រយៈពេលកន្លង មានមនុស្សជាច្រើនខ្វះការយល់ដឹង ម្ល៉ោះហើយបានចូលបណ្ដាញអ៊ីនធឺណិតទិញថ្នាំ Molnupiravir ព្យាបាលជំងឺ COVID-១៩ យកមកប្រើប្រាស់ ឬទុកបម្រុង។ ទោះជាយ៉ាងនេះក្តី នេះជាថ្នាំព្យាបាលជំងឺ បើអ្នកទិញតាមបណ្តាញអីុនធឺណិត អាចនឹងទិញចំថ្នាំក្លែងក្លាយ ហើយព្យាបាលដែលគ្មានវេជ្ជបញ្ជារបស់គ្រូពេទ្យ វានឹងបង្កគ្រោះថ្នាក់ដល់សុខភាព។
ជាថ្នាំត្រូវមានវេជ្ជបញ្ជា ប៉ុន្តែថ្នាំ Molnupiravir បានគេផ្សាយលក់ពាសពេញលើបណ្ដាញសង្គម អ្នកមួយចំនួនលក់មួយប្រអប់តម្លៃ ៤ លានដុង។
ថ្នាំព្យាបាលជំងឺ COVID-១៩ Molnupiravir បច្ចុប្បន្នមាន ៣ អង្គភាពបានក្រសួងសុខាភិបាលផ្តល់អាជ្ញាប័ណ្ណឱ្យលក់ចែកចាយ។ “សូម្បីតែនៅអឺរ៉ុប និងអាមេរិក។ល។ គេមានការកំណត់ថា នៅពេលទិញថ្នាំនេះ គឺត្រូវតែមានលទ្ធផលវិជ្ជមានជំងឺ និងមានវេជ្ជបញ្ជា ពីវេជ្ជបណ្ឌិត ដូច្នេះយើងអាចបញ្ជាក់ថា ថ្នាំសម្រាប់ព្យាបាលជំងឺ COVID-១៩ ដែលកំពុងផ្សព្វផ្សាយលក់លើវេទិកាជាច្រើន ហើយងាយស្រួលទិញនោះ ភាគច្រើនជាថ្នាំក្លែងក្លាយ។ បើថ្នាំពិត រួមទាំងថ្នាំយកមកតាមដៃ ក៏តែងមានតែមប្រឆាំងការក្លែងក្លាយរបស់ម្ចាស់ផលិតផងដែរ”- លោកវេជ្ជបណ្ឌិត ឡេក្វឹកកឿង កំពុងធ្វើការនៅមន្ទីរពេទ្យមួយនៅទីក្រុងហូជីមិញ បានឱ្យដឹងដូច្នេះ។
មានមនុស្សជាច្រើនទិញថ្នាំ Molnupiravir មកប្រើប្រាស់ ប៉ុន្តែមិនបានវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជា។ វេជ្ជបណ្ឌិតគ្រប់រូបតែងផ្តល់អនុសាសន៍ឱ្យប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ Molnupiravir ។ ជាពិសេស ចំពោះយុវវ័យ មិនគួរប្រើប្រាស់ថ្នាំនេះទេ ថ្នាំនេះប្រើបានតែមនុស្សចាស់ អ្នកជំងឺដែលគ្មានជំងឺប្រចាំកាយ ហើយថ្នាំត្រូវតែបានប្រើប្រាស់ឆាប់ (ពេលទើបវិជ្ជមាន F0) មិនសមស្របចំពោះមនុស្សក្នុងវ័យកើតកូនទេ។
ឱសថការី យ៉េបង្វៀង បានឱ្យដឹង៖ “ខ្ញុំប្រឆាំងយ៉ាងដាច់អហង្ការចំពោះអ្នកលក់ថ្នាំកម្ចាត់មេរោគ COVID-១៩ Molnupiravir តាមបណ្ដាញអីុនធឺណិត។ ព្រោះវាជាកាំបិតមុខពីរ។ ថ្នាំមានផលប៉ះពាល់ច្រើននិងយូរអង្វែងដល់សុខភាព ព្រមទាំងមានផលប៉ះពាល់ជាច្រើនមិនទាន់បានគេរកឃើញ។ ចាំបាច់ត្រូវតែមានវេជ្ជបញ្ជា និងមានការពិគ្រោះពីវេជ្ជបណ្ឌិត ទើបអាចប្រើប្រាស់បាន ព្រោះបើផឹកហើយមិនអាចក្អួតចេញបានទេ!”។
ឱសថការី យ៉េបង្វៀង ក៏បានរំលឹកថា ថ្នាំនេះមានជាតិពុលខ្លាំងប៉ះពាល់ដល់ឆ្អឹង និងឆ្អឹងខ្ចីចំពោះកុមារកំពុងវឌ្ឍនាការ (ហាមប្រើចំពោះកុមារអាយុក្រោម ១៨ ឆ្នាំ); ថ្នាំក៏ប៉ះពាល់ដល់មុខងារបន្តពូជរបស់បុរសនិងស្ត្រីក្នុងវ័យកើតកូន; ថ្នាំជះឥទ្ធិពលយ៉ាងខ្លាំងដល់មុខងារ ថ្លើមនិងតម្រងនោម (ហាមប្រើចំពោះអ្នកដែលមានជំងឺខ្សោយថ្លើម តម្រងនោម); ថ្នាំមានប្រសិទ្ធភាពតែក្នុងរយៈពេល ៥ ថ្ងៃដំបូងនៃជំងឺ - រយៈពេលដែលវីរុសកំពុងកើនឡើង (គិតពីថ្ងៃតេស្តវិជ្ជមានឬថ្ងៃដែលមានរោគសញ្ញាដំបូង) ភាគច្រើនអ្នកជំងឺដែលបានចាក់វ៉ាក់សាំង បង្ការគ្រប់ពីរដូស គ្រាន់តែមានជំងឺស្រាលៗប៉ុណ្ណោះ។ ហេតុនោះ គ្រាន់តែខ្ពុរមាត់ និងបំពង់កជារៀងរាល់ថ្ងៃជាមួយនឹងទឹកអំបិលសរីរវិទ្យា ផឹកថ្នាំបង្កើនភាពធន់ ឆ្ពុងច្រមុះ បំពង់ក សំខាន់ទទួលទានគ្រប់ជាតិបំប៉ន ស្មារតីរីករាយគឺយកឈ្នះជំងឺហើយ។ ប្រសិនបើមានអាការៈធ្ងន់ធ្ងរ សូមជូនដំណឹងទៅបុគ្គលិកពេទ្យដើម្បីទទួលបានវេជ្ជបញ្ជាព្យាបាលសមស្របទៅតាមអ្នកជំងឺម្នាក់ៗ គ្មាននរណាដូចនរណាឡើយ។ អ្នកដែលមានជំងឺប្រចាំកាយ នឹងមានវិធីសាស្រ្តព្យាបាលខុសពីអ្នកដែលគ្មានជំងឺប្រចាំកាយ។ល។ កុំឱ្យបង់ប្រាក់ ព្រោះតែឮតៗគ្នា ឬជឿតាមការផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គម ព្រោះអាចបង់ប្រាក់ តែគ្មានប្រសិទ្ធភាពអ្វី។ ជាពិសេស អាចជួបផលប៉ះពាល់ជាច្រើនក្រោយពីពេលប្រើប្រាស់”៕
យោងតាម cand.com.vn -បកប្រែ៖ សុផន