16/01/2024 - 09:07

ចលនា​កីឡា​កាន់​តែ​រីក​ចម្រើន​

ទន្ទឹម​នឹង​ការ​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​ វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ ខេត្ត​សុក​ត្រាំង​ ថែម​ទាំង​ជំ​រុញ​សកម្ម​ភាព​កីឡា​អប់​រំកាយ​ ដើម្បី​បង្កើត​សួន​កម្សាន្ត​ដ៏​មាន​ប្រ​យោជន៍​និង​លត់​ដំ​កាយ​សម្ប​ទា​ដល់​សិស្ស​សាលា។​

ម៉ោង​ហាត់​វិញ្ញា​សា​បាល់​ទះ​នៃ​សិស្ស​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង។

ឧត្តម​ភាព​រ​បស់​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ គឺសិស្ស​ស្នាក់​នៅ​ក្នុង​អន្តេ​វា​សិក​ដ្ឋាន​ ហើយ​សា​លា​ត្រូវ​បាន​វិនិ​យោគ​កសាង​ពហុ​កីឡដ្ឋាន​ ជា​សួន​កម្សាន្ត​ធា​នា​បាន​នូវ​សកម្ម​ភាព​កីឡា​ ទាក់​ទាញ​សិស្ស​ចូល​រួម​យ៉ាង​ច្រើន។​ រៀង​រាល់​ថ្ងៃ​ នៅ​ពេល​រសៀល​សិស្ស​ចូល​រួម​ហ្វឹក​ហាត់​លេង​កីឡា​ មាន​ដូច​៖ បាល់​ទាត់​រត់​ប្រ​ណាំង​លោត​ចម្ងាយ​ លោត​កម្ពស់​ បាល់​បោះ​និង​វាយ​សី​ជា​ដើម។​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ និង​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ​ សា​លា​តែង​រៀប​ចំ​សកម្ម​ភាព​សិល្បៈ​ កីឡា​និង​ល្បែង​ប្រ​ជា​ប្រិយ​ ដើម្បី​បង្កើត​សួន​កម្សាន្ត​ដ៏​មាន​ប្រ​យោជន៍​ ទាក់​ទាញ​សិស្ស​ចូល​រួម។​ ផ្តើម​ពី​នោះ​ ចលនា​កីឡា​អប់រំ​កាយ​របស់​សា​លា​កាន់​តែ​រីក​ចម្រើន​ ដូច្នេះ​ នៅ​រាល់​លើក​ចូល​រួម​សម​យុទ្ធ​កីឡា​ភូ​ដុង​ថ្នាក់​ខេត្ត​ សា​លា​តែង​ទទួល​បាន​រង្វាន់​លេខ​១​ទូទាំង​ក្រុម។​ លោក​គ្រូ​ឌាំង​ថាញ​វ៉ូវ បង្រៀន​វិញ្ញា​សា​កីឡា​ បាន​ឱ្យ​ដឹង៖ “តាំង​ពី​ដើម​ឆ្នាំ​សិក្សា​ សាលា​បាន​កសាង​ផែន​ការ​រៀប​ចំ​សកម្ម​ភាព​កីឡា​អប់រំ​កាយ​ អំ​ណរ​ថ្ងៃ​បុណ្យ​ធំ​ៗ​ប្រ​ចាំ​ឆ្នាំ​ ដើម្បី​ជួយ​សិស្ស​លត់​ដំ​ទាំង​សុខ​ភាព​ រឹត​ចំ​ណង​សាមគ្គី​ភាព​ និង​រួម​ចំ​ណែក​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​សិក្សា​ផង។​ នេះ​ក៏​ជា​ឱកាស​ដើម្បី​ប្អូន​ៗ​ពង្រីក​ទេព​កោ​សល្យ​ក្នុង​វិស័យ​កីឡា​អប់​រំកាយ​ ហើយ​ក៏​ជា​ឱកាស​ល្អ​សម្រាប់​សាលា​ពិនិត្យ​ជ្រើស​រើស​ សិស្ស​មាន​ទេព​កោ​សល្យ​ចូល​រួម​សម​យុទ្ធ​កីឡា​ភូដុង​ថ្នាក់​ខេត្ត​ផង​ដែរ”។​

ឆ្នាំ​២០២៣ វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ ទទួល​បាន​រង្វាន់​លេខ​១​ទូទាំង​ក្រុម​ សម្រាប់​វិញ្ញា​សា​អត្ត​ពល​កម្ម​ថ្នាក់​ខេត្ត។​ ក្នុង​នោះ​ ទទួល​បាន​មេ​ដាយ​មាស​១​គ្រឿង​ មេ​ដាយ​ប្រាក់​១​គ្រឿង​និង​មេ​ដាយ​សំ​រឹទ្ធ​៤​គ្រឿង។​ យុវ​តីសិស្ស​ ដឿង​ធីត្វៀក​ទ្រិញ សិស្ស​ថ្នាក់​ទី​១១ D ឱ្យ​ដឹង៖ “ពេល​សាលា​រៀប​ចំ​សកម្ម​ភាព​កីឡា​និង​ល្បែង​ប្រ​ជា​ប្រិយ​ម្តង​ៗ​ ទាក់​ទាញ​សិស្ស​ចូល​រួម​យ៉ាង​ច្រើន។​ ពិ​សេស​ បាន​មិត្ត​ភក្តិ​គាំ​ទ្រ​ដោយ​អស់​ពី​ចិត្ត​ បង្កើត​បរិយា​កាស​សប្បាយ​រីក​រាយ បង្កើន​ការ​សាមគ្គី​ ដើម្បី​ដណ្ដើម​យក​ជ័យ​ជម្នះ។​ នេះ​ក៏​ជា​ឱកាស​ដើម្បី​ពួក​ប្អូន​លត់​ដំ​សុខ​ភាព​ និង​លម្ហែ​អា​រម្មណ៍​ក្រោយ​ពី​ការ​សិក្សា។​ សព្វ​ថ្ងៃ​ ប្អូន​កំ​ពុង​ហាត់​វិញ្ញា​សា​អត្ត​ពល​កម្ម​ដើម្បី​ចូល​រួម​ប្រ​កួត​នៅ​សម​យុទ្ធ​កីឡា​ភូដុង​ថ្នាក់​ខេត្ត​ ឆ្នាំ​២០២៤”។​

តាម​ប្រ​សាសន៍​លោក​គ្រូ​ គឹម​ង៉យ នា​យក​រង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ ឱ្យ​ដឹង៖ ទន្ទឹម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អប់រំ វប្បធម៌​ បំ​ណិន​ជីវិត បំ​ណិន​ប្រ​ជុំ​ជីវ​ភាព​ក្នុង​អន្តេ​វា​សិក​ដ្ឋាន​ គឺការ​ងារ​អប់​រំកាយ​សម្បទា​និង​រៀប​ចំ​សកម្ម​ភាព​កីឡា​អប់រំ​កាយ​ក្រៅ​ម៉ោង​សិក្សា​ ក៏​ត្រូវ​បាន​សាលា​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់។​ ដើម្បី​បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​សិស្ស​រៀន​សូត្រ​ លត់​ដំ​ លើក​កម្ពស់​សុខ​ភាព​ មាន​ការ​លូត​លាស់​គ្រប់​ជ្រុង​ជ្រោយ​ទាំង​កាយ​សម្បទា​និង​សតិ​បញ្ញា។​ ជា​ច្រើន​ឆ្នាំ​កន្លង​ ពេល​ចូល​រួម​សម​យុទ្ធ​កីឡា​ភូដុង​ថ្នាក់​ខេត្ត​ សាលា​តែង​ទទួល​បាន​ចំ​ណាត់​ថ្នាក់​ខ្ពស់។​ ឆ្នាំ​២០២៣ ការ​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​អត្ត​ពលកម្ម​ ហែល​ទឹក​ និង​បាល់​បោះ​ដែល​ខេត្ត​រៀប​ចំ​ គឺ​សាលា​ទទួល​បាន​រង្វាន់​លេខ​១ទូទាំង​ក្រុម។​ បច្ចុប្បន្ន​ សាលា​កំ​ពុង​ហ្វឹក​ហាត់​ដល់​សិស្ស​៤៧​នាក់ ដើម្បី​ចូល​រួម​សមយុទ្ធ​កីឡា​ភូដុង​ថ្នាក់​ខេត្ត​នា​ពេល​ខាង​មុខ៕​              

                                            លីធាន​-មុនី​

ចែករំលែកអត្ថបទ