កឹងធើ៖ តាមប្រភពព័ត៌មានពីមន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ ឱ្យដឹង មន្ទីរពេទ្យទើបធ្វើការវះកាត់ផ្លាស់សន្លាក់ឆ្អឹងត្រគាកដល់អ្នកជំងឺវ័យចាស់២នាក់ ដែលមានចង្វាក់បេះដូងដើរយឺត។
គ្រូពេទ្យកំពុងធ្វើការវះកាត់ផ្លាស់សន្លាក់ឆ្អឹងត្រគាក។
នោះគឺស្រ្តីអ្នកជំងឺ វ័យ៧៧ឆ្នាំ នៅខេត្តសុកត្រាំង បានបញ្ចូនមកកាន់មន្ទីរពេទ្យកាលពីថ្ងៃ២២ ខែមេសា ក្រោយពីគាត់ដើរដួល។ អ្នកជំងឺរូបនេះ ដួលបាក់ឆ្អឹងផាលត្រគាក ក្រៅពីនោះ អ្នកជំងឺមានរោគសញ្ញាចំណុចនៃការចលនាបេះដូងចុះខ្សោយ-ការចលនាចង្វាក់បេះដូងខុសប្រក្រតី៤០ ដងក្នុងមួយនាទី។ អ្នកជំងឺទី២ ក៏ជាស្រ្តីវ័យ៨៤ឆ្នាំ នៅខេត្តហូវយ៉ាង បានបញ្ចូនមកកាន់មន្ទីរពេទ្យកាលពីថ្ងៃ២៦ ខែមេសា ក្នុងស្ថានភាពឈឺចង្កេះខាងស្តាំខ្លាំង បន្ទាប់ពីដើរដួល។ អ្នកជំងឺបានបាក់ឆ្អឹងផាលត្រគាកខាងស្តាំ ចង្វាក់បេះដូងដើរយឺត៤០ដងមួយនាទី។
ក្រោយពីពិភាក្សាយោបល់ គ្រូពេទ្យបានសម្រេចចិត្តដាក់ម៉ាស៊ីនជំនួយបេះដូងមុននឹងធ្វើការវះកាត់ផ្លាស់សន្លាក់ ឆ្អឹងត្រគាកខាងឆ្វេងពាក់កណ្ដាល។ ក្រោយពីវះកាត់ អ្នកជំងឺវ័យ៧៧ឆ្នាំ ត្រូវបានដាក់ម៉ាស៊ីនជំនួយបេះដូងជារៀងរហូត រួចបានចេញពីមន្ទីរពេទ្យ។ ឯអ្នកជំងឺទី២ ត្រូវបានដាក់ម៉ាស៊ីនជំនួយបេះដូងជារៀងរហូត នៅថ្ងៃ១៦ ខែឧសភា។
តាមប្រសាសន៍ វេជ្ជបណ្ឌិតហ្វិញថុងអែម នាយកមជ្ឈមណ្ឌលរបួសនិងកែរាងកាយនៃមន្ទីរពេទ្យ ការបាក់ឆ្អឹងត្រគាក និងបាក់ឆ្អឹងផាលត្រគាក គឺបណ្ដាលមកពីការរអិលដួល ភាគច្រើនតែងកើតមានចំពោះមនុស្សចាស់។ ការវះកាត់ផ្លាស់សន្លាក់ឆ្អឹងត្រគាក ជួយអ្នកជំងឺឆាប់ជាសះស្បើយឡើងវិញ អាចដើរទៅមកបាន ជៀសវាងស្ថានភាពអ្នកជំងឺដេកមួយកន្លែង បណ្ដាលឱ្យឈឺរុាំរ៉ៃមកពីឆ្អឹងដែលបាក់នោះប៉ះគ្នា។ ដោយសារអ្នកជំងឺដេកមួយកន្លែង ធ្វើឱ្យសរីរាង្គដូចជា ពោះវៀនធំ ប្លោកនោម មិនអាចដំណើរការធម្មតាបាន បណ្ដាលឱ្យលំបាកក្នុងការបន្ទោរបង់ ធ្វើឱ្យទល់នោម ឆ្លងមេរោគតម្រងនោម។ រលាកត្រង់កន្លែងដែលសង្កត់លើ ដូចជា គូទ ខ្នង កែងជើង ។ ការរលាកធ្វើឱ្យស្ទះសរសៃឈាមដែលផ្គត់ផ្គង់ឈាមទៅជើង ដោយសារអ្នកជំងឺដេកមួយកន្លែង មិនធ្វើចលនាជាដើម។ ក្រោយពីធ្វើការវះកាត់ អ្នកជំងឺអាចធ្វើចលនា និងដើរសសៀរៗបាន បន្ទាប់ពីការវះកាត់២-៣ថ្ងៃ។
ការវះកាត់ផ្លាស់សន្លាក់ឆ្អឹងត្រគាក ចំពោះមនុស្សវ័យចំណាស់នៅលើពិភពលោក និងនៅវៀតណាម តែងប្រឈមនឹងហានិភ័យខ្ពស់ ឬក៏អាចនឹងបាត់បង់ជីវិតក៏សឹងមាន មកពីរាងកាយអ្នកជំងឺស្ថិតក្នុងភាពជរា និងមានរោគប្រចាំកាយមួយចំនួនផង ដូចជា ទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់ ខ្សោយបេះដូងជាដើម។ ទោះជាដូច្នោះក៏ដោយ តែបើសិនបានធ្វើរោគវិនិច្ឆ័យច្បាស់លាស់ ត្រៀមបម្រុងគ្រប់សព្វ សុខភាពរបស់អ្នកជំងឺអាចធានាបាន គ្រូពេទ្យមានឯកទេសច្បាស់លាស់ នោះអាចនឹងធ្វើការវះកាត់ដោយសុវត្ថិភាព៕
អត្ថបទ រូបថត៖ ហ្វែហ្វា-ពេជ្រសឿន