នៅវត្តគម្ភីរសាគរព្រែកជ្រៅ ឃុំវិញត្រាច់ដុង ក្រុងបាកលីវ ខេត្តបាកលីវ មានក្រុមសិល្បៈមួយក្រុមកំពុងទាក់ទាញទឹកចិត្តភ្ញៀវទេសចរ ដោយក្បាច់របាំប្រពៃណីរបស់ជនរួមជាតិខ្មែរមានកាយវិការទន់ភ្លន់។
ភ្ញៀវទេសចរទស្សនាកម្សាន្តរបាំប្រពៃណីរបស់ជនរួមជាតិខ្មែរ សម្តែងដោយក្រុមវប្បធម៌-សិល្បៈវត្តគម្ភីរសាគរព្រែកជ្រៅ។
ភ្ញៀវទេសចរទៅកាន់វត្តគម្ភីរសាគរព្រែកជ្រៅ មិនត្រឹមតែបានទស្សនាសំណង់ស្ថាបត្យកម្មប្រកបដោយក្បូរក្បាច់រចនាដ៏វិចិត្ររបស់ជនជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានទស្សនានូវរបាំប្រពៃណីរបស់ជនរួមជាតិខ្មែរមានកាយវិការល្វត់ល្វន់ សម្តែងដោយក្រុមយុវតីដ៏ស្រស់ស្អាតនៃក្រុមវប្បធម៌-សិល្បៈរបស់វត្ត។ ភ្ញៀវទេសចរជាច្រើនមានអារម្មណ៍រំភើប និងសរសើរមិនដាច់ពីមាត់នៃទម្រង់សិល្បៈប្រពៃណី មានរបាំអប្សរា រាំវង់ រាំក្បាច់ របាំឆៃនិងឬរបាំគោះត្រឡោក ប្រកបដោយលក្ខណៈពិសេសរបស់ជនជាតិខ្មែរ។
ក្រុមសិល្បៈបង្កើតបាន ៤ ឆ្នាំមកហើយ មានសមាជិកចំនួន ១១ នាក់។ ក្រោមការគ្រប់គ្រង និងបង្ហាត់របស់បងស្រីថាច់ធីធារី (អាយុ ៣៤ ឆ្នាំ) ប្រធានក្រុមរូបនេះបានបក់ជំនោរខ្យល់ថ្មីជូនក្រុមសិល្បៈ។ រាល់ឈុតសម្តែង បងស្រីធារី បានរៀបចំយ៉ាងហ្មត់ចត់ ដើម្បីទាក់ទាញអារម្មណ៍អ្នកទស្សនា។ សមាជិកក្នុងក្រុមសិល្បៈ គឺជាយុវតីខ្មែរដ៏ស្រស់ស្អាត ថ្វីត្បិតមានមុខរបរ កិច្ចការងារផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែសុទ្ធសឹងមានទឹកចិត្តស្រឡាញ់សិល្បៈរបស់ជនជាតិ។
ក្រោយពីពលកម្មនឿយហត់ ពេលទំនេរ សមាជិកក្នុងក្រុមសិល្បៈនាំគ្នាទៅវត្តដើម្បីហាត់សមនិងបណ្តែតអារម្មណ៍ទៅតាមក្បាច់រាំនិងចង្វាក់ភ្លេង។ ទន្ទឹមនឹងនោះ ពួកគេថែមទាំងខិតខំរៀនសូត្រ ច្នៃប្រតិដ្ឋបង្កើតក្បាច់របាំថ្មីៗឱ្យកាន់តែសម្បូរបែប បង្កើតនូវការវេញបញ្ចូលគ្នា រវាងទម្រង់សិល្បៈបុរាណ និងសម័យទំនើប។
បងស្រីថាច់ធីធារី ឱ្យដឹង៖ “នាងខ្ញុំមានចំណូលចិត្តនិងផ្សារភ្ជាប់ជាមួយសិល្បៈជនជាតិតាំងពីក្មេងម៉្លេះ ដូច្នេះ នាងខ្ញុំចង់បង្កលក្ខណៈឱ្យប្អូនៗយុវវ័យដែលមានចំណូលចិត្ត ដើម្បីប្អូនៗមានឱកាសពង្រីកទេពកោសល្យនិងស្នងបន្ត ធ្វើយ៉ាងណារក្សាតម្លៃវប្បធម៌ដ៏ពិសេសរបស់ជនជាតិខ្លួន។ តាំងពីពេលក្រុមសិល្បៈបានបង្កើត អ្នកដែលមានទេពកោសល្យច្រៀងរាំមិនតិចទេ ដើម្បីចូលរួមក្រុមសិល្បៈរបស់វត្តនិងភូមិភាគ”។
ព្រះតេជព្រះគុណយឿងក្វឹង ព្រះចៅអធិការវត្តគម្ភីរសាគរព្រែកជ្រៅ មានថេរដីកា៖ ចាប់ពីមានក្រុមសិល្បៈ ឃើញថាពុទ្ធបរិស័ទចំណុះជើងវត្តនិងភ្ញៀវទេសចរចូលមកវត្តកាន់តែច្រើន។ នេះជាប្រការគួរឱ្យរីករាយ ពីព្រោះសិល្បៈប្រពៃណីខ្មែរ នៅតែមានជីវិតរស់រានយ៉ាងខ្លាំងក្លា៕
យោង៖ https://baodantoc.vn- ប្រែសម្រួល៖ លីសៀ