ក្រសួងសុខាភិបាលទើបជូនព័ត៌មាន អង្គការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ (Interpol) ប៉ូលិសចិន និងអាហ្រ្វិកខាងត្បូង ទើបឃាត់ខ្លួនមុខសញ្ញាជាច្រើននាក់ដែលពាក់ព័ន្ធនឹងការជួញដូរវ៉ាក់សាំង COVID-១៩ ក្លែងក្លាយ។
រូបភាពជាឧទាហរណ៍។
នៅប្រទេសយើង រយៈពេលកន្លង មានអង្គការអាជីវកម្មជាច្រើន នៅក្នុងនិងក្រៅប្រទេស បានដាក់ពាក្យចុះឈ្មោះ ទាក់ទងជាមួយនឹងក្រសួងសុខាភិបាល ដើម្បីផ្សព្វផ្សាយលក់ សុំផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ របស់ក្រុមហ៊ុនផលិត មានដូច Moderna (អាមេរិក) AstraZeneca ។ល។ ក៏ប៉ុន្តែ បន្ទាប់ពីធ្វើការបញ្ជាក់ព័ត៌មានក្រុមហ៊ុន ផលិតវ៉ាក់សាំងទាំងនេះ បច្ចុប្បន្នមិនទាន់មានសកម្មភាពផ្ទេរសិទ្ធិ ប្រគល់ការដល់អង្គការ និងបុគ្គល ដូចពោលខាងលើនៅឡើយ។
នៅថ្ងៃ១ ខែមីនា AstraZeneca បានចេញលិខិតបញ្ជាក់ ក្រៅពីកម្មវិធី COVAX មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) និងក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម (VNVC) AstraZeneca មិនបានប្រគល់សិទ្ធិទៅឱ្យក្រុមហ៊ុន អង្គការ បុគ្គលណាផ្សេង ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ របស់ AstraZeneca នៅវៀតណាមឡើយ។
ស្រដៀងគ្នានេះដែរ Moderna ក៏បានធ្វើការបញ្ជាក់ ពុំបានប្រគល់សិទ្ធិឱ្យភាគីណាមួយ ក្នុងការចុះឈ្មោះលក់ផលិតផល និងនាំចូលវ៉ាក់សាំងបង្ការជំងឺ COVID-១៩ ឱ្យវៀតណាម រហូតមកដល់ពេលនេះ។ ក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងទៀតមានដូច៖ Pfizer, Johnson & Johnson សុទ្ធតែមានសាខាក្រុមហ៊ុននៅវៀតណាម។
ចំពោះវ៉ាក់សាំង Sputnik របស់រុស្ស៊ី ស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាម បានបញ្ជាក់៖ រាល់ការជួញដូរ នាំចូលនិងសហការ គប្បីពិភាក្សាផ្ទាល់ជាមួយនឹងមូលនិធិវិនិយោគដោយផ្ទាល់របស់រុស្ស៊ី។ ចិន ឥណ្ឌា ក៏បានបញ្ជាក់យ៉ាងច្បាស់អំពីការទិញនិងនាំចូលវ៉ាក់សាំងបង្ការជំងឺ COVID-១៩ គប្បីបានរដ្ឋាភិបាលផ្តល់សច្ចានុម័តិ។
ដើម្បីធានាការទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-១៩ សម្រាប់ប្រជាជនវៀតណាម ក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់អាជីវកម្មទាំងអស់ ដែលគ្រប់លក្ខណសម្បត្តិ ទំនាក់ទំនង ចរចាជាមួយនឹងដៃគូផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺCOVID-១៩ លើពិភពលោក ដើម្បីនាំចូលវ៉ាក់សាំងមកប្រើប្រាស់ក្នុងប្រទេស តាមសេចក្តីសម្រេចចិត្តលេខ២១/NQ-CP ចុះថ្ងៃ២៦/២/២០២១ របស់រដ្ឋាភិបាល ស្ដីពីការទិញនិងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID- ១៩។ ថ្វីបើដូច្នោះ ដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ បានគ្រប់ចំនួននិងសុវត្ថិភាព ក្រសួងសុខាភិបាល សំណូមពរដល់ស្ថាប័ន អង្គការនានា ពេលទទួលបានព័ត៌មាន សំណើសហការអំពីការផ្គត់ផ្គង់វ៉ាក់សាំងបង្ការ ជំងឺ COVID-១៩ គប្បីប្រុងប្រយ័ត្ន ចូលទៅពិនិត្យផ្ទាល់ ផ្ទៀងផ្ទាត់ព័ត៌មានច្បាស់លាស់ ធានាសុវត្ថិភាពត្រឹមត្រូវតាមច្បាប់ ហិរញ្ញវត្ថុនិង ពាណិជ្ជកម្ម។ ក្នុងករណីចាំបាច់ អាចនឹងស្នើដល់ស្ថាប័នសមត្ថកិច្ច (ក្រសួងសុខាភិបាល ក្រសួងនគរបាល ស្ថាប័នកិច្ចការបរទេសពាណិជ្ជកម្ម។ល។) ជួយបញ្ជាក់ពីព័ត៌មានដែលពាក់ព័ន្ធដល់ការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID- ១៩។ ទន្ទឹមនឹងនោះ ធ្វើការចរចាទិញវ៉ាក់សាំង បង្ការជំងឺCOVID-១៩ គប្បីផ្តល់ព័ត៌មានដល់ក្រសួងសុខាភិបាលឱ្យបានទាន់ពេល ដើម្បីធានាការនាំចូលប្រើប្រាស់ ក៏ដូចជាការចាត់ចែងប្រភពនិងរៀបចំការចាក់វ៉ាក់សាំងប្រព្រឹត្ត ទៅដោយរលូន ត្រឹមត្រូវតាមកិច្ចចង្អុលការនៃសេចក្តីសម្រេចចិត្តលេខ២១។
បណ្ដាប្រទេស អង្គការនានា គប្បីមានភារកិច្ចចែករំលែកព័ត៌មាន ដើម្បីម្ចាស់ការបង្ការទប់ស្កាត់រាល់សកម្មភាពក្លែងបន្លំក្នុងការផ្គត់ផ្គង់ ជួញដូរវ៉ាក់សាំងបង្ការជំងឺ COVID-១៩៕
យោង៖ ហៀងមិញ (កាសែតអេឡិកត្រូនិចរដ្ឋាភិបាល)-មុនី