មានគ្រួសារជនជាតិខ្មែរជាច្រើននៅខេត្តសុកត្រាំង បានឆ្លងកាត់ការលំបាកដើម្បីចិញ្ចឹមកូនរៀនសូត្របានត្រឹមត្រូវ។ តួយ៉ាងដូចបងស្រីត្រឹងធីសាផា នៅភូមិសុកបឹង ឃុំថាញ់ភូ ស្រុកមីស្វៀង និងពូថាច់សឿន នៅភូមិតឹងហ្វី B ឃុំតឹងហឹង ស្រុកឡុងភូ។
ប្ដីប្រពន្ធពូសឿនមោទនភាពចំពោះកូនៗ។
ប្ដីស្លាប់តាំងពីកូន ៤ នាក់នៅតូចៗ ប៉ុន្តែបងស្រីសាផា នៅតែប្ដេជ្ញាចិត្តចិញ្ចឹមកូនៗរៀនសូត្របានត្រឹមត្រូវ។ បងស្រីសាផា ឱ្យដឹង៖ “ប្ដីខ្ញុំមុនពេលស្លាប់បានផ្ដាំខ្ញុំត្រូវខិតខំ គិតគូរឱ្យកូនៗរៀនសូត្រ ពីព្រោះមានតែចំណេះវិជ្ជាទេ ទើបជួយកូនៗចាកផុតពីភាពក្រីក្រ មានអនាគតល្អប្រសើរ។ ព្រោះហេតុនោះ ទោះបីលំបាកហត់នឿយយ៉ាងណាក៏ដោយ ខ្ញុំតែងប្ដេជ្ញាចិត្តចិញ្ចឹមកូនៗរៀនសូត្រឱ្យបានល្អដែរ”។ ជាមួយនឹងការប្ដេជ្ញាចិត្តនោះ បងស្រីសាផា តែងស៊ូទ្រាំហត់នឿយដាំដំណាំរួមផ្សំ ចិញ្ចឹមជ្រូក បកបង្គាបង្កងជាដើម។ល។ ដើម្បីរកប្រាក់គិតគូរឱ្យកូនៗស៊ីរៀន។ ដោយយល់ពីទុក្ខលំបាករបស់ម្ដាយ ទើបកូនៗរបស់គាត់ទាំង ៤ នាក់ខិតខំប្រឹងប្រែងរៀនសូត្រ ហើយបានចូលរៀនអនុមហាវិទ្យាល័យ មហាវិទ្យាល័យជាបន្តបន្ទាប់។ បច្ចុប្បន្ន កូនទាំង ៤ នាក់របស់បងស្រី ខ្លះក្លាយជាលោកគ្រូ អ្នកគ្រូនិងវេជ្ជបណ្ឌិត។ បងស្រីសាផា ឱ្យដឹង៖ “បច្ចុប្បន្ន កូនៗខ្ញុំមានការងារធ្វើ រកបានប្រាក់ចំណូលលំនឹង ជីវភាពធូរធារនិងចេះគោរពដឹងគុណ ម្ល៉ោះហើយ នេះគឺជាក្ដីរីករាយនិងសុភមង្គលធំបំផុត។ ខ្ញុំរឹតតែរីករាយជាងទៀត ខណៈពេលឃើញចៅៗក៏កំពុងតែចូលរៀនមហាវិទ្យាល័យជាបន្តបន្ទាប់”។
សិស្សានុសិស្សជនជាតិខ្មែរនៅអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកមីស្វៀង។
ពូថាច់សឿន ក៏ជាគ្រួសារគំរូមួយ ដោយមានកូន ៦ នាក់រៀនសូត្របានត្រឹមត្រូវ។ តាមប្រសាសន៍ពូសឿន មុននេះ ពេលឃើញពូគិតគូរឱ្យកូនរៀនសូត្រ មានអ្នកខ្លះនិយាយចំអកថា ក្រមិនគិត បែរជាស្រមើស្រមៃឱ្យកូនធ្វើមន្រ្តី។ ទោះជាដូច្នោះក្ដី ពេលកូនៗចូលរៀនមហាវិទ្យាល័យជាបន្តបន្ទាប់ ពូសឿនកាន់តែប្ដេជ្ញាចិត្តដើម្បីគិតគូរឱ្យកូនៗរៀនសូត្របានត្រឹមត្រូវ។ ប្ដីប្រពន្ធពូសឿនធ្វើស្រែ ចិញ្ចឹមជ្រូក គួបផ្សំជាមួយនឹងការបិតស្រា ដាំបន្លែបង្ការ និងធ្វើការឈ្នួលដើម្បីរកប្រាក់ចំណូល។ អស់ពីរដូវស្រូវ ក៏ទៅប្រមូលចំបើងលក់ឱ្យក្រុមហ៊ុនស្ករអំពៅ ដកជញ្ជ្រាំងបណ្ដុះផ្សិតចំបើង ទៅអូសអញ្ចង រកបង្គា ត្រី លក់យកប្រាក់គិតគូរឱ្យកូនរៀនសូត្រ។ ពូសឿន ឱ្យដឹង៖ “តាំងពីថ្ងៃកូនរៀនមហាវិទ្យាល័យ គ្រួសារខ្ញុំតែងហូបបាយច្របល់ជាមួយដំឡូង មិនសូវមានពេលបាយឆ្ងាញ់នោះទេ។ រាល់ពេលដែលកូនៗមកផ្ទះក៏ប្រឹងទិញ សាច់មកចម្អិនម្ហូបអាហារយ៉ាងឆ្ងាញ់ឱ្យកូនៗហូប ដើម្បីឱ្យកូនៗមើលឃើញឪពុកម្ដាយហូបគ្រប់គ្រាន់ហើយនឹងនរចិត្តរៀនសូត្រ។ ចំណែកប្រាក់កាសផ្ដល់ឱ្យកូនរៀនសូត្រវិញ គឺទ្រព្យរបស់ដែលមានតម្លៃក្នុងផ្ទះក៏យកទៅលក់អស់ សូម្បីកាវអនុស្សាវរីយ៍របស់ប្រពន្ធខ្ញុំក៏យកលក់ដែរ រហូតដល់គ្មានសល់អ្វីលក់ទៀត ក៏ទៅបុលខ្ចីគេគ្រប់ទីកន្លែង ដល់រដូវស្រែចម្ការទៅធ្វើឈ្នួលសងគេវិញ។ ពីព្រោះមានតែវិធីគិតគូរឱ្យកូនរៀនសូត្រទេ ទើបមានអាជីពលំនឹង អាចសង្ឃឹមថាកូនចាកផុតពីភាពក្រលំបាកបាន”។
ដោយយល់ពីការនឿយហត់លំបាករបស់ឪពុកម្ដាយ កូនៗរបស់គាត់ទាំង ៦ នាក់តែងប្រឹងប្រែងព្យាយាមរៀនសូត្រ ដើម្បីប្រឡងយកសញ្ញាប័ត្រមហាវិទ្យាល័យ ក្នុងនោះ មានកូន ៤ នាក់រៀនដល់កម្រិតបរិញ្ញាបត្រ។ ពូសឿន ឱ្យដឹង៖ “ឥឡូវនេះ ការនឿយហត់របស់ប្ដីប្រពន្ធខ្ញុំត្រូវបានតបស្នង ពីព្រោះកូនៗខ្ញុំសុទ្ធតែរៀនសូត្របានត្រឹមត្រូវនិងចេះគោរពដឹងគុណឪពុកម្ដាយ។ ព្រោះហេតុនោះ ខ្ញុំមានបំណងផ្ដាំផ្ញើទៅកាន់ឪពុកម្ដាយទាំងឡាយ គប្បីគិតគូរឱ្យកូនចៅរៀនសូត្រ ព្រោះមានតែចំណេះវិជ្ជាទេ ទើបអាចជួយឱ្យកូនផ្លាស់ប្ដូរជីវិត និងមានអនាគតភ្លឺស្វាង”៕
យ្វីអាញ - ថាច់ធី