អូរឡឹម ជាឃុំតំបន់ភ្នំមានលក្ខណៈសេដ្ឋកិច្ចលំបាកពិសេសរបស់ស្រុកទ្រីតូង ខេត្តអាងយ៉ាង មានជនរួមជាតិខ្មែរស់នៅជាង៩៧%។ សេដ្ឋកិច្ចពឹងផ្អែកលើរបរកសិកម្ម ជីវភាពប្រជាជននៅជួបលំបាកច្រើន។ ឆ្នាំ២០១៩ សមាគមកសិករខេត្តអាងយ៉ាង បានផ្សព្វផ្សាយអនុវត្តគម្រោង “ជំនួយគោដល់គ្រួសារក្រជាជនជាតិខ្មែរ”។
គម្រោងជំនួយមេគោ ជាឱកាសដើម្បីជួយដល់គ្រួសារខ្មែរក្រីក្រនៅឃុំអូរឡឹមឈានឡើងចាកភាពក្រីក្រ។
គ្រួសារបងស្រីនាងកុង ជាគ្រួសារក្រីក្រមួយនៅឃុំអូរឡឹម។ ឆ្នាំ២០១៩ គ្រួសារបងស្រី បានគម្រោងពិនិត្យផ្ដល់ជំនួយមេគោមួយក្បាល។ រយៈពេលចិញ្ចឹមថែទាំបានមួយឆ្នាំ មេគោកាន់តែធំធាត់ល្អ បងស្រីសប្បាយចិត្តណាស់។”នេះជាការផ្តល់ឱកាសពង្រីកសេដ្ឋកិច្ចឈានឡើងចាកភាពក្រីក្រចីរភាព។ សូមអរគុណដល់ផ្នែកសមត្ថកិច្ចបានផ្ដល់ឱកាសនេះដល់គ្រួសារខ្ញុំ”។
ក៏ដូចជាគ្រួសារបងស្រីនាងកុងដែរ គ្រួសារលោកចៅសំ នៅភូមិភឿកឡុង បានទទួលជំនួយមេគោមួយ ដោយការយកចិត្តទុកដាក់របស់សមាគមកសិករគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិភាគ ទើបគ្រួសារខ្ញុំបានជំនួយមេគោមួយក្បាល។ សព្វថ្ងៃ មេគោកំពុងមានផ្ទៃពោះ៣ខែហើយ។ ខ្ញុំរំពឹងថា មេគោនឹងកើតកូនពូនចៅជាបន្តបន្ទាប់នៅពេលខាងមុខ”។
តាមប្រសាសន៍ លោកទីវឌិញហ៊ីវញ៉ឹងហូវ ប្រធានសមាគមកសិករឃុំអូរឡឹម គម្រោងបានជំនួយមេគោដល់គ្រួសារក្រក្នុងឃុំចំនួន២៤គ្រួសារ សរុបថវិកា៣៥៧,៦លានដុង។ ចំនួនមេគោទាំងនេះ គឺគម្រោងបានទិញពីមូលដ្ឋានអាជីវកម្មដ៏ទុកចិត្តមួយ ដោយតម្លៃ១៤,៩លានដុងក្នុងមួយក្បាល។ ក្រៅពីជំនួយមេគោ កសិករក៏បានហ្វឹកហាត់ ផ្ទេរជូនវិទ្យាសាស្រ្ត-បច្ចេកទេសក្នុងការចិញ្ចឹម។ ព្រមជាមួយនោះ បុគ្គលិកបច្ចេកទេសជំរុញកសិកម្មនៅមូលដ្ឋាន តែងពិនិត្យតាមដានគម្រោងនេះជាប្រចាំ និងណែនាំកសិករអំពីរបៀបថែទាំ បង្ការជំងឺជាដើម។ ហេតុនេះ ទើបគោធំធាត់ល្អ មិនសូវមានជំងឺតម្កាត់ កសិករកាន់តែសប្បាយចិត្ត។
លោកទីវឌិញហ៊ីវញ៉ឹងហូវ វាយតម្លៃ៖ រយៈពេលមួយឆ្នាំ អនុវត្តគម្រោងគ្រួសារដែលបានទទួលផលសុទ្ធសឹងសប្បាយចិត្ត ហើយខិតខំចិញ្ចឹមថែទាំគោឱ្យឆាប់ធាត់ធំល្អ។ មេគោមួយចំនួនក្នុងគម្រោងកំពុងមានផ្ទៃពោះ រំពឹងថានឹងផ្ដល់ប្រាក់ចំណូលដល់កសិករក្នុងពេលខាងមុខ។ គ្រួសារជាច្រើនសង្កេតឃើញការចិញ្ចឹមគោនេះនាំមកនូវប្រសិទ្ធភាព ទើបពួកគាត់សន្សែសន្សំលុយទិញគោមកចិញ្ចឹមដែរ។ “គម្រោងនេះ មានអត្ថន័យយ៉ាងសំខាន់ រួមចំណែកអនុវត្តល្អការងារសុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។ ពិសេសគឺ ជួយជនរួមជាតិខ្មែរលើកស្ទួយជីវភាពគ្រួសារ ឈានឡើងចាកភាពក្រីក្រ” - លោកទីវឌិញហ៊ីវញ៉ឹងហូវ ប្រធានសមាគមកសិករឃុំអូរឡឹម បានឱ្យដឹងដូច្នេះ៕
ប្រភព៖ កាសែតអាងយ៉ាង- ប្រែសម្រួល៖ ពេជ្រសឿន