រយៈពេល៥ឆ្នាំកន្លង គ្រួសារប្រជាជនខ្មែរជាច្រើននៅឃុំធើយដុង ស្រុកកើ-ដ ក្រុងកឹងធើ បានអង្គការមហាជនភូមិភាគឧបត្ថម្ភក្នុងការរកទទួលទាន ឈានឡើងចាកផុតពីភាពក្រីក្រ។ល។
បងថាច់កា នៅភូមិធើយស្វឹង ចិញ្ចឹមគោក្នុងមួយឆ្នាំចំណេញបានពី ៥០-៦០ លានដុង បានចាកផុតពីភាពក្រីក្រ។ រូបថត៖ អាញ់យុង
ប្រកបកិច្ចការនឿយហត់ជាច្រើនឆ្នាំ ប៉ុន្តែជីវភាពរបស់គ្រួសារបងថាច់កា នៅភូមិធើយស្វឹង ឃុំធើយដុង នៅតែស្ថិតក្នុងស្ថានភាពក្រលំបាកដដែល។ ឆ្នាំ ២០១៧ បងក៏បានអង្គការមហាជនភូមិភាគឧបត្ថម្ភឱ្យបុលដើមទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គម ។ បងថាច់កា ឱ្យដឹង៖“ដំបូង បានភូមិភាគឧបត្ថម្ភបុលដើមទុន ២០ លានដុង ខ្ញុំទិញគោ ៤ ក្បាលយកមកចិញ្ចឹម។ មកទល់ពេលនេះ គោកើតកូនបានជាង ១០ ក្បាល។ ក្នុងរយៈពេល ៣ ឆ្នាំមកនេះ មួយឆ្នាំៗខ្ញុំលក់គោសាច់ពី ៤-៥ ក្បាល ចំណេញពី ៥០-៦០ លានដុង។ ពេលមានទុន ខ្ញុំជួលដី បើកតៀមលក់គុយទាវសាច់គោនៅមជ្ឈមណ្ឌលឃុំធើយស្វឹង ក្នុងមួយថ្ងៃចំណេញពីរបីរយពាន់ដុង។ គ្រួសារសន្សំសំចៃសង់បានផ្ទះឥដ្ឋនឹងគេ”។
តាមប្រសាសន៍បងស្រីឡេធីភឿងយុង ប្រធានសមាគមសហព័ន្ធនារីឃុំ ឱ្យដឹង៖ ៥ឆ្នាំកន្លង សមាគមសហព័ន្ធនារីឃុំបានឧបត្ថម្ភបងប្អូនស្រី្តមេផ្ទះ ៥៦ នាក់បុលប្រាក់ជាង ២ ពាន់លានដុងពីធនាគារគោលនយោបាយសង្គម។ ពេលមានទុន បងប្អូននារី បានពង្រីកការចិញ្ចឹមសត្វ លក់ដូរ ឬជួលដី ដើម្បីដាំដំណាំរួមផ្សំ ម្ល៉ោះហើយបានចាកផុតពីភាពក្រីក្រ។ តួយ៉ាងដូចបងស្រីយ័ញធីថៀង នៅភូមិធើយស្វឹងជាដើម។ បងស្រី បុលដើមទុន ៤០ លានដុង យកមកសង់ទ្រុងចិញ្ចឹមជ្រូក និងជួលដី ២ កុងដាំឃ្លោកត្រឡាច ក្នុងមួយឆ្នាំរកបានប្រាក់ចំណូលជិត ១០០ លានដុង។ល។
ក្នុងរយៈពេល ៥ ឆ្នាំកន្លង សមាគមកសិករឃុំក៏បានឧបត្ថម្ភសមាជិកជនជាតិខ្មែរ ៤៨ នាក់ បុលទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គម ជាមួយទឹកប្រាក់ប្រមាណ ២,១៨ ពាន់លានដុងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ មកទល់ពេលនេះ ក្នុងឃុំគ្មាននៅសមាជិកកសិករជនជាតិខ្មែរក្រីក្រឡើយ។ តួយ៉ាងដូចបងយ័ញថាយ សមាជិកសាខាសមាគមកសិករភូមិធើយផុង បុលដើមទុន ៥២ លានដុង បើកតៀមឱ្យប្រពន្ធលក់សារពើភណ្ឌនៅផ្ទះ។ ចំណែកគាត់វិញ រៀងរាល់ថ្ងៃទៅធ្វើកម្មករសំណង់រកប្រាក់ចំណូលបន្ថែម។ មធ្យមភាគក្នុងមួយឆ្នាំ គ្រួសារបងរកបានប្រាក់ចំណូលជាង ១០០ លានដុង បានចាកផុតពីភាពក្រីក្រកាលពីចុងឆ្នាំ ២០១៩។
ទន្ទឹមនឹងជំនួយដើមទុន ៥ ឆ្នាំកន្លង អង្គការមហាជនក្នុងឃុំ ក៏បានយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈ និងឧទ្ទេសនាមការងារធ្វើដល់ជនរួមជាតិខ្មែរទៀតផង។ ក្នុងនោះ បានបើកបង្រៀនត្បាញខ្សែជ័រ ១ ថ្នាក់ ជូនពលករចំនួន ៣៥ នាក់ ជួយឱ្យពលករម្នាក់ៗឆ្លៀតពេលទំនេររកបានប្រាក់ចំណូលបន្ថែមពី ៤០.០០០-៥០.០០០ ដុង/ថ្ងៃ។ ជាពិសេស ឃុំក៏បានទំនាក់ទំនងជាមួយអាជីវកម្មទាំងឡាយនៅមណ្ឌលឧស្សាហកម្មត្រាណុក ឧទ្ទេសនាមពលករជនជាតិខ្មែរជាច្រើនរូបចូលធ្វើការ។ល។ ក្រៅពីនេះ ផ្នែក និងអង្គការមហាជនក្នុងឃុំ ក៏បានកៀរគរប្រភពធនធានឯទៀតដើម្បីឧបត្ថម្ភជនជាតិខ្មែរ ជាង ៥០ គ្រួសារសង់ផ្ទះផងដែរ។
ឃុំធើយដុង មានជនរួមជាតិខ្មែរចំនួន ២៣៩ គ្រួសារ ដោយមានចំនួនប្រជាជនប្រមាណ ៩៧០ នាក់។ ឆ្នាំ ២០១៥ ទូទាំងឃុំ មានជនរួមជាតិខ្មែរក្រីក្រ ៦០ គ្រួសារ។ លោកយ័ញថាញ់ លេខាគណៈកម្មាធិការបក្សឃុំធើយដុង ឱ្យដឹង៖ អាស្រ័យការឧបត្ថម្ភឱ្យបុលដើមទុន បណ្តុះបណ្តាលវិជ្ជាជីវៈ ឧទ្ទេសនាមរកការងារធ្វើនិងឧបត្ថម្ភសង់ផ្ទះ។ល។ មកទល់ពេលនេះ ជនរួមជាតិខ្មែរដែលក្រីក្រទាំង ៦០ គ្រួសារកាលពីមុន បានឈានឡើងចាកផុតពីភាពក្រីក្រ៕
អាញ់យុង- លីសៀ