ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទើបដាក់ចេញក្រមសីលធម៌ក្នុងគ្រួសារ។ ក្នុងនោះ ក្រមសីលធម៌រួមក្នុងគ្រួសារវៀតណាម គឺការគោរពស្មើភាព ស្រឡាញ់រាប់អាន និងការចែករំលែក។
ក្រមសីលធម៌រួមក្នុងគ្រួសារវៀតណាមគឺ ការគោរពស្មើភាព ស្រឡាញ់រាប់អាន និងការចែករំលែក។ រូប៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
យោងតាមនោះ ក្រមសីលធម៌ក្នុងគ្រួសារបានកំណត់និងជាជំហានៗ បានដាក់បញ្ចូលក្នុងជីវភាពបណ្តាក្របខ័ណ្ឌនៃតម្លៃសីលធម៌ វប្បធម៌ជនជាតិវៀតណាម ក្នុងដំណាក់កាលឧស្សាហូបនីយកម្ម ទំនើបកម្ម និងសមាហរណកម្មអន្តរជាតិ។ ពង្រឹងស្មារតីផ្លូវច្បាប់ លើកតម្កើងសីលធម៌ សន្ដានចិត្ត និងការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗចំពោះខ្លួន ក្រុមគ្រួសារសហគមន៍សង្គម និងប្រទេសជាតិ។ ទប់ស្កាត់ការធ្លាក់ចុះខាងសីលធម៌ក្នុងគ្រួសារនិងសង្គម។ លើកកម្ពស់ការយល់ដឹងអំពីការកសាង និងរក្សានូវសុភមង្គលជានិរន្តរ៍នៃគ្រួសារនីមួយៗ បំផុសមនោសញ្ចេតនានិងចែករំលែកករណីយកិច្ចរវាងសមាជិកក្នុងគ្រួសារក្នុងការកសាងគ្រួសារសម្បូរសប្បាយ ជឿនលឿន សុភមង្គល អារ្យធម៌ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់កសាងសហគមន៍សុភមង្គល ប្រទេសជាតិរុងរឿង និងសុភមង្គល។
ក្រមសីលធម៌នេះត្រូវបានផ្សព្វផ្សាយ និងអនុវត្តគ្រប់ៗគ្រួសារ និងសមាជិកគ្រប់រូបក្នុងគ្រួសារវៀតណាម។ ជាក់ស្ដែង ក្រមសីលធម៌រួមក្នុងគ្រួសារ គឺការគោរព ស្មើភាព ស្រឡាញ់រាប់អាន និងការចែករំលែក។ ក្នុងនោះ អនុវត្តគោលការណ៍ “គោរព” គឺសមាជិកគ្រប់រូបក្នុងគ្រួសារគប្បីវាយតម្លៃឲ្យសមហេតុផល និងឱ្យតម្លៃខ្ពស់នូវកិត្តិយស សេចក្តីថ្លៃថ្នូរ ទស្សនៈ ជម្រើស និងផលប្រយោជន៍ទៅវិញទៅមក; គោរពសិទ្ធិសេរីភាពខាងជំនឿ និងសាសនា ទៅវិញទៅមក។ អនុវត្តគោលការណ៍ “ស្មើភាព” សមាជិកគ្រប់រូបក្នុងគ្រួសារមានកាតព្វកិច្ច និងសិទ្ធិស្មើគ្នា ត្រូវបង្កលក្ខណសម្បត្តិ និងឱកាសដើម្បីពង្រីកសមត្ថភាពរបស់ខ្លួនសម្រាប់ការអភិវឌ្ឍគ្រួសារ និងទទួលផលស្មើគ្នាពីភាពជោគជ័យរបស់គ្រួសារ។ អនុវត្តគោលការណ៍ “ស្រឡាញ់រាប់អាន” និង “ការចែករំលែក” សមាជិកគ្រប់រូបក្នុងគ្រួសារគប្បីមានមនោសញ្ចេតនាជិតស្និទ្ធ យកចិត្តទុកដាក់ថែទាំគ្នា រួមគ្នាពូនជ្រំមនោសញ្ចេតនា ចែករំលែកភាពរីករាយ ទុក្ខព្រួយ និងជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក អាសន្នអន្ធក្រ។
សមាជិកនៃក្រុមប្តីប្រពន្ធ; ជីដូនជីតា ឪពុកម្តាយ និងកូនចៅ; បងប្អូនក្នុងគ្រួសារ ក្រៅពីអនុវត្តតាមក្រមសីលធម៌រួម ក៏មានករណីយកិច្ចអនុវត្តនូវបណ្តាលក្ខឋានជាក់ស្ដែងឯទៀត ដែលបានកំណត់ក្នុងក្រមសីលធម៌នេះ។
ក្រមសីលធម៌ចំពោះប្ដីប្រពន្ធ គឺភាពស្មោះត្រង់ និងមនោសញ្ចេតនា។
ក្រមសីលធម៌របស់ឪពុកម្តាយនឹងកូន ជីដូន ជីតានឹងចៅ គឺធ្វើជាគំរូ និងស្រឡាញ់ប្រោសប្រាណ។
ក្រមសីលធម៌របស់កូនចំពោះឪពុកម្តាយ ចៅចំពោះជីដូនជីតា គឺកតញ្ញូកតវេទីនិងគោរពឱនលំទោន។
ក្រមសីលធម៌របស់បងប្អូនក្នុងគ្រួសារ គឺស្រុះស្រួលគ្នានិងការចែករំលែក៕
យោងតាមកាសែតព័ត៌មាន-បកប្រែ៖ សុផន