05/02/2024 - 12:51

អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​គៀង​យ៉ាង

គៀង​យ៉ាង ជា​ខេត្ត​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​នៃ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ដើម្បី​បង្ក​លក្ខណ​សម្បតិ្ត​ងាយ​ស្រួល​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​អភិវឌ្ឍ​សេដ្ឋ​កិច្ច ខេត្ត​បាន​អនុវត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​និង​គម្រោង​ជា​ច្រើន​របស់​រដ្ឋ​ ក្នុង​នោះ មាន​ការ​ធ្វើ​ឱ្យ​សុក្រឹត​ហេដ្ឋា​រចនា​សម្ព័ន្ធ។

ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ឃុំ​ឌិញ​ហ្វា
 ស្រុកហ្គក្វាវ ត្រូវបានចាក់បេតុង។

យោង​តាម​ស្ថិតិ​របស់​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង គិត​ត្រឹម​ដំ​ណាក់​កាល​២០១៦​-២០២២ ខេត្ត​បាន​ឧបត្ថម្ភ ការ​ប្រ​កប​មុខ​របរ​ចិញ្ចឹម​ជីវិត​ដល់​ប្រ​ជា​ជន​៨៩៩ គ្រួ​សារ អនុ​វត្ត​គម្រោង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច អភិ​រក្ស​វប្ប​ធម៌​ចំ​នួន​៤៩ រៀប​ចំ​គម្រោង​តាំង​ទី​លំ​នៅ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​តាម​ឃុំ​តំ​បន់​ព្រំ​ដែន។ល។ មក​ដល់​ពេល​នេះ ហេដ្ឋា​រចនា​សម្ព័ន្ធ ជីវ​ភាព​របស់​ជន​រួម​ជាតិ​នៅ​តំ​បន់​ព្រំ​ដែន តំបន់​ជន​រួម​ជាតិ​ភាគ​តិច​មាន​ការ​ផ្លាស់​ថ្មី​យ៉ាង​ច្បាស់ ឃុំ​តំ​បន់​ព្រំ​ដែន​ទាំង​១០០%​មាន​ផ្លូវ​គមនា​គមន៍​ទៅ​ដល់​មជ្ឈ​មណ្ឌល​ឃុំ ភូមិ​លំ​បាក​ខ្លាំង​ទាំង​១០០%​មាន​ផ្លូវ​គមនា​គមន៍; ឃុំ​ទាំង​១០០%​មាន​សា​លា​រៀន​គ្រប់​កម្រិត​និង​ដំ​ណាក់​សុខា​ភិបាល។ល។ សរុប​ប្រ​ភព​ទុន​អនុវត្ត​លើ​ការ​វិនិយោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំ​បន់​លំ​បាក តំបន់​ព្រំ​ដែន​ទូទាំង​ខេត្ត​គឺ​១៣០​ពាន់​លាន​ដុង។ល។ ផ្តើម​ពី​នោះ ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ព្រំ​ដែន​មាន​ភាព​ផ្លាស់​ថ្មី​ជា​លំ​ដាប់។ ក្រៅ​ពី​នោះ ខេត្ត​នៅ​ទាំង​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​បាន​ជាង​៣០០​ខ្នង ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​ជូន​៦២​គ្រួ​សារ; កសាង​ស្ថា​នីយ ផ្គត់​ផ្គង់​ទឹក​ស្អាត​២​កន្លែង ឧបត្ថម្ភ​បា​សាំង​ទឹក​ជាង​២.០០០។ល។ ទន្ទឹម​នឹង​នោះ ក៏​បាន​ផ្តល់​ដី​ផលិត​កម្ម​ដល់​គ្រួសារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ​ដែល​គ្មាន​ដី​ឬ​ខ្វះ​ដី​ផលិត​នៅ​តំបន់​សេដ្ឋ​កិច្ច​ថ្មី​ចំ​នួន​២ គឺ​រ៉ុក​សី និង KH9 ​របស់​ស្រុក​យ៉ាង​ថាញ់។ល។

ផ្លូវពីស្ពានបេនញុឹកទៅកាន់ទីប្រជុំជនយ៉ុងរៀង

គៀង​យ៉ាង​ក៏​បាន​ផ្គួប​បញ្ចូល​នូវ​កម្ម​វិធី​និង​គម្រោង​ជា​ច្រើន ដើម្បី​ជួយ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​អភិវឌ្ឍ។ មក​ទល់​ពេល​នេះ មាន​៤២​/៤៩​ឃុំ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី ក្នុង​នោះ មាន​៤​ឃុំ​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់។ លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត ឱ្យ​ដឹង៖ នៅ​ឃុំ​ជន​បទ​ថ្មី ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ គឺ​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​មាន​កាព​រីក​ចម្រើន ការ​ងារ​អភិរក្ស​វប្ប​ធម៌​ក៏​ត្រូវ​បាន​ពង្រីក​ផង​ដែរ។

យោង​តាម​ប្រ​សាសន៍​លោក​ឡេ​មិញ​ខ្វា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ហ្គ​ក្វាវ ពេល​ហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​ការ​អភិវឌ្ឍ ជន​រួម​ជាតិ​ភាគ​តិច​មាន​លក្ខណ​សម្បត្តិ​បង្កើន​ប្រាក់​ចំ​ណូល ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ ផ្តើម​ពី​នោះ លក្ខ​ឋាន​ស្តី​ពី​គ្រួ​សារ​ក្រី​ក្រ​នៅ​ឃុំ​នានា ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ក៏​បាន​ថយ​ចុះ គុណ​ភាព​ជីវ​ភាព​រស់​នៅ​របស់​ជន​រួម​ជាតិ​ជា​ជំ​ហាន​ៗ​ត្រូវ​បាន​លើក​ស្ទួយ។ អ្នក​មីង​ធី​ស្វៀង នៅ​ឃុំ​ធ្វី​ឡេវ ស្រុក​ហ្គ​ក្វាវ ឱ្យ​ដឹង៖ “បើ​ប្រៀប​នឹង​ពី​មុន ការ​រស់​នៅ​របស់​ប្រ​ជា​ជន​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន។ ចាប់​តាំង​ពី​រដ្ឋ​បាន​ធ្វើ​ផ្លូវ​បេ​តុង​កាត់​ភូមិ ឃើញ​ថា​មា​មីង ក្នុង​ភូមិ​ខ្ញុំ ផ្ទះ​ណា​ក៏​មាន​ម៉ូតូ​សម្រាប់​ធ្វើ​ដំ​ណើរ​ទៅ​មក​ធ្វើ​ការ​រក​ស៊ី​និង​ជួញ​ដូរ​ដែរ”៕

                                      ហា​ថាញ-មុនី

ចែករំលែកអត្ថបទ