ចម្រៀងប្រជាប្រិយខ្មែរណាមបូ ផ្សារភ្ជាប់ស្អិតល្មួតជាមួយនឹងការរស់នៅប្រចាំថ្ងៃ សកម្មភាពវប្បធម៌សហគមន៍និងពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ។ ថ្វីដ្បិតដូច្នោះក្តី ជាមួយនឹងនិន្នាការសមាហរណកម្មនិងទំនាក់ទំនងកាន់តែទូលំទូលាយខឿនចម្រៀងប្រជាប្រិយរបស់ជនរួមជាតិខ្មែរណាមបូ កំពុងប្រឈមនឹងការលំបាកសាកល្បងច្រើន។ ការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ចម្រៀងប្រជាប្រិយខ្មែរណាមបូ បាននិងកំពុងជាការងារចាំបាច់។
ប្រគំភ្លេងពិណពាទ្យ។
ជនរួមជាតិខ្មែរ គឺជាជនជាតិមួយមានចំនួនប្រជាជនច្រើនបំផុតក្នុងចំណោមជនជាតិភាគតិចនៅណាមបូ។ ជនជាតិខ្មែរ បានបង្កើតខឿនវប្បធម៌-សិល្បៈប្រជាប្រិយមួយដ៏វិសេសនិងសម្បូរបែប។ ក្នុងនោះ ចម្រៀងប្រជាប្រិយខ្មែរណាមបូមានច្រើនទម្រង់ផ្សេងៗពីគ្នា ដូចជា៖ ភ្លេងពិណពាទ្យ ភ្លេងមហោរី ភ្លេងការ របាំឆៃយុាំ ចម្រៀងអាយ៉ៃ ចម្រៀងចាប៉ី ចម្រៀងកុមារ ចម្រៀងបំពេកូនជាដើម ។ល។ ទម្រង់សិល្បៈនេះ ក្លាយជាចំណីអារម្មណ៍មិនអាចខ្វះបានរបស់ជនរួមជាតិខ្មែរក្នុងជីវភាពប្រចាំថ្ងៃ សកម្មភាពវប្បធម៌សហគមន៍ និងពិធីបុណ្យប្រពៃណីផ្សេងៗទៀត។ល។ ថ្វីបើដូច្នោះក្តី តាមប្រសាសន៍លោកផាមតៀកខាញ់ វិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ៖ តថភាពនៃការសាបរលាប ភាពបាត់បង់អត្តសញ្ញាណនៃទម្រង់សិល្បៈចម្រៀងប្រជាប្រិយខ្មែរណាមបូមួយចំនួនគឺជាការពិត អាស្រ័យដោយកត្តាច្រើនយ៉ាង។ នោះគឺ៖ ការរងផលប៉ះពាល់នៃនិន្នាការសាកលភាវូបនីយកម្ម ធ្វើឱ្យផ្លាស់ប្តូរចំណូលចិត្តទស្សនារបស់ប្រជាជន និងការរងផលប៉ះពាល់នៃទម្រង់សិល្បៈចម្រៀងប្រជាប្រិយផ្សេងៗទៀត។ល។ ការអភិរក្សនិងពង្រីកចម្រៀងប្រជាប្រិយខ្មែរណាមបូរយៈពេលកន្លង សំខាន់គឺតាមទិសដៅកើតឯង និងការផ្សព្វផ្សាយរក្សាតាមរបៀបប្រាប់បន្តគ្នាពីជំនាន់មួយទៅជំនាន់មួយ ដោយសិល្បករ សិប្បករ។ ទម្រង់សមុច្ច័យ សិក្សាស្រាវជ្រាវ ឧទ្ទេសនាម បណ្តុះបណ្តាល ក៏នៅមានកម្រិតនិងមានការខ្វះចន្លោះច្រើន។
ធ្វើយ៉ាងណាដើម្បីអភិរក្សនិងពង្រីកតម្លៃវប្បធម៌ចម្រៀងប្រជាប្រិយខ្មែរណាមបូ? លោកសើុង ង៉ុកហ្វាង នាយករងនៃសាលាមធ្យមសិក្សាវប្បធម៌-សិល្បៈខេត្តសុកត្រាំង ឱ្យដឹង៖ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ និងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍នៅតំបន់វាលរាបទន្លេគឺវឡុង គប្បីរៀបចំសិក្ខាសាលាវិទ្យាសាស្រ្ត ក្រោមបធានបទជំនាញពីសិល្បៈចម្រៀងប្រជាប្រិយ ដើម្បីស្វែងរកដំណោះស្រាយដែលមានលក្ខណៈកំណត់ទិសដៅច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព។ បើកថ្នាក់បង្រៀន ភ្លេងប្រពៃណី បង្ហាត់ចម្រៀងប្រជាប្រិយ មានលក្ខណៈត្រឹមត្រូវដល់យុវវ័យខ្មែរណាមបូ។ ក្រៅពីនោះ តាមប្រសាសន៍សិល្បករឆ្នើមថាច់សាងសេដ្ឋ អតីតនាយករងស្ថានីយវិទ្យុទូរទស្សន៍ខេត្តត្រាវិញ ឱ្យដឹង៖ គប្បីបណ្តុះបណ្តាលបន្ថែមអ្នកដែលមានទេពកោសល្យខាងនិពន្ធនិងបកប្រែ ដើម្បីកា្លយជាអ្នកសមុច្ច័យ សិក្សាស្រាវជ្រាវ ដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយវណ្ណកម្មចម្រៀងប្រជាប្រិយខ្មែរថ្មីពីរោះៗ គួរជាទីចាប់អារម្មណ៍ប្រកបដោយលក្ខណៈសោភណភាពខ្ពស់។
ការអភិរក្សតម្លៃវប្បធម៌ចម្រៀងប្រជាប្រិយខ្មែរណាមបូ ទាមទារត្រូវមានគោលនយោបាយមួយឯកភាព ជួយឱ្យសហគមន៍ជនរួមជាតិខ្មែរយល់បានពីកេរដំណែលដ៏មានតម្លៃ ដែលបុព្វបុរសបានបន្សល់ទុកមក។ ផ្តើមពីនោះ បញ្ចេញកម្លាំងអភិរក្សនិងបន្តរក្សាដល់បច្ឆាជន រួមចំណែកកសាងនិងអភិវឌ្ឍខឿនវប្បធម៌វៀតណាមជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិ៕
ថាញ់ឡុង-វិមាន