កីឡាករវាយកូនបាល់អូស្រ្តាលី Ashleigh Barty កំពុងឈរក្បាលតារាង WTA (សមាគមកីឡាវាយកូនបាល់អាជីពស្ត្រី)។ មានមនុស្សតិចណាស់ដែលនឹកស្មានមិនដល់ថា Barty អាចឆ្លងកាត់ការធ្លាក់ទឹកចិត្ត ដើម្បីត្រឡប់មកលេងកីឡាវាយកូនបាល់ ហើយដណ្តើមបានចំណាត់ថ្នាក់កំពូលតាមរបៀបដ៏អស្ចារ្យ។ តាមការព្យាករណ៍របស់អ្នកគាំទ្រភាគច្រើន ហេតុដែលBartyវិលត្រឡប់មករកភាពជោគជ័យវិញ គឺដោយសារនាងស្រលាញ់កីឡាវាយកូនបាល់នេះដ៏លើសលុប។
Barty ទទួលពានរង្វាន់ជើងឯក Birmingham។
កើតនៅក្នុងគ្រួសារអ្នកកីឡា ហេតុនោះពេលអាយុ៤ឆ្នាំ Barty ក៏"ស្រឡាញ់កូនបាល់"នេះខ្លាំងណាស់ ទោះជាការកាន់ដងវាយកូនបាល់ក៏មានការពិបាកទៅហើយសម្រាប់ក្មេងស្រីដែលមានមាឌតូចទាប។ ប៉ុន្តែទេពកោសល្យ និងការឧស្សាហ៍ហ្វឹកហាត់បានជំនួសឱ្យរាងកាយតូចទាបរបស់ក្មេងស្រីនេះ។ Barty ប្រកួតបានល្អនៅពានរង្វាន់សម្រាប់យុវវ័យ។ ពេលអាយុ១៥ឆ្នាំ នាងបានគ្រងតំណែងជើងឯកពានរង្វាន់Grand Slams សម្រាប់យុវវ័យ នៅលើទីលានប្រទេសអង់គ្លេស។ ឆាប់ទទួលបានជោគជ័យក៏ជាសម្ពាធសម្រាប់យុវតីមាឌតូចទាបនេះផងដែរ។
បន្ទាប់ពីឈ្នះពានរង្វាន់Grand Slamsសម្រាប់យុវវ័យមិនយូរប៉ុន្មាន Barty ក៏បានប្រកាសលះលែងការប្រកួតដោយសារមានជំងឺធ្លាក់ទឹកចិត្ត។ ស្មារតីនៃអត្តពលិកអាជីព ត្រូវបាននាងអនុវត្តក្នុងការព្យាបាលជំងឺ។ មួយរយៈក្រោយមកBarty បានត្រឡប់មកលេងកីឡាវិញ ប៉ុន្តែនាងបានជ្រើសរើសកីឡាCricket ដើម្បីប្រកួតឱ្យក្លឹបBrisbane Heat។ លោកAndy Richards គ្រូបង្វឹករបស់ក្លឹបបាននិយាយថា ទោះបីលេងកីឡាCricket ប៉ុន្តែBartyនៅតែមានរូបរាងជាកីឡាករវាយកូនបាល់ដដែល។ បន្ទាប់ពីប្រកួតបាន១ឆ្នាំ Barty មានគោលជំហររឹងមាំជាអត្តពលិកអាជីពមួយរូប ទោះជាប្រកួតក្រុមឬក៏ប្រកួតទោល។ បន្ទាប់មកនាងបានសម្រេចចិត្តត្រឡប់ទៅលេងកីឡាវាយកូនបាល់អាជីពវិញ។
Barty (ឈរ) ពេលនៅប្រកួតកីឡា Cricket។
ពេលវិលត្រឡប់មកលេងកីឡាវាយកូនបាល់នៅខែឧសភា ឆ្នាំ២០១៦ Bartyបានចុះឈ្មោះចូលរួមក្នុងការប្រកួតអាជីពWTA Eastbourne ។ ជាមួយនឹងជ័យជម្នះ៦លើកជាប់ៗគ្នា Bartyក៏មានឈ្មោះក្នុងតារាង WTA ដោយឈរចំណាត់ថ្នាក់លេខ៦២៣។ ជាមួយនឹងចំណាត់ថ្នាក់នេះ នាងមិនបានគេចាត់ជាកីឡាករពូកែដើម្បីចែកពូលនៅរាល់ការប្រកួត ហើយត្រូវប្រកួតជាច្រើននៅពានរង្វាន់តូចៗដើម្បីសន្សំពិន្ទុះឡើងចំណាត់ថ្នាក់។ បន្ទាប់ពីរយៈពេល១៤ខែវិលមកប្រកួតកីឡាវាយកូនបាល់ នាងបានឈ្នះពានរង្វាន់ WTA ដំបូងបង្អស់ក្នុងព្រឹត្តិការណ៍Malaysia Open ។ នៅឆ្នាំ២០១៩ នាងបានឈ្នះពាន់រង្វាន់Masters១០០០ លើកដំបូង នៅMiami Open និងបានឈ្នះពានរង្វាន់Grand Slams លើកដំបូង នៅFrench Open ។ នៅក្នុងការប្រកួតនេះBartyមិនទាន់បានគេចាត់ជាកីឡាករឆ្នើម ដើម្បីចែកពូលនៅឡើយ។ ដល់ចុងឆ្នាំ២០១៩ Barty ទទួលបានជើងឯកWorld Tour Finals នៅលើកដំបូងដែលនាងចូលរួម។ ក្រៅពីប្រកួតទោល នាងក៏ទទួលបានជើងឯកពេលប្រកួតគូរនៅព្រឹត្តិការណ៍ French Open ២០១៨និងប្រកួតឱ្យក្រុមជម្រើសជាតិអូស្ត្រាលីចូលដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Fed Cup ២០១៩ ។ល។៕
ហាថាញ-សុផន