ច្រើនឆ្នាំមកនេះ លោកថាច់ផាក នៅភូមិផ្នោក្រូច ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ បានទទួលស្គាល់ជាកសិករផលិត-អាជីវកម្មពូកែថ្នាក់ស្រុកនិងខេត្ត។ មិនត្រឹមតែពូកែក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ គាត់នៅទាំងខ្នះខ្នែងចូលរួមសកម្មភាពក្នុងសមាគមកសិករនៅភូមិភាគទៀតផង។
លោកថាច់ផាក (ខាងឆ្វេង) កំពុងពិគ្រោះយោបល់ជាមួយរដ្ឋអំណាចភូមិភាគ។
ក្រោយពីរៀបការ ជីវភាពរបស់លោកថាច់ផាក ជួបការលំបាកច្រើន។ ដោយប្ដេជ្ញាចិត្តមិនចុះចាញ់នឹងភាពក្រលំបាក គាត់បានរិះរេកែប្រែដីផលិតស្រូវ ០,៥ ហិកតា មិនសូវបានផល មកដាំដំណាំរួមផ្សំនិងចិញ្ចឹមគោ។ល។ អាស្រ័យការព្យាយាម ស៊ូទ្រាំនឿយហត់រៀនសូត្របទពិសោធ គាត់រកបានប្រាក់ចំណូលជាង ១៥០ លានដុងរាល់ឆ្នាំ។ លោកថាច់ផាក ឱ្យដឹង៖ “ពីមុន ដោយសារមិនទាន់អនុវត្តវិទ្យាសាស្រ្តបច្ចេក ទេសជឿនលឿន គ្រួសារខ្ញុំធ្វើស្រែ ២ រដូវ ដំណាំរួមផ្សំ ១ រដូវ។ ថ្វីបើដូច្នោះក្ដី ការផលិតស្រូវ ដំណាំរួមផ្សំមិនសូវប្រសិទ្ធភាព អាស្រ័យគុណភាពពូជ បច្ចេកទេសផលិតនៅខ្វះខាតនិងការអនុវត្តតាមទម្លាប់ចាស់ ម្ល៉ោះហើយប្រសិទ្ធភាពសេដ្ឋកិច្ចទាប។ មកដល់ឆ្នាំ ២០១៥ ឆ្លងតាមរយៈការចូលរួមវគ្គហ្វឹកហាត់របស់ឃុំ មន្ទីរ និងផ្នែកអំពីរបៀបធ្វើសេដ្ឋកិច្ចសមស្របនឹងលក្ខណៈនៅភូមិភាគ អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន សំដៅលើកកម្ពស់តម្លៃកសិផល។ល។ ខ្ញុំរៀនសូត្រនិងអនុវត្តតាម ម្ល៉ោះហើយតម្លៃផលិតផលបានខ្ពស់បង្គួរ ហេតុនោះ ទើបជីវភាពគ្រួសារខ្ញុំបានលំនឹងជាបណ្ដើរៗ”។ លោកថាច់ផាក នៅទាំងបរិច្ចាគដីនិងអស់ពីចិត្តជួយណែនាំសមាជិកកសិករចូលរួមអភិវឌ្ឍសេដ្ឋកិច្ច កែលម្អជីវភាពគ្រួសារ; ឧបត្ថម្ភគ្រួសារដែលខ្វះដើមទុនចំនួន ៣ គ្រួសារ។ល។
លោកថាច់ផាក (ខាងស្ដាំ) ប្រាប់ពីដងផ្លូវដែលគ្រួសារលោកចូលរួមបរិច្ចាគដីកសាង។
លោកសើុងង៉ុកមាញ ប្រធានភូមិផ្នោក្រូច ឱ្យតម្លៃ “លោកថាច់ផាក គឺជាកសិករគំរូមួយរូប លោកតែងខ្នះខ្នែងក្នុងចលនាសមាគម។ មិនត្រឹមតែធ្វើមានសម្រាប់គ្រួសារប៉ុណ្ណោះទេ គាត់នៅទាំងជួយមាមីងក្នុងភូមិចេះរបៀបធ្វើការរកស៊ីអភិវឌ្ឍសេដ្ឋកិច្ចទៀតផង។ ព្រមជាមួយនោះ ចលនាមាមីងក្នុងភូមិភាគអនុវត្តល្អនូវគោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។ គ្រួសារលោកជាគ្រួសារគំរូ។ ចំណែកលោកថាច់ផាក គឺជាកសិករគំរូជឿនលឿនលើកទី ២ (២០១៥ - ២០២០)”៕
សឺនម៉ាល័យ - ថាច់ធី