាប់ជាមួយនឹងការកសាងឃុំជនបទថ្មី ក្រុងស៊ីវិល័យ។ល។
ពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរនៅក្រុងកឹងធើ។
តាមស្ថិតិបណ្តោះអាសន្នរបស់គណៈកម្មាធិការជនជាតិ ទូទាំងតំបន់ណាមបូ បច្ចុប្បន្នមានអគារវប្បធម៌និងមជ្ឈមណ្ឌលវប្បធម៌សហគមន៍ជាង៣.៨២៥កន្លែង។ ក្រុមឃោសនាការចល័ត ក្រុមសិល្បៈមហាជន អគារប្រពៃណី ប្រៃសណីយ៍វប្បធម៌ឃុំ បណ្ណាល័យ ពិសេសគឺប្រព័ន្ធបណ្ណាល័យសាធារណៈនៅតាមវត្តខ្មែរនានា ត្រូវបានពង្រឹងនិងរក្សាសកម្មភាពជាប្រចាំ។ ភាគច្រើនវត្តខ្មែរនីមួយៗ ត្រូវបានបំពាក់មធ្យោបាយសោតទស្សន៍ (១០០% វត្តមានទូរទស្សន៍) ជាសារវន្តឆ្លើយតបទៅនឹងតម្រូវការលើកស្ទួយជីវភាពវប្បធម៌ស្មារតីដល់ជនរួមជាតិខ្មែរនៅតំបន់ជនបទ បំផុតគឺតំបន់ឆ្ងាយដាច់ស្រយាល។
ការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិត្រូវបានរក្សាតរៀងមក និងអភិវឌ្ឍពិធីបុណ្យវប្បធម៌ប្រវេណីដ៏ល្អប្រពៃ ត្រូវបានភូមិភាគតំបន់ជនរួមជាតិខ្មែរយកចិត្តទុកដាក់ និងបង្កលក្ខណសម្បត្តិរៀបចំជានិច្ច។ លោកផាមវ៉ាន់ហេវ អនុលេខាគណៈកម្មាធិការបក្សក្រុងកឹងធើ ឱ្យដឹង៖ រៀងរាល់ឆ្នាំ នាឱកាសបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិភាគបានចេញឯកសារ ចង្អុលការរៀបចំសកម្មភាពជាក់ស្តែងនិងមានអត្ថន័យជាច្រើន។ ទន្ទឹមនឹងនោះ រៀបចំពិធីជួបជុំប្រពៃណី សួរសុខទុក្ខ ប្រសិទ្ធពរនិងជូនអំណោយគ្រប់អង្គភាពសមាគមព្រះសាមគ្គីស្នេហាជាតិ វត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ អ្នកមុខអ្នកការ អ្នកមានប្រជាប្រិយ គ្រួសារគោលនយោបាយគំរូ គ្រួសារក្រីក្រជាជនជាតិខ្មែរ។ល។
នៅណាមបូ ទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរត្រូវបានរៀបចំ៣ឆ្នាំម្តង និងកំណត់ផ្លាស់វេនគ្នារៀបចំឡើងនៅតាមខេត្ត ក្រុង ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ ពិធីបុណ្យអកអំបុក - ប្រណាំងទូក-ងខេត្តសុកត្រាំង ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទទួលស្គាល់រៀបចំទ្រង់ទ្រាយថ្នាក់តំបន់វាលរាបទន្លេគឺវឡុង តាមការកំណត់២ឆ្នាំ/ម្តង។ ទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ជនជាតិខ្មែរនៅបណ្ដាខេត្តដូច៖គៀងយ៉ាង អាងយ៉ាង និងវិញឡុង ឬក៏សមោសរ សិល្បៈមហាជន និងពិធីប្រឡងបង្ហាញសម្លៀកបំពាក់ប្រពៃណីជនជាតិខេត្តសុកត្រាំងនិងត្រាវិញ ត្រូវបានរៀបចំរៀងរាល់ឆ្នាំ។ល។ បច្ចុប្បន្ន នៅណាមបូមានកេរដំណែលប្រវត្តិសាស្រ្តចំនួន៥៥កន្លែង វប្បធម៌តំបន់ជនជាតិខ្មែរត្រូវបានទទួលស្គាល់ រៀបចំណាត់ថ្នាក់; ក្នុងនោះ មានពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរចំនួន២ ត្រូវបានទទួលស្គាល់ជាកេរដំណែលអរូបីថ្នាក់ជាតិ។ ក្រៅពីនេះ ភូមិភាគនីមួយៗថែមទាំងឧបត្ថម្ភភ្លេងពិណពាទ្យដល់វត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ សំដៅពង្រីកតម្លៃវប្បធម៌សិល្បៈប្រកបដោយលក្ខណៈពិសេសរបស់ជនរួមជាតិទៀតផង។
ទន្ទឹមនឹងនោះ យោងតាមគណៈកម្មាធិការជនជាតិ រយៈពេលចាក់ផ្សាយនិងគុណភាពនៃការផ្សាយជាភាសាខ្មែរតាមកម្មវិធីវិទ្យុទូរទស្សន៍មជ្ឈិមនិងភូមិភាគ ត្រូវបានយកចិត្តទុកដាក់វិនិយោគ លើកកម្ពស់គុណភាពបម្រើជនរួមជាតិ។ ខេត្ត ក្រុងជាច្រើនក្នុងតំបន់មានកាសែតបោះពុម្ពនិងកាសែតអេឡិចត្រូនិកជាភាសាខ្មែរ ដូច៖ កាសែតកឹងធើភាសាខ្មែរ កាសែតសុកត្រាំង កាសែតត្រាវិញ។ល។ បន្តកែលម្អទាំងខ្លឹមសារ និងរូបភាព សំដៅផ្សព្វផ្សាយពីលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាំនាំផ្សព្វផ្សាយទាន់ពេលនូវគោលការណ៍ គោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋដល់តំបន់ជនរួមជាតិខ្មែរ។ល។ អាស្រ័យហេតុនោះ ធ្វើឱ្យជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរកាន់តែសម្បូរបែប ពង្រឹងបន្ថែមទំនុកចិត្តរបស់ជនរួមជាតិទៅលើការដឹកនាំរបស់បក្សនិងរដ្ឋ៕
ថាញឡុង-លីសៀ