បើប្រៀបជាមួយនឹងខេត្ត ក្រុងផ្សេងៗនៅវាលរាបទន្លេគឺវឡុង ខេត្តគៀងយ៉ាង មានឧត្តមភាពច្រើនខាងលក្ខណៈធម្មជាតិ ដើម្បីពិពិធកម្មផលិតផលទេសចរណ៍។ ក្នុងនោះ ផលិតផលទេសចរណ៍ បែបជំនឿសាសនា កំពុងទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទី។
ទីសក្ការបូជាលោកង្វៀងទ្រុងត្រឹក គឺជាទីតាំងទេសចរណ៍បែបជំនឿសាសនា
មិនអាចចោលរំលងពេលមកកាន់ក្រុងរ៉ាច់យ៉ា។
ទីសក្ការបូជាយិញកូវ នៅក្រុងភូក្វឹកទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
ទីបញ្ចុះសពអុងណាមហាយ នៅហងសើុង ទាក់ទាញភ្ញៀវទេសចរច្រើន
កុះករក្នុងពិធីបុណ្យង៉ិនអុង។
ដោយមានទាំងព្រៃភ្នំ និងសមុទ្រ ម្ល៉ោះហើយរយៈពេលកន្លង ផលិតផល ទេសចរណ៍របស់ខេត្តគៀងយ៉ាង ត្រូវបានអភិវឌ្ឍដោយផ្អែកលើលក្ខណៈងាយស្រួលទាំងនេះ។ ពេលនិយាយពីខេត្តគៀងយ៉ាង ភ្ញៀវទេសចរតែងនឹកដល់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ក្រុងភូក្វឹក មណ្ឌលសម្រាកលម្ហែកាយ លំដាប់ផ្កាយ ៥ នៅក្បែរឆ្នេរសមុទ្រជាដើម។ ក្រៅពីផលិតផលទេសចរណ៍លំដាប់ខ្ពស់គៀងយ៉ាងក៏ទាក់ទាញជាមួយនឹងជើងទេសចរណ៍សាមញ្ញៗផងដែរ។ តួយ៉ាងដូចងូតទឹកសមុទ្រនៅបាហងដឹម ស្វែងយល់កោះហងសើុង ប្រជុំកោះណាមយូ កោះហាយតាក់។ល។ នៅគោលដៅទាំងនេះ សុទ្ធតែមានឆ្លងកាត់បទពិសោធន៍មុជទឹកសមុទ្រទស្សនាផ្កាថ្ម ស្ទូចត្រីមឹកនៅពេលយប់ និងងូតទឹកសមុទ្រនៅតាមឆ្នេរសមុទ្រដែលនៅរហោឋានជាដើម។ ងូតទឹកសមុទ្រ ឡើងភ្នំ ស្វែងយល់ព្រៃអ៊ូមិញធឿង។ល។ គឺជាផលិតផលទេសចរណ៍ដែលបង្កើតបានជារូបរាងរបស់ខេត្តគៀងយ៉ាង ហើយទាក់ទាញភ្ញៀវទេសចររាប់លានលើកនាក់ជារៀងរាល់ឆ្នាំ។ ថ្វីដ្បិតដូច្នេះក្តី ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនជាងទៀត រយៈពេលកន្លង ខេត្តគៀងយ៉ាង បានប្រមូលផ្តុំអភិវឌ្ឍទេសចរណ៍បែបជំនឿសាសនាទៀតផង។
យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ខេត្តគៀងយ៉ាង ទូទាំងខេត្តមានកេរដំណែលប្រវត្តិសាស្រ្តវប្បធម៌ និងកេរដំណែលរមណីដ្ឋានជាង ១៦០ កន្លែង។ល។ កេរដំណែលនីមួយៗ សុទ្ធសឹងមានតម្លៃវប្បធម៌ ផ្សារភ្ជាប់ជាមួយនឹងដំណើរការកកើត និងអភិវឌ្ឍន៍របស់តំបន់ដីដែលមានលក្ខណៈសម្បូរបែប ដិតដាមទៅដោយប្រវេណីរបស់ខេត្តគៀងយ៉ាង។ ព្រោះហេតុនោះ ផ្នែកទេសចរណ៍ខេត្តគៀងយ៉ាង មានគំនិតថា ឆ្លងតាមរយៈការរៀបចំពិធីបុណ្យនិងទេសចរណ៍នេះ ភ្ញៀវទេសចរកាន់តែយល់ច្បាស់ជាងទៀតអំពីប្រវេណីស្នេហាជាតិ ការពលីកម្មរបស់បុព្វបុរសយើង។ល។ តួយ៉ាងដូច ពិធីបុណ្យង្វៀងទ្រុងត្រឹក ឬហៅថាពិធីបុណ្យនៅទីសក្ការបូជាលោកង្វៀង បានប្រារព្ធឡើងចាប់ពីថ្ងៃទី ២៦-២៨ ខែ ៨ (ចន្ទគតិវៀតណាម) រៀងរាល់ឆ្នាំ ទាក់ទាញភ្ញៀវទេសចររាប់រយពាន់លើកនាក់នៅគ្រប់ខេត្ត ក្រុង មកកាន់ទីសក្ការបូជាង្វៀងទ្រុងត្រឹក នៅសង្កាត់វិញថាញ ក្រុងរ៉ាច់យ៉ា ដើម្បីធ្វើសក្ការបូជាលោក។ ង្វៀងទ្រុកត្រឹក គឺជាវីរបុរសជាតិ ហើយពិធីបុណ្យនៅទីសក្ការបូជាលោកង្វៀង បានក្លាយជាពិធីបុណ្យថ្នាក់ជាតិ។ នៅក្រុងហាតៀង មានទីតាំងទេសចរណ៍បែបជំនឿសាសនាជាច្រើន ដូចជា៖ វត្តភូយុង វិហារត្រកូលម៉ាក វត្តតៀងសើុងស្ថិតនៅក្នុងគុហា។ល។ បានទាក់ទាញភ្ញៀវទេសចរមកទស្សនាច្រើនកុះករ។ ប្រសិនបើភ្ញៀវទេសចរមកកាន់ហាតៀង ក្នុងរង្វង់ពាក់កណ្តាលខែ ២ (ចន្ទគតិវៀតណាម) រៀងរាល់ឆ្នាំ នឹងបានចូលរួមពិធីបុណ្យកីអៀង នៅទីសក្ការបូជាអាទិទេពថាញ់ហ្វាង ដ៏ឱឡារិកអធិកអធម៕
ហាថាញ-វិមាន