ដោយលក្ខណៈពិសេសជាឃុំកសិកម្ម មានឧត្តមភាពខាងដំណាំអំពៅ (ប្រមាណ ១.១០០ ហិកតា) ក៏ប៉ុន្តែជាច្រើនឆ្នាំមកនេះ ជីវភាពប្រជាជនឃុំគីមសើុង ស្រុកថ្កូវ ខេត្តត្រាវិញ តែងជួបការលំបាកខណៈពេលតម្លៃអំពៅចុះថោក។ ផ្តើមពីភាពជាក់ស្តែងខាងលើ កាលពីឆ្នាំ ២០១៧ ប្រជាជនក្នុងឃុំមិនអល់អែកក្នុងការបង្វែរផ្ទៃដីដាំអំពៅដែលផ្តល់ទិន្នផលទាប ងាកមកអនុវត្តទម្រង់ផលិតកម្មផ្សេងៗ ដូច៖ ដាំដំណាំនិងចិញ្ចឹមជលផល ផលិតស្រូវ ដាំដំណាំរួមផ្សំ។ល។ ជំហានដំបូងផ្តល់តម្លៃសេដ្ឋកិច្ចកើនពី៣-៥ដង បើប្រៀបនឹងដាំអំពៅ។
ផ្ទៃដីចិញ្ចឹមបង្គា ភូមិជ្រោយទន្សាត្រូវបានបង្វែរពីផ្ទៃដីដាំអំពៅ។
កសិករកៀងសម្បូរ នៅភូមិថ្កូវ ឱ្យដឹង៖ “គ្រួសារខ្ញុំដាំអំពៅជាង៣០ឆ្នាំមកហើយ មកពីតម្លៃអំពៅចុះថោក ហើយការដាំអំពៅត្រូវជួលកម្មករតាំងពីចុះពូជ ថែទាំរហូតដល់ប្រមូលផល ម្ល៉ោះហើយមិនចំណេញទេ។ ក្នុងមួយរដូវអ្នកដាំខាតដើមទុនពី២-៣លានដុង/១.០០០ម៉ែត្រការ៉េ បើតម្លៃអំពៅក្រោមពី៩៥០ដុង/គីឡូក្រាម។ ចាប់ពីឆ្នាំ២០១៧ គ្រួសារខ្ញុំ បង្វែរផ្ទៃដីដាំអំពៅ១ហិកតា ងាកមកចិញ្ចឹមត្រីផ្ទក់និងត្រីក្រាយ; ផ្តល់តម្លៃសេដ្ឋកិច្ចពី១៥០-២០០លានដុង/១.០០០ម៉ែត្រការ៉េ”។
លោកស្រីត្រឹមធីសាណេន ប្រធានគណៈកម្មាធិការប្រជាជនឃុំគីមសើុង ឱ្យដឹង៖ តាមរយៈការបង្វែររចនាសម្ព័ន្ធផលិត បានបង្កភាពវិវឌ្ឍជាវិជ្ជមានសម្រាប់ប្រជាជនភូមិភាគ រួមចំណែកកំណើនតម្លៃផលិតកម្មក្នុងរយៈពេល៩ខែដើមឆ្នាំ ២០១៩ សម្រេចជាង ៣៨,២ ពាន់លានដុង លើស៥២,៨%នៃផែនការ; ក្នុងនោះ តម្លៃផលិតកសិកម្ម និងជលផលសម្រេច២៦,១ពាន់លានដុង។ ផ្តើមពីនោះ ជម្រុញប្រាក់ចំណូលជាមធ្យមភាគក្នុងមនុស្សម្នាក់ៗសម្រេច៣៥លានដុង/ម្នាក់/ឆ្នាំ (កើន៥លានដុង/ម្នាក់/ឆ្នាំបើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨)។
តាមតួលេខបានសឱ្យឃើញថា៖ ឆ្នាំ២០១៩ កសិករឃុំគីមសើុង បានបង្វែររចនាសម្ព័ន្ធផ្ទៃដីដាំអំពៅ២៨៥,៨២ហិកតា ងាកមកទម្រង់ផលិតកម្មផ្សេងៗ។ ក្នុងនោះ បានបង្វែរផ្ទៃដីដាំអំពៅ ១៦៥,៩១ហិកតា ងាកមកផលិតស្រូវ; ផ្ទៃដី៩៨,៤៦ហិកតា ងាកមកដាំនិងចិញ្ចឹមជលផល; ផ្ទៃដី១៣,៣៣ហិកតា ងាកមកដាំដំណាំរួមផ្សំ; ផ្ទៃដី៤,០៣ហិកតា ងាកមកដាំដូង និងផ្ទៃដី៤,០៩ហិកតាងាកមកដាំស្មៅចិញ្ចឹមគោ។ បច្ចុប្បន្ន ផ្ទៃដីដាំអំពៅក្នុងឃុំនៅតែ៧៧៨,៣៩ហិកតា កាត់បន្ថយ២៩៨,៩១ហិកតា បើប្រៀបនឹងរដូវអំពៅឆ្នាំ២០១៨-២០១៩។ ដើម្បីបង្កលក្ខណសម្បត្តិសម្រាប់ប្រជាជនអនុវត្តការបង្វែររចនាសម្ព័ន្ធផលិតសម្រេចប្រសិទ្ធភាពខ្ពស់ ភូមិភាគបានវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ដែលបង្កបង្កើនផល មានដូច៖ ជីកស្តារប្រឡាយនិងធ្វើទំនប់ជាដើម។ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៩ ឃុំគីមសើុង កសាងទំនប់ចំនួន៣ នៅភូមិបឹងស្នាយ ភូមិបាយឆាវ និងភូមិជ្រោយទន្សា ដោយមានប្រវែងជាង ១០,៤ គីឡូម៉ែត្រ; ជីកស្តារប្រឡាយចំនួន ៩ ខ្សែ មានប្រវែង ៣,៧៥ គីឡូម៉ែត្រ។ល។ ថ្វីត្បិតដូច្នោះក្តី ក្នុងដំណាក់កាលអនុវត្តការបង្វែររចនាសម្ព័ន្ធ ប្រជាជនឃុំគីមសើុងជួបការលំបាកមិនតិចផងដែរ មកពីតំបន់ដែលដាំអំពៅមិនទាន់មានស្ពានថ្នល់ត្រឹមត្រូវនៅឡើយ៕
សឺនម៉ាល័យ-លីសៀ