គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ខេត្តសុកត្រាំង បាននិងកំពុងខ្នះខ្នែងចលនាបុគ្គល អាជីវកម្ម និងសប្បុរសជនទាំងឡាយរួមវិភាគទាន ដើម្បីគិតគូរនិងជួយអ្នកក្រលំនឹងជីវភាព។
ថ្នាក់ដឹកនាំស្រុកកេសាច់ ចុះសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយ។
ឆ្លងតាមរយៈសកម្មភាព “ទិវាដើម្បីអ្នកក្រ” មូលនិធិ “ដើម្បីអ្នកក្រ” និងខែចំណុចកំពូល“ដើម្បីអ្នកក្រ” ដូច្នេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ ថ្នាក់ខេត្តសុកត្រាំង បានអនុវត្តកម្មវិធីសុខុមាលភាពសង្គមជាមួយទឹកប្រាក់ជាង ៨៣៨,៦ ពាន់លានដុង។ ជាក់ស្តែងសាងសង់និងជួសជុលផ្ទះ ១៣.៦៦៦ ខ្នង ជូនអ្នកមានសគុណ គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារកៀកបន្ទាត់ក្រដែលជួបលំបាកខាងលំនៅឋាន។ ទន្ទឹមនឹងនោះ ឧបត្ថម្ភពិនិត្យព្យាបាលជំងឺ ជូនអំណោយ អាហារូបករណ៍ដល់សិស្សក្រីក្រ ឧបត្ថម្ភបង្កបង្កើនផលជូនប្រជាជនក្រីក្រ និងគ្រួសារក្រីក្រ។ល។ ឆ្លងតាមរយៈនោះ ជួយឱ្យគ្រួសារក្រីក្រ គ្រួសារកៀកបន្ទាត់ក្រមានលក្ខណៈបង្កបង្កើនផល ធ្វើអាជីវកម្ម មានផ្ទះសម្បែងសមរម្យ ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព រួមចំណែកកាត់បន្ថយគ្រួសារក្រីក្រទូទាំងខេត្តនៅប្រមាណ ២,៦% ឆ្នាំ ២០២០។ ពូដាវយ៉យ នៅភូមិមណ្ឌល ២ ឃុំថាញ់ភូ ស្រុកមីស្វៀង ឱ្យដឹង៖ “ខ្ញុំបានរណសិរ្សឧបត្ថម្ភទឹកប្រាក់ ៤០ លានដុងសម្រាប់សង់ផ្ទះ ហេតុនេះលែងបារម្ភពីភ្លៀងលេចដូចមុន។ មានផ្ទះសម្បែងសមរម្យ ប្តីប្រពន្ធខ្ញុំស្ងប់ចិត្តទៅធ្វើការរកស៊ីដើម្បីជីវភាពបានល្អប្រសើរ”។ បងស្រីថាច់ធីស្វឹង នៅភូមិរាច់សេន ឃុំថាញ់ភូ ឱ្យដឹង៖ “ខ្ញុំរស់នៅម្នាក់ឯង គ្មានដីបង្កបង្កើនផល បានរដ្ឋអំណាចជួយសង់ផ្ទះឱ្យ តបណ្តាញអគ្គិសនីឱ្យប្រើប្រាស់ ឧបត្ថម្ភអណ្តូងស្នប់និងបាសាំងទឹក ខ្ញុំត្រេកអរណាស់។ មានផ្ទះនៅត្រឹមត្រូវ រៀងរាល់ថ្ងៃខ្ញុំទៅស៊ីឈ្នួលដកស្មៅ ឆ្លូកស្រូវ បេះម្ទេស ខ្ទឹមស្លឹក បន្លែស្ពៃក្នុងភូមិ រកបានប្រាក់ចំណូលជាង ២០០.០០០ ដុង ជីវភាពក៏បានលំនឹងផងដែរ”។
លោកឡឹងយុងលីម អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ឱ្យដឹង៖ “អនុវត្តចលនា “ទូទាំងប្រទេសសាមគ្គីរួមកម្លាំងដើម្បីអ្នកក្រ- មិនទុកចោលនរណាម្នាក់ឱ្យនៅក្រោយគេ” ខេត្តខិតខំពុះពារដល់ឆ្នាំ ២០២២ ដោះស្រាយរួចរាល់ជូនប្រជាជន ៣.៦៤០ គ្រួសារ ដែលជួបលំបាកខាងលំនៅឋាន។ បច្ចុប្បន្ន រណសិរ្សមាតុភូមិវៀតណាមខេត្តបានកសាងផែនការផ្សព្វផ្សាយដល់រណសិរ្សគ្រប់លំដាប់ថ្នាក់ ចលនាអាជីវកម្មនិងសប្បុរសជនក្នុងនិងក្រៅខេត្ត។ ទន្ទឹមនឹងនោះ ជំរុញការងារផ្សព្វផ្សាយ ចលនាកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកលើភូមិសាស្រ្តខេត្តគាំទ្រ រួមវិភាគទានដោយប្រាក់បៀវត្ស ដើម្បីគិតគូរដល់អ្នកក្រដែលជួបលំបាកខាងលំនៅឋាន។ ឆ្លងតាមរយៈនោះ នឹងរួមចំណែកជួយឱ្យពួកគាត់ស្ងប់ចិត្តបង្កបង្កើនផលលំនឹងជីវភាព”៕
យ្វីអាញ-លីសៀ