ប៉ុន្មានឆ្នាំជិតៗនេះ មុខមាត់ជនបទ ពិសេសគឺតំបន់ជនរួមជាតិខ្មែរនៅខេត្តត្រាវិញ មានភាពប្ដូរផ្លាស់ជាវិជ្ជមាន។ ឃុំតភ្ជាប់ឃុំដោយផ្លូវរថយន្ត ភូមិតភ្ជាប់ភូមិ ដោយផ្លូវបេតុង ផ្លូវដាន។ល។ ផ្តើមពីនោះ ជីវភាពរបស់ជនរួមជាតិកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ នោះគឺជាសមិទ្ធផលដែលខេត្តត្រាវិញអនុវត្តបានល្អនូវគោលនយោបាយជនជាតិ ពិសេសគឺអនុវត្តគោលការណ៍អភិវឌ្ឍន៍លើគ្រប់វិស័យនៅតំបន់ជនរួមជាតិខ្មែរ។
ជ្រុងមួយនៃជនបទដែលមានជនរួមជាតិខ្មែររស់នៅកុះករនៅស្រុកចូវថាញ់
ខេត្តត្រាវិញ។ រូប៖ ម៉ាល័យ
ខ្ញុំមានមិត្តម្នាក់កាលនៅរៀនមហាវិទ្យាល័យ សព្វថ្ងៃកំពុងបំពេញការងារនៅខេត្តត្រាវិញ នោះគឺមិត្តគៀងរត្ន។ មិត្តខ្ញុំឧស្សាហ៍ហៅខ្ញុំ៖ “មកត្រាវិញលេងម្តងទៅ! ឥឡូវផ្លូវថ្នល់ងាយស្រួលមកណាស់! រថយន្តមកដល់ផ្ទះខ្ញុំតែម្តង ។ល។”។ ខ្ញុំនៅចាំកាលឆ្នាំ ១៩៩៧ ជាឆ្នាំចុងក្រោយនៃសម័យរៀនមហាវិទ្យាល័យ យើងខ្ញុំមានឱកាសទៅលេងផ្ទះមិត្តគៀងរត្ន នៅឃុំតឹបសើុង ស្រុកថ្កូវ។ កាលនោះ យើងខ្ញុំមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះស្ថានភាពលំបាកលំបិន បំផុតគឺការធ្វើដំណើរទៅមក (កាលនោះ ផ្លូវចូលផ្ទះមានតែផ្លូវដី) នៅឯស្រុកកំណើត មិត្តខ្ញុំកំពុងរស់នៅ។ ពេលរៀនចប់ហើយក៏បាត់សូន្យឈឹងមួយរយៈ លុះដល់ឆ្នាំ ២០១៩ ដោយចៃដន្យខ្ញុំបានជួបគៀងរត្ន នៅក្រុងកឹងធើ។ ទើបខ្ញុំបានដឹងថា មិត្តខ្ញុំ-ក្រោយពីរៀនចប់ ក៏បានទៅធ្វើការនៅក្រុងហូជីមិញ ហើយមួយរយៈក្រោយក៏សម្រេចចិត្តវិលមកស្រុកវិញ រួចធ្វើការនៅធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកថ្កូវ។ “... ដោយបានរដ្ឋយកចិត្តទុកដាក់អន្ទងអគ្គិសនី កសាងផ្លូវ។ល។ ម្ល៉ោះហើយស្រុកកំណើតខ្ញុំអភិវឌ្ឍរៀងរាល់ថ្ងៃ។ ងាយស្រួលក្នុងការធ្វើដំណើរទៅមក ងាយស្រួលលក់ដូរ។ល។ ម្ល៉ោះហើយខ្ញុំសម្រេចចិត្តវិលមកស្រុកកំណើត។ ឥឡូវជីវភាពគ្រួសារខ្ញុំ ក៏ដូចជាមាមីងខ្មែរដទៃទៀតបានធូរធារជាងមុនច្រើនណាស់” មិត្តគៀងរត្ន បានឱ្យដឹងដូច្នេះ។
ត្រាវិញជាខេត្តមានជនរួមជាតិខ្មែររស់នៅកុះករបំផុតក្នុងទូទាំងប្រទេស ដោយមានចំនួនប្រជាជនជិត ៣២%។ ហេតុនោះ ការអភិវឌ្ឍលើកកម្ពស់ជីវភាពតំបន់ជនរួមជាតិខ្មែរ តែងបានទូទាំងប្រព័ន្ធនយោបាយខេត្តយកចិត្តទុកដាក់។ ក្នុងនោះ មានគោលការណ៍ជាច្រើនបានចាត់ទុកថា ជាការកំណត់នយោបាយ ដើម្បីអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៅតំបន់ជនរួមជាតិខ្មែរ។ តួយ៉ាងដូច៖ បន្ទាប់ពីបង្កើតខេត្តឡើងវិញភ្លាម គណៈប្រតិបត្តិការនៃគណៈកម្មាធិការបក្សខេត្ត បានប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្តលេខ ០១ -NQ/TU ចុះថ្ងៃទី ១៣ ខែតុលា ឆ្នាំ ១៩៩២ ស្តីពីការងារនៅតំបន់ជនរួមជាតិខ្មែរ; សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០០៣ ស្តីពីការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៅតំបន់ជនរួមជាតិខ្មែរ; សេចក្តីសម្រេចចិត្តលេខ ០៣-NQ/TU ចុះថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១១ ស្តីពីការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៅតំបន់ជនរួមជាតិខ្មែរ ដំណាក់កាល ២០១១-២០២៥; សេចក្តី សន្និដ្ឋានលេខ ០១-LK/TU ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៦ ស្តីពីបន្តការអនុវត្តសេចក្តីសម្រេចចិត្តលេខ ០៣-NQ/TU។ល។ លោក ថាច់មុនី អនុប្រធានគណៈជនជាតិខេត្តត្រាវិញ ឱ្យដឹង៖ បញ្ជ្រាបនូវខ្លឹមសារនៃសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋានផែនការរបស់គណៈប្រតិបត្តិការនៃគណៈកម្មាធិការបក្សខេត្ត ក៏ដូចជាបទបញ្ជា កម្មវិធី ផែនការធ្វើឱ្យជាក់ស្តែងរបស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ គ្រប់ថ្នាក់ គ្រប់ផ្នែកក្នុងខេត្ត បានសកម្មផ្សព្វផ្សាយអនុវត្ត មានប្រសិទ្ធភាពនូវគោលនយោបាយ កម្មវិធី គម្រោងក្នុងតំបន់ជនរួមជាតិខ្មែរ បង្កបានភាពវិវឌ្ឍជាវិជ្ជមានគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។ល។ រាប់រយសំណង់ គម្រោងកសាងស្ពាន ផ្លូវគមនាគមន៍ជនបទនៅលើភូមិសាស្រ្តខេត្ត ត្រូវបានកសាងជាមួយនឹងថវិការាប់ពាន់ពាន់លានដុង។ មានប្រជាជនរាប់សិបពាន់គ្រួសារ ក្នុងនោះមានជនរួមជាតិខ្មែរ បានប្រើប្រាស់អគ្គិសនីជាប្រចាំ សុវត្ថិភាព ។ល។ អត្រាគ្រួសារជនរួមជាតិខ្មែរក្រីក្រ ដំណាក់កាល ២០១៦ - ២០២០ ថយចុះនៅតែ ១៩,៩១% (ថយចុះស្មើនឹង ១៦.៨៩៣ គ្រួសារ) ថយចុះមធ្យមភាគជិត ៤%/ឆ្នាំ។ល។ លទ្ធផលនេះ លោកគឹមង៉ុកថាយ អនុលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញ៖ សេដ្ឋកិច្ច-សង្គមតំបន់មានជនរួមជាតិខ្មែររស់នៅកុះករក្នុងខេត្តបានលំនឹង និងអភិវឌ្ឍន៍។ គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បានប្រកាសឱ្យប្រើសមស្របជាមួយនឹងស្ថានភាពជាក់ស្តែង ពិសេសគឺគោលនយោបាយជនជាតិ គោលនយោបាយសុខុមាលភាពសង្គម បង្កបរិយាកាសសប្បាយរីករាយក្នុងជនរួមជាតិ។
ទោះជាលទ្ធផលគួរជាទីរីករាយក៏ពិតមែន ប៉ុន្តែការអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរនៅខេត្តត្រាវិញ នៅតែមានការខ្វះខាតជាដាច់ខាត។ ព្រោះហេតុនោះ ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ គណៈកម្មាធិការបក្សខេត្តត្រាវិញ បានប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU ស្តីពីបន្តការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៅតំបន់ជនរួមជាតិខ្មែរ ដំណាក់កាល ២០២១-២០២៥ កំណត់ទិសដល់ឆ្នាំ ២០៣០។ សេចក្តីសម្រេចចិត្តដើម្បីបន្តអនុវត្តល្អនូវគោលនយោបាយ ធានាសមភាពជនជាតិ សាមគ្គីភាព ការគោរព ជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍ។
***
មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ ២០២២ ខ្ញុំមានឱកាសមកកាន់ផ្ទះមិត្តគៀងរត្ន។ ខ្ញុំនៅចាំបានពេលនិយាយពីរឿងនេះ មិត្តខ្ញុំ “និយាយមិនចេះចប់” ជាមួយនឹងខ្ញុំអំពីភាពផ្លាស់ថ្មីយ៉ាងរហ័សរបស់ស្រុកកំណើត។ ផ្ទះសម្បែង សាលារៀន ដំណាក់សុខាភិបាល ។ល។ នៅតំបន់ជនរួមជាតិខ្មែរបានកសាងសមរម្យ។ ផ្លូវគមនាគមន៍ចូលកាន់ភូមិស្រុកបានក្រាលបេតុងរួចរាល់ និងភ្លឺស្រឡះ បៃតង ជ្រះស្អាត។ ឃើញច្បាស់នូវប្រការនេះ ខ្ញុំជឿជាក់ថា សមិទ្ធផលដែលខេត្តត្រាវិញបានកសាងច្រើនឆ្នាំកន្លងសម្រាប់តំបន់ជនរួមជាតិខ្មែរ ពិតជានឹងរីកសាយភាយ និងមានភាពជោគជ័យច្រើនថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ៕
ហាត្រេវ-វិមាន