11/04/2022 - 16:59

ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​

តាម​ប្រ​សាសន៍​លោក​ត្រឿង​សុវី ប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ខណ្ឌ​អូរ​ម៉ូង​ ក្រុង​កឹង​ធើ ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ កំ​ពុង​តែត្រៀម​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ២០២២ ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​ សុខ​ដុមរមនា។​

ពុទ្ធ​បរិស័ទ​វត្ត​សង្វរពោធិញ្ញាណ​មក​ជួយ​ដណ្ដាំ​ស្ល។​

ពុទ្ធ​បរិស័ទ​វត្ត​សង្វរ​ពោធិញ្ញាណ រួម​គ្នា​ជួយ​រៀប​ចំ​វត្ត​អា​រាម​ត្រៀម​បម្រុង​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។​

ពីរ​សប្តាហ៍​នេះ​ បង​លីតឺ នៅ​មណ្ឌល​ប៊ិញឡើយ​ សង្កាត់​ទ្រឿង​ឡាក ខណ្ឌ​អូរម៉ូង​ មិន​ទទួល​ការ​ងារ​ធ្វើ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ទេ ដើម្បី​ឆ្លៀត​ពេល​ទៅ​ជួយ​រៀប​ចំ​តុបតែង​ លាប​ពណ៌​ កន្លែង​មួយ​ចំ​នួន​នៅ​វត្ត​សង្វរ​ពោធិញ្ញាណ បង​តឺ ឱ្យ​ដឹង​៖ “ក្រោយ​ពីផុត​គម្លាត​សង្គម​ កិច្ច​ការ​ជាង​សំ​ណង់​មាន​ច្រើន​ណាស់​។​ ខ្ញុំ​ធ្វើ​គ្មាន​ថ្ងៃ​ឈប់​សម្រាក​ទេ។​ ធ្វើ​ច្រើន​ យើង​ក៏​ទទួល​បាន​លុយ​ច្រើន​ ដើម្បី​បំ​ពេញ​ការ​ខ្វះ​ខាត​រយៈ​ពេល​គម្លាត​សង្គម​។​ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​ជម្រាប​ដល់​ម្ចាស់​ម៉ៅ​ការ​ផង​ដែរ​ថា​ ខ្ញុំ​សុំ​សម្រាក​ចុង​សប្ដាហ៍​ដើម្បី​ជួយ​ធ្វើ​ការ​ងារ​វត្ត​។​ ម្ចាស់​ម៉ៅ​ការ​មិន​ត្រឹម​តែ​អធ្យា​ស្រ័យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​លើក​ទឹក​ចិត្ត​ខ្ញុំ​ជួយ​ធ្វើ​ឱ្យ​បាន​ឆាប់​ហើយ​ ដើម្បី​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ទៀត​ផង​”។​ ក្រៅ​ពីបង​តឺ នៅ​មាន​ជាង​សំ​ណង់​មួយ​ចំ​នួន​ទៀត​ក៏​បាន​មក​ជួយ​លាប​ពណ៌​ តុប​តែង​ដល់​វត្ត​ផង​ដែរ​។​ ម្នាក់​ៗ​សើច​ក្អាក​ក្អាយ​ សប្បាយ​រីក​រាយ​ ការ​ងារ​ប្រ​ព្រឹត្ត​ទៅ​រលូន​ អា​ស្រ័យ​មាន​ការ​បែង​ចែក​ច្បាស់​លាស់​។​ ពីព្រោះ​ជា​កិច្ច​ការ​រួម​ ម្ល៉ោះ​ហើយ​គ្មាន​អ្នក​ណាប្រ​ដូច​អ្នក​ណា ឬ​រហេត​រហូត​នោះ​ទេ គឺ​ធ្វើ​ដោយ​ការ​ប្រុង​ប្រ​យ័ត្ន​ និង​ហ្មត់​ចត់​ទាំង​អស់​គ្នា​។​

ទន្ទឹម​នឹង​ការ​ងារ​នៅ​ខាង​ក្រៅ​ ក្នុង​ព្រះ​វិហារ​ សាលា​ទាន​ក៏​ឃើញ​មាន​ក្រុម​ឧបា​សិកា​ជួយ​រៀប​ចំ​បោស​សម្អាត​ផង​ដែរ​។​  អ្នក​មីង​យឿងធី​សាផា ក៏​ស្នាក់​នៅ​មណ្ឌល​ប៊ិញ​ឡើយ​ ឱ្យ​ដឹង​៖ “ក្រុម​ដណ្ដាំ​ស្ល​យើង​ខ្ញុំ​មាន​គ្នា​ច្រើន​ណាស់​ ម្ល៉ោះ​ហើយ​យើង​ខ្ញុំ​បែង​ចែក​វេន​គ្នា​ ដើម្បី​ងាយ​ស្រួល​ធ្វើ​។​ ក្នុង​មួយ​ក្រុម​ធ្វើ​មួយ​ថ្ងៃ​ ផ្លាស់​វេន​គ្នា​ដើម្បី​រៀប​ចំ​ដណ្តាំស្ល។​ ពិសេស​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ យើង​ខ្ញុំ​ថែម​ទាំង​ចលនា​រៃអង្គាស​ លុយ​វេច​នំ​អន្សមជ្រូក​ អន្សម​ចេក​ដើម្បី​ប្រ​គេន​ព្រះ​សង្ឃ​ទៀត​ផង​”។​

ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត​សង្វរ​ពោធិញ្ញាណ ភាគ​ច្រើន​រស់​នៅ​សង្កាត់​ចូវ​វ៉ាន់​លីម​និង​ទ្រឿង​ឡាក។​ សង្កាត់​ទាំង​ពីរនេះ​នៅ​ជាប់​គ្នា​។​ វត្ត​មាន​ទីតាំង​ នៅ​ជាប់​មាត់​ព្រែក​តាក់​អុង​ធុក ចំ​ណុះ​មណ្ឌល​ ១៥។​  ធ្វើ​ដំណើរ​ចូល​តាម​​ដង​ផ្លូវ​គមនា​គមន៍​ជន​បទ​គឺ​ដល់​មណ្ឌល​ប៊ិញ​អៀង​ និង​ប៊ិញ​ឡើយ​ កន្លែង​ដែល​មាមីង​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករបំ​ផុត​នៅ​សង្កាត់​ទ្រឿង​ឡាក។​ អា​ស្រ័យ​ហេតុ​នោះ​ ឱ្យ​តែដល់​បុណ្យ​ទាន​ម្តង​ៗ​ គឺ​មាមីង​នៅ​សង្កាត់​ទាំង​ពីរនេះ​បបួល​គ្នា​ជួយ​រៀប​ចំ​តុបតែង​ជា​និច្ច​។​ លោក​លីមិញ​ហាយ​ ប្រ​ធាន​សមា​គម​ អតីត​យុទ្ធ​ជន​សង្កាត់​ទ្រឿង​ឡាក ឱ្យ​ដឹង​៖ “ឆ្នាំ​នេះ​ មាមីង​ត្រៀម​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​មាន​ភាព​ល្អ​ប្រ​សើរ​ ពីព្រោះ​ក្រោយ​ពីជំងឺ​រាល​ដាល​ បាន​ស្រាក​ស្រាន្ត​ក៏​មាន​ការ​ងារ​ធ្វើ​រហូត​ឯការ លក់​ដូរ​ក៏​បាន​ងាយ​ស្រួល​ដែរ​។​ ក្រៅ​ពីការ​ជួយ​រៀប​ចំ​តុប​តែង​វត្ត​ យើង​ខ្ញុំ​ក៏​រៀប​ចំ​ផ្ទះ​សម្បែង​ស្អាត​បាត​ដើម្បី​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​ និង​សុភមង្គល​”៕​

                                  ហាថាញ-លីសៀ

ចែករំលែកអត្ថបទ