យោងតាមនាយកដ្ឋានពន្ធដារក្រុងកឹងធើ រយៈពេលថ្មីៗនេះ នាយកដ្ឋានពន្ធដារក្រុងទទួលបានមតិប្រតិកម្មរបស់អ្នកបង់ពន្ធ ពីការដែលមុខសញ្ញាមួយចំនួនក្លែងបន្លំជាកម្មាភិបាលពន្ធដារ ទាក់ទងទៅអាជីវកម្ម អង្គការ អង្គភាព គ្រួសារ បុគ្គល ហើយសំណូមពរអ្នកបង់ពន្ធដំឡើងផ្នែកទន់ក្លែងបន្លំកម្មវិធីរបស់ស្ថាប័នពន្ធដារ ដើម្បីណែនាំធ្វើបច្ចុប្បន្នភាពព័ត៌មានលេខកូដពន្ធដារ បង់ពន្ធតាមអេឡិចត្រូនិក ទទួលបានអាទិភាពអំពីពន្ធជាដើម។ នេះជាសកម្មភាពរបស់មុខសញ្ញា ឆបោក ក្លែងបន្លំ យកឈ្មោះរបស់ស្ថាប័នពន្ធដារ ដើម្បីលួចយកព័ត៌មានឯកជន ព័ត៌មានគណនី ធនាគារ សំដៅកិបកេងទ្រព្យសម្បត្តិ។
រូបថតកម្មវិធីក្លែងក្លាយផ្នែកពន្ធដារ ដើម្បីឆបោកយកទ្រព្យសម្បត្តិ។
នាយកដ្ឋានពន្ធដារក្រុង មិនបានទាក់ទងផ្ទាល់ទៅអ្នកបង់ពន្ធដើម្បីសំណូមពរដំឡើងកម្មវិធី ក្រៅផ្នែកពន្ធដារទេ។ ពេលមានគោលនយោបាយ ពន្ធដារថ្មីដាក់ចេញ នាយកដ្ឋានពន្ធដារនឹងផ្ញើលិខិតណែនាំ ផ្សព្វផ្សាយតាមរយៈអាសយដ្ឋាន អីុម៉ែលរបស់អ្នកបង់ពន្ធ និងចុះផ្សាយលើគេហទំព័រនាយកដ្ឋានពន្ធដារ ដើម្បីអ្នកបង់ពន្ធបានដឹង និងអនុវត្ត។ អាស្រ័យហេតុនោះ អ្នកបង់ពន្ធ ដាច់ខាតមិនត្រូវទាញយក ឬដំឡើងកម្មវិធីសម្រាប់កំព្យូទ័រ ទូរស័ព្ទឆ្លាតវៃតាមរយៈតំណភ្ជាប់ដែលមិនមែនអគ្គនាយកដ្ឋានពន្ធដារជាអ្នកផ្ដល់ឡើយ។ ទន្ទឹមនឹងនោះ មិនត្រូវអនុញ្ញាតឱ្យបុគ្គលណាម្នាក់ចូលដំណើរការលើកំព្យូទ័រ ឬទូរស័ព្ទ ដើម្បីជំនួយដំឡើងផ្នែកទន់នៃកម្មវិធីជាដាច់ខាត។
កម្មវិធីរបស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវបានផ្ដល់តាមអាសយដ្ឋានដូចខាងក្រោម៖ កម្មវិធីជំនួយការប្រកាសពន្ធត្រូវបានផ្ដល់ជូននៅលើគេហទំព័រព័ត៌មានរបស់ផ្នែកពន្ធដារ មានអាសយដ្ឋាន https://www.gdt.gov.vn; ច្រកទ្វារសេវាកម្មពន្ធដារអេឡិចត្រូនិក មានអាសយដ្ឋាន https://thuedientu.gdt.gov.vn; កម្មវិធីអានឯកសារពន្ធដារ XML (iTaxviewer) ត្រូវបានផ្ដល់ជូនតាមច្រកទ្វារសេវាកម្មពន្ធដារអេឡិចត្រូនិក មានអាសយដ្ឋាន https://thuedientu.gdt.gov.vn; កម្មវិធី eTax Mobile ត្រូវបានផ្ដល់ជូននៅលើ Google Play (សម្រាប់ឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android) និង Apple Store (សម្រាប់ឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ IOS)។ កម្មវិធីដំឡើង eSigner ត្រូវបានផ្ដល់ជូននៅនឹងច្រកទ្វារសេវាកម្មពន្ធដារអេឡិចត្រូនិក មានអាសយដ្ឋាន https://thuedientu.gdt.gov.vn; កម្មវិធីដំឡើង Plugin វិក្ក័យបត្រអេឡិចត្រូនិក ត្រូវបានផ្ដល់ជូននៅនឹងច្រកទ្វារសេវាកម្មពន្ធដារអេឡិចត្រូនិក https://hoadondientu.gdt. gov.vn។ នៅពេលអ្នកបង់ពន្ធមានតម្រូវការឆ្លើយបំភ្លឺការចម្ងល់អ្វីមួយពីគោលនយោបាយពន្ធ គប្បីទំនាក់ទំនងនឹងស្ថាប័នពន្ធដារដោយផ្ទាល់ដើម្បីកម្មាភិបាលពន្ធដារជួយនិងណែនាំ។ល។៕
កាសែតកឹងធើ - ប្រែសម្រួល៖ ថាច់ធី