ឡុងមីជាស្រុកមានជនរួមជាតិខ្មែរ រស់នៅច្រើនបំផុតរបស់ខេត្តហូវយ៉ាង។ ជាច្រើនឆ្នាំមកនេះ បក្ស និងរដ្ឋ បានវិនិយោគនូវគោលនយោបាយជនជាតិជាច្រើន ម៉្លោះហើយ ជីវភាពជនរួមជាតិខ្មែរ ត្រូវបានលើកស្ទួយ មុខមាត់ជនបទកាន់តែមានភាពផ្លាស់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។
ផ្លូវជនបទចូលទៅកាន់ភូមិ៥ ឃុំសាភៀង ស្រុកឡុងមី ត្រូវបានចាក់បេតុង។
រយៈពេល៥ឆ្នាំកន្លង ស្រុកឡុងមីខ្នះខ្នែង ផ្សព្វផ្សាយគោលនយោបាយរបស់បក្ស និងរដ្ឋ ចំពោះតំបន់ជនរួមជាតិខ្មែរ ដោយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ពិសេស ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ផ្តល់ជូនដីផលិតកម្ម ដីសង់លំនៅឋាន សង់ផ្ទះជូន ឱ្យបុលទុនពង្រីកសេដ្ឋកិច្ចជាដើម។ល។
ជាក់ស្តែង ផ្តើមពីកម្មវិធី១៣៥បានកសាងទម្រង់អភិវឌ្ឍ ផលិតកម្មចំនួន១២ មានចិញ្ចឹមត្រី ជ្រូក ក្របី គោ ដាំបន្លែ សុវត្ថិភាពជាដើម។ល។ សរុបថវិកាជាង៣ពាន់លានដុង អនុវត្តសេចក្តីសម្រេចចិត្តលេខ៥៤របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីការឧបត្ថម្ភបុលទុនអភិវឌ្ឍផលិតកម្មជាមួយថវិកាជាង៦៧០លានដុង អនុវត្តសេចក្តីសម្រេចចិត្តលេខ២០៨៥ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីការឧបត្ថម្ភបុលទុនឥណទានទិញដីផលិតកម្មជូនគ្រួសារក្រីក្រនៅឃុំនានាដែលលំបាកពិសេស ជាមួយថវិកា១,៨ពាន់លានដុង។ល។ ទន្ទឹមនឹងនោះ ស្រុកនៅទាំងកសាងផ្លូវគមនាគមន៍ជនបទបាន៧ខ្សែ សាលារៀន៣ខ្នង សរុបថវិកាជាង១២ពាន់លានដុង ដើម្បីបង្កលក្ខណៈឲ្យកូនចៅមាមីងទៅរៀនសូត្រមានភាពងាយស្រួល។ ក្រៅពីនោះ ស្រុកក៏បានជម្រើសសិស្សជាជនជាតិខ្មែរចំនួន៨០នាក់ចូលរៀនមហាវិទ្យាល័យ អនុមហាវិទ្យាល័យទៀតផង។ អាស្រ័យហេតុនោះ ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិខ្មែរត្រូវបានលើកស្ទួយ កម្រិតប្រជាបញ្ញានៅតំបន់ជនរួមជាតិខ្មែរកាន់តែមានភាពល្អប្រសើរ។ អ្នកមីងធីបឹង នៅភូមិ៥ ឃុំសាភៀង ឲ្យដឹង៖ “មុននេះ ផ្លូវចាប់ពីឃុំទៅកាន់ភូមិ៥ រដូវវស្សាភក់ជ្រាំ ទឹកលិចត្រឹមជង្គង់ ត្រូវធ្វើដំណើរដោយថ្មើរជើង ឬជិះទូកតែប៉ុណ្ណោះ។ ឥឡូវ មានផ្លូវបេតុងរាបស្មើ អគ្គិសនី ទឹកស្អាតតភ្ជាប់ចូលដល់ផ្ទះ ម៉្លោះហើយការដាំដុះ ចិញ្ចឹមសត្វ និងធ្វើស្រែរបស់មាមីងក៏មានភាពងាយស្រួល។ អ្នកក្របានរដ្ឋជួយសង់ផ្ទះឲ្យ ឧបត្ថម្ភដីធាផ្ទះ ដីផលិតកម្ម ឲ្យបុលទុនប្រកបរបររកស៊ី។ល។ ផ្តើមពីនោះ មាមីងម្នាក់ៗក៏ខំប្រឹងធ្វើការរកទទួលទាន ដើម្បីចាកផុតពីភាពក្រីក្រ។ ឥឡូវនេះ នៅឃុំសាភៀងមានភាពផ្លាស់ថ្មីច្រើន នោះគឺអាស្រ័យបក្ស រដ្ឋផ្តោតការយកចិត្តទុកដាក់គិតគូរឲ្យតំបន់ជនរួមជាតិខ្មែរ”។
អាស្រ័យបានបុលទុនអនុគ្រោះនិងបានរដ្ឋជំនួយពូជសត្វ ចិញ្ចឹម បងយ័ញហាយ នៅភូមិ៤ ឃុំសាភៀង មានលក្ខណៈពង្រីកសេដ្ឋកិច្ចគ្រួសារ។
តាមប្រសាសន៍លោកឡឹមថាញ់ហ៊ុង ប្រធានការិយាល័យជនជាតិស្រុកឡុងមី រយៈពេលកន្លង គោលនយោបាយសម្រាប់ជនរួមជាតិខ្មែរលើភូមិសាស្រ្តស្រុក តែងផ្សព្វផ្សាយអនុវត្តបានទាន់ពេល ដោយនាំមកនូវប្រសិទ្ធភាពយ៉ាងជាក់ស្តែង។ មកទល់បច្ចុប្បន្ន នៅតាមឃុំតំបន់ដាច់ស្រយាល ដែលមានជនរួមជាតិខ្មែររស់នៅកុះករ មានអគារសិក្សាសមរម្យ ដំណាក់សុខាភិបាល ផ្លូវគមនាគមន៍ជនបទត្រូវបានវិនិយោគកសាងសម្រេចរួចរាល់ ប្រព័ន្ធធារាសាស្រ្ត ទំនប់រាំងទឹកប្រៃក៏បានកសាងរឹងមាំ ធានាឲ្យប្រជាជនមានទឹកសាបស្រោចស្រពបម្រើការផលិតផ្លូវបេតុងតភ្ជាប់ឃុំ ភូមិ គ្រួសារជនរួមជាតិខ្មែរមានអគ្គិសនីនិងទឹកស្អាតប្រើប្រាស់ជាង ៩០% ។ល។ ឆ្លងតាមរយៈនោះ ជីវភាពជនរួមជាតិខ្មែរបានលើកស្ទួយផែនមហាសាមគ្គីបណ្តាជនជាតិត្រូវបានបង្កើនតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរត្រូវបានរក្សានិងពង្រីក។ល។ ជាពិសេស ជនរួមជាតិខ្មែរតែងជឿជាក់ទៅលើការដឹកនាំរបស់បក្ស និងរដ្ឋ សម្តែងនូវស្មារតីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន ជម្នះលំបាក គិតគូរពង្រីកការផលិត រួមចំណែកក្នុងទិសដៅបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងព្រួតដៃកសាងជនបទថ្មី៕
លីធាន-មុនី