|
លោកឡេទ្រុងកៀង ប្រធានគណៈជនជាតិក្រុងកឹងធើ។ |
កាលពីថ្ងៃ ១៤ ខែមករា ឆ្នាំ ២០១១ រដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ ០៥/២០១១/NĐ-CP ស្តីពីការងារជនជាតិ (ហៅថាអនុក្រឹត្យលេខ ០៥ )។ ជុំវិញការអនុវត្តនូវគោលនយោបាយនេះនៅលើភូមិសាស្រ្តក្រុងកឹងធើ ដោះដូរយោបល់ជាមួយនឹងកាសែតកឹងធើភាសាខ្មែរ លោកឡេទ្រុងកៀង ប្រធានគណៈជនជាតិក្រុងកឹងធើ ឱ្យដឹង៖
- ក្រុងកឹងធើ មានជនរួមជាតិភាគតិចរស់នៅ ២៥ ជនជាតិ ដោយមានជាង ១.០៦០ គ្រួសារ និងមានចំនួនប្រជាជនប្រមាណ ៣១.២២០ នាក់ ស្រូបអត្រា ២,៥៣% នៃចំនួនប្រជាជនរួមទូទាំងក្រុង។ រយៈពេលកន្លង ក្រុងបានផ្សព្វផ្សាយ អនុវត្តល្អនូវគោលនយោបាយជនជាតិតាមអនុក្រឹត្យលេខ ០៥ បានរួមចំណែកលើកកម្ពស់ជីវភាពជនរួមជាតិភាគតិច។
* សូមលោកលើកឡើងចំណុចលេចធ្លោមួយចំនួនក្នុងការអនុវត្តអនុក្រឹត្យលេខ០៥ ?
- ក្រុងបានឧបត្ថម្ភជនរួមជាតិភាគតិចក្រីក្រជាង ១.០៥០ គ្រួសារ ដែលមានជីវភាពលំបាកខាងដីសង់ផ្ទះ ដីផលិតកម្ម។ល។ សរុបប្រភពទុនអនុវត្តជាង ៤២,៦ ពាន់លានដុង ក្នុងនោះ ទុនភូមិភាគជាង ៣០ ពាន់លានដុង។ ពិសេស ការអនុវត្តនូវគោលនយោបាយនេះ ក្រុងបានអនុវត្តសម្រេច ១០០% ទិសដៅដីសង់ផ្ទះជូនជនរួមជាតិភាគតិចក្រីក្រចំនួន ២១៧ គ្រួសារ។
ទន្ទឹមនឹងនោះ ក្រុងក៏បានផ្សព្វផ្សាយនិងអនុវត្តល្អនូវគោលនយោបាយផ្សេងៗទៀត ដូចជា៖ គោលនយោបាយពិសេសដោយឡែក ឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០១៧- ២០២០ ។ ឧបត្ថម្ភដោយផ្ទាល់ជាទឹកប្រាក់ជាង ១,៦ ពាន់លានដុងដល់ប្រជាជនស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រជាង ១៦.៦២០ លើកនាក់នៅតំបន់លំបាកនៃឃុំចំនួនពីរ គឺឃុំថើយដុង និងថើយស្វឹង ស្រុកកើ-ដ។ ចំណែកវិស័យអប់រំ សុខាភិបាលក្នុងតំបន់ជនជាតិភាគតិច ក្រុងក៏បានផ្តោតការយកចិត្តទុកដាក់និងវិនិយោគអភិវឌ្ឍ ឆ្លើយតបនឹងតម្រូវការកាន់តែខ្ពស់របស់ជនរួមជាតិពីមួយថ្ងៃទៅមួយថ្ងៃ។
* ចំពោះបញ្ហាបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើដល់ជនរួមជាតិភាគតិចតាមអនុក្រឹត្យលេខ ០៥ តើបានអនុវត្តយ៉ាងដូចម្តេច ជម្រាបប្រសាសន៍លោក?
- ស្ថានភាពខ្វះការងារធ្វើជនរួមជាតិភាគតិចមួយភាគគ្មានដីផលិតកម្ម ហើយខ្លះទៀត ខ្វះដីផលិតកម្ម ដើរធ្វើការងារឈ្នួល ជីវភាពមិនលំនឹង។ល។ គឺជាការលំបាក និងកង្វះខាតរបស់ក្រុងពេលអនុវត្តនូវគោលនយោបាយជនជាតិ។ ហេតុនោះ ក្រុងបានអនុវត្តទម្រង់បណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីដល់យុវជនជាជនរួមជាតិភាគតិច ដោយមានគោលនយោបាយអនុគ្រោះជាច្រើន ដូចជា៖ ឧបត្ថម្ភថវិកា បង្រៀនវិជ្ជាជីវៈដោយឥតគិតថ្លៃ កាត់បន្ថយកម្រៃសិក្សា។ល។ អាស្រ័យហេតុនោះ ក្រុងដោះស្រាយតម្រូវការការងារធ្វើបានលំនឹងជូនពលករជាជនរួមជាតិភាគតិច។
ក្រៅពីនោះ ក្រុងតែងពិនិត្យផ្ទៀងផ្ទាត់មើល តម្រូវការរៀនវិជ្ជាជីវៈរបស់ជនរួមជាតិភាគតិច ដើម្បីបើកវគ្គបង្រៀនវិជ្ជាជីវៈ មានកម្មវិធីបណ្តុះបណ្ដាលវិជ្ជាជីវៈពិសេសដោយឡែកសម្រាប់ជនរួមជាតិភាគតិចរៀន។ ពិសេស ក្រុងមានម្ចាស់អាជីវកម្មជាជនជាតិភាគតិចចំនួន ៦៤ និងមានអាជីវកម្មចំនួន ៥៦៤ ប្រើប្រាស់ពលករជាជនជាតិភាគតិចចំនួន ១.៧៦៤ នាក់។
* តើក្រុងបានលើកសំណើអ្វីខ្លះ ដើម្បីអនុវត្តកាន់តែល្អជាងទៀតនូវគោលនយោបាយជនជាតិ ក្នុងពេលខាងមុខ ជម្រាបប្រសាសន៍លោក ?
- គណៈជនជាតិក្រុង បានដាក់សំណើជូនគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ពិនិត្យ រួចស្នើនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល៖ ឆាប់ប្រកាសឱ្យប្រើនូវកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ប្រកាសឱ្យប្រើឯកសារណែនាំ ស្ដីពីខ្លឹមសារកម្រិតចំណាយពិសេសដោយឡែកចំពោះការងារជនជាតិ។ ទន្ទឹមនឹងនោះ ប្រកាសឱ្យប្រើសេចក្តីសម្រេចជំនួសសេចក្តីសម្រេចលេខ ៤៥/QĐ-TTg ចុះថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៩ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការ “ផ្តល់ផលិតផលបោះពុម្ពកាសែត ទស្សនាវដ្ដីមួយចំនួនដល់តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ តំបន់លំបាកខ្លាំង ដំណាក់កាល ២០១៩-២០២១” ដើម្បីធានាអនុវត្តបានល្អការផ្ដល់ព័ត៌មាន ផ្សព្វផ្សាយដល់ជនរួមជាតិភាគតិច៕
* សូមអំណរគុណលោក!
ថាញឡុង-វិមាន