រដូវអំបិលឆ្នាំ២០១៩-២០២០ កសិករផលិតអំបិលលើភូមិសាស្រ្តទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង អ្នកណាក៏សប្បាយរីករាយ ពីព្រោះអាកាសធាតុក្ដៅអូសបន្លាយ អំបិលដុះច្រើនហើយតម្លៃក៏លំនឹង។ នេះចាត់ទុកជារដូវផលិតអំបិលអំណោយផលចំពោះកសិករនៅតំបន់សមុទ្រវិញចូវ ទោះជាមិនទាន់ដល់រដូវប្រមូលផលស្រុះគ្នាក៏ដោយ។
កសិករផលិតអំបិលនៅទីរួមខេត្តវិញចូវកំពុងប្រមូលផល។
តាមការិយាល័យសេដ្ឋកិច្ចទីរួមខេត្តវិញចូវ ឆ្នាំ២០២០ លើភូមិសាស្រ្តទីរួមខេត្តវិញចូវ មានស្រែអំបិលប្រមាណ១២០ហិកតា ប្រមូលផ្តុំនៅតាមភូមិភាគនានា ដូច៖ ឃុំឡាយហ្វា វិញតឹង និងវិញភឿក។ កសិករផលិតអំបិលនៅវិញចូវ ភាគច្រើនគឺផលិតអំបិលខ្មៅសម្រាប់ប្រឡាក់មើមស្ពៃ ឬក៏សម្រាប់ប្រឡាក់ជលផល។ល។ នៅឃុំវិញតឹង មានស្រែអំបិលប្រមាណ៣២ហិកតា បច្ចុប្បន្នប្រមូលផលបានជិត៤០០តោន។ លោកស្រីឡេធីកឹមដឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវិញតឹង ឱ្យដឹង៖ "កសិករផលិតអំបិលលើភូមិសាស្រ្តឃុំមានក្តីត្រេកអរយ៉ាងខ្លាំង ពេលដឹងថាតម្លៃអំបិលស្ថិតនៅកម្រិតខ្ពស់ជាង១.០០០ដុង/គីឡូក្រាម ចាប់ពីដើមឆ្នាំ ហើយមានភាពលំនឹង ធានាឱ្យកសិកររកបានប្រាក់ចំណូលច្រើន។ ឆ្នាំ២០១៩ តម្លៃអំបិលស្ថិតក្នុងរង្វង់ពី១លានដល់១,២លានដុង/តោន ហើយក្នុងដំណាក់កាលនេះ កសិករផលិតអំបិលលក់បានតម្លៃ១,២លានដុង/តោន ឯប្រាក់វិនិយោគទៅលើស្រែអំបិលប្រមាណ១០លានដុង/ហិកតា។ ដោយអាកាសធាតុអំណោយផល និងតម្លៃដូចបច្ចុប្បន្ន អំបិលដែលកសិករផលិតបានកើនឡើងទ្វេដង និងរកបានប្រាក់ចំណេញច្រើន"។ លោកស៊ើងថាញ់ខា នៅឃុំឡាយហ្វា ឱ្យដឹង៖ "ខ្ញុំប្រមូលផលអំបិលលើកដំបូង លើផ្ទៃដី៣ហិកតាបានប្រមាណ៥០តោន។ ជាមួយនឹងអាកាសធាតុក្ដៅ គ្មានភ្លៀង រវាងជាង១០ថ្ងៃទៀតនឹងដល់ពេលប្រមូលផលលើកទី២។ ការប្រមូលផលអំបិលអាចអូសបន្លាយពី៣ដល់៥លើកក្នុងមួយរដូវ ម្ល៉ោះហើយអាកាសធាតុកាន់តែក្ដៅ អំបិលកាន់តែដុះច្រើន និងអំណោយផល"។
ផ្តើមពីអាកាសធាតុអំណោយផល និងតម្លៃលំនឹងតាំងពីដើមរដូវឆ្នាំ២០២០ ឃើញថារបរផលិតអំបិលរបស់ប្រជាជននៅតំបន់សមុទ្រវិញចូវ នៅពេលខាងមុខនឹងបានរក្សានិងអភិវឌ្ឍន៍ជាបន្ត ជួយឱ្យគ្រួសារប្រជាជននៅទីនេះ បំផុតគឺគ្រួសារជនជាតិខ្មែរអភិរក្សរបរប្រពៃណីរបស់ភូមិភាគ លំនឹងជីវភាព និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ លោកវ៉ហ្វាងណាម អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡាយហ្វា ឱ្យដឹង៖ "ប្រមាណជាង២០ថ្ងៃទៀត គឺដល់រដូវប្រមូលផលអំបិលស្រុះគ្នា ប៉ុន្តែមកដល់ពេលនេះ បរិមាណអំបិលពីដើមឆ្នាំរបស់ឃុំសម្រេចបានជាង៣៧០តោន។ តាមការគ្រោងទុកដល់ខែបន្ទាប់ អាកាសធាតុក្ដៅខ្លាំង បរិមាណផលអំបិលនឹងកើនបន្ថែមទៀត ប្រសិនបើតម្លៃនៅកម្រិតខ្ពស់ដូចសព្វថ្ងៃ រដូវផលិតអំបិលឆ្នាំ២០២០ របស់កសិករលើភូមិសាស្រ្តឃុំ ចាត់ទុកថាទទួលបានជោគជ័យ"៕
យ្វីអាញ់-វិមាន