ច្រើនឆ្នាំមកនេះ ព្រះតេជព្រះគុណយឿងលឿង ព្រះចៅអធិការវត្តសិរីវង្សាអណ្តូងចេកមាស (ពុតធ្លេថ្មី) ឃុំវិញប៊ិញ ស្រុកហ្វាប៊ិញ ខេត្តបាកលីវ ព្រះអង្គតែងយកអស់ព្រះទ័យក្នុងការកសាងវត្តអារាម និងគិតគូរដល់ការបួសរៀនរបស់ព្រះសង្ឃ។ ផ្តើមពីនោះ ពុទ្ធបរិស័ទក្នុងចំណុះជើងវត្តជឿទុកចិត្តនិងសាមគ្គីជាធ្លុងមួយ រួមវិភាគទានកសាងវត្តអារាមកាន់តែមានសោភណភាពពីមួយថ្ងៃទៅមួយថ្ងៃ។
មុនពេលកសាងសំណង់អ្វីមួយក្នុងវត្ត ព្រះតេជព្រះគុណយឿងលឿងតែងសួរយោបល់ពីគណៈកម្មការវត្ត។
ឆ្នាំ២០០០ ពេលបានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបាកលីវ ចាត់មកទទួលនាទីជាព្រះចៅអធិការវត្តអណ្តូងចេកមាស កាលនោះកុដិ សាលារបស់វត្តភាគច្រើនគឺចាស់ទ្រុឌទ្រោម ព្រះវិហារកសាងមិនទាន់ហើយ នៅជុំវិញវត្តមានស្រះ អណ្តូងខ្វាត់ខ្វែង និងដើមឈើស្មៅដុះស៊ុមទ្រុម។ល។ ឃើញដូច្នោះ ព្រះអង្គបានពិភាក្សាជាមួយនឹងគណៈកម្មការវត្ត គឺត្រូវមានការសាមគ្គី រៃអង្គាសពុទ្ធបរិស័ទ រួមវិភាគទានប្រាក់ដើម្បីកសាង បង្កលក្ខណៈងាយស្រួលសម្រាប់ព្រះសង្ឃបួសរៀន និងពុទ្ធបរិស័ទមកវត្តធ្វើបុណ្យសុន្ទរ៍ទាន។
ព្រះតេជព្រះគុណយឿងលឿង មានថេរដីកា៖ “វត្តជាមជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌របស់ពុទ្ធបរិស័ទ ហេតុនោះវត្តអារាមត្រូវស្អាតបាត ទើបទាក់ទាញបានពុទ្ធបរិស័ទមកវត្តធ្វើបុណ្យសុន្ទរ៍ទាន និងយុវជនមកបួសរៀន។ ព្រោះហេតុនោះ ភារកិច្ចដំបូងរបស់អាត្មាភាព គឺត្រូវតែកសាងព្រះវិហារឱ្យសម្រេច និងកសាងកុដិ សាលាឡើងវិញឱ្យបានសមរម្យ”។ អាស្រ័យអស់ពីព្រះទ័យរៃអង្គាសពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេសរួមវិភាគទាន មកទល់ពេលនេះ ព្រះវិហារបានកសាងសម្រេចជាស្ថាពរ ចំណែកកុដិ សាលាកសាងជិតសម្រេច ក្នុងបរិវេណវត្តបានចាក់ដីពង្រាបស្មើ និងដាំដើមឈើលម្អ បង្កបរិយាកាស បៃតង ជ្រះស្អាត។ ក្រៅពីនោះ ព្រះអង្គនៅទាំងបង្កលក្ខណៈឱ្យព្រះសង្ឃទៅរៀននៅសាលាមធ្យម សិក្សាបំពេញវិជ្ជាបាលីណាមបូទៀតផង។ ដល់រដូវវិស្សមកាលម្តងៗ វត្តតែងបើកថ្នាក់បង្រៀនអក្សរខ្មែរ សម្រាប់កូនចៅពុទ្ធបរិស័ទមករៀនសូត្រ។ លោកថាច់អឿង ប្រធានគណៈកម្មការវត្ត ឱ្យដឹង៖ “ចាប់ពីព្រះតេជព្រះគុណយឿងលឿង មកទទួលនាទី ជាព្រះចៅអធិការវត្ត ឃើញថាក្នុងវត្តមានសំណង់ថ្មីៗជាច្រើនបានកសាងឡើង ហើយមានភាពសមរម្យជាងពីមួយថ្ងៃទៅមួយថ្ងៃ ម្ល៉ោះហើយពុទ្ធបរិ ស័ទតែងគោរពស្រឡាញ់ព្រះអង្គ។ ពិសេស ព្រះអង្គតែងដឹកនាំពុទ្ធបរិស័ទរស់នៅត្រូវគោរពតាមច្បាប់ ។ សកម្មចលនាសប្បុរសជនរួមវិភាគទាន ដើម្បីបោះទូក-ងថ្មី និងស្នើខេត្តឧបត្ថម្ភភ្លេងពិណពាទ្យមួយវង់។ បច្ចុប្បន្ន ទូទាំងស្រុកមានតែទូក-ង វត្តសិរីវង្សាអណ្តូងចេកមាសមួយគាត់ នេះក៏ជាកិត្តិយសដ៏ធំធេងសម្រាប់វត្តយើងខ្ញុំ”។
“ពេលឈានជើងចូលវត្តនេះ អាត្មាភាពបានកំណត់ច្បាស់ក្នុងព្រះទ័យមួយជីវិតគឺផ្សារភ្ជាប់ជាមួយនឹងវត្តអារាម និងពុទ្ធសាសនា ម្ល៉ោះហើយគោលបំណងរបស់អាត្មាភាព គឺត្រូវតែកសាងវត្តអណ្តូងចេកមាសឱ្យកាន់តែសមរម្យ។ ពេលខាងមុខ អាត្មាភាពនឹងបន្តរៃអង្គាសសប្បុរជនរួមវិភាគទានកសាង កុដិ សាលាឱ្យបានសម្រេចជាស្ថាពរ ដើម្បីសមជាវត្តមួយសម្រេចបទដ្ឋានកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត” - ព្រះតេជព្រះគុណយឿងលឿង មានព្រះថេរដីកាដូច្នេះ៕
លីធាន-វិមាន