រួមជាមួយនឹងជនជាតិភាគតិចដទៃទៀត ឃើញថាជនរួមជាតិខ្មែរត្រូវបានគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ និងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ ចាប់ពីមជ្ឈិមរហូតដល់ភូមិភាគ បានយកចិត្តទុកដាក់ បង្កលក្ខណសម្បត្តិដើម្បីពង្រីកកម្លាំងផ្ទៃក្នុង។ ផ្តើមពីនោះ ទើបជីវភាពរបស់ជនរួមជាតិខ្មែរត្រូវបានលើកស្ទួយបន្តិចម្តងៗគួរឲ្យកត់សម្គាល់។ល។
ដោយសារដើមទុនកម្ចីឥណទានពីគោលនយោបាយ បានជាអ្នកមីងសឺនធីភឿង នៅភូមិថើយត្រឿងI ឃុំថើយស្វឹង ស្រុកកើ-ដ ក្រុងកឹងធើ ដាំដំណាំរួមផ្សំ និងចិញ្ចឹមជ្រូក ចាកផុតពីភាពក្រីក្រ។
ពូម៉ាយវ៉ាន់ហ្វាង នៅភូមិដៀនហ្វា ឃុំថើយតឹង ស្រុកថើយឡាយ ក្រុងកឹងធើ ឲ្យដឹង៖ “ខ្ញុំនិងគ្រួសារមានក្តីសោមនស្សរីករាយចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ខ្លាំងណាស់។ ពិសេស គឺ គោលការណ៍ គោលនយោបាយដែលពាក់ពន័្ធដល់ជនរួមជាតិខ្មែរ ដែលបានដាក់ចេញត្រូវបានអនុវត្តល្អ ដូច៖ គោលនយោបាយជំនួយដីសង់ផ្ទះ ដោះស្រាយការងាធ្វើ ឧបត្ថម្ភទុនកម្ចីឥណទានអភិវឌ្ឍផលិតកម្ម។ល។ រួមចំណែកជួយឲ្យជីវភាពរបស់ជនរួមជាតិខ្មែរឈានឡើងជាលំដាប់”។
ប៉ុន្មានឆ្នាំកន្លង ទូទាំងប្រព័ន្ធនយោបាយក្រុងកឹងធើ តែងអនុវត្តបានល្អនូវគោលនយោបាយជនជាតិ ដូច៖ ជំរុញការងារកាត់បន្ថយភាពក្រីក្រ ដោះស្រាយឧបត្ថម្ភគ្រួសារជនជាតិភាគតិចក្រីក្រ អំពីផ្ទះ ដីសង់ផ្ទះ ដោះស្រាយតម្រូវការទុន១០០% ដល់គ្រួសារក្រីក្រដែលត្រូវការដើមទុនបង្កបង្កើនផល លើកស្ទួយជីវភាព អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ទន្ទឹមនឹងនោះ ក្រុងក៏បានជំនួយថវិកាដល់សិស្សានុសិស្ស និស្សិតជនជាតិភាគតិចក្នុងក្របខណ្ឌ គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ ដែលកំពុងរៀននៅសាលាមធ្យមសិក្សាវិជ្ជាជីវៈ ឬក៏មធ្យមសិក្សាមុខជំនាញ។ល។ ទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនអ្នកមានប្រជាប្រិយភាពគំរូ សួរសុខទុក្ខ និងជូនអំណោយក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បុណ្យសែនដូនតា។ល។ បានជាគុណភាពនៃការរស់នៅ បានលើកស្ទួយជនរួមជាតិខ្មែរសប្បាយរីករាយ បង្កបាននូវការផ្សារភ្ជាប់ ការឯកភាពក្នុងទូទាំងសង្គមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់។ លោកលឿងវ៉ាន់ត្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ ឲ្យដឹង៖ “កាលពីដើមឆ្នាំ២០១៨ ទូទាំងក្រុងកឹងធើ មានជនជាតិខ្មែរក្រីក្រប្រមាណ៧៤០គ្រួសារ។ លុះដល់ចុងឆ្នាំ២០១៨ មានជនជាតិខ្មែរចាកផុតពីភាពក្រីក្រ២៨៧គ្រួសារ ឥឡូវនៅសល់តែ៤៥៣គ្រួសារក្រីក្រប៉ុណ្ណោះ។ នេះគឺជាលទ្ធផលគួរឲ្យកត់សម្គាល់ ដែលបានមកពីការប្រឹងប្រែងរបស់គ្រួសារក្រីក្រនីមួយៗ ព្រមទាំងការឧបត្ថម្ភទូទាំងប្រព័ន្ធនយោបាយ ដើម្បីលើកស្ទួយជីវភាពជនរួមជាតិខ្មែរ”។
ទោះបីមានជំហានរីកចម្រើនក៏ពិតមែន ប៉ុន្តែអាស្រ័យលក្ខណៈនៃការរស់នៅរបស់អ្នកស្រុក ភូមិសាស្រ្តស្នាក់នៅ និងទម្លាប់បង្កបង្កើនផល ម្ល៉ោះហើយជីវភាពរបស់ជនរួមជាតិខ្មែរមួយចំនួនខ្លះនៅមានការក្រលំបាកច្រើន មិនទាន់មានមុខរបររកស៊ីមានប្រាក់ចំណូលលំនឹងនៅឡើយ។ អាស្រ័យហេតុនោះ មានមតិជាច្រើនលើកឡើងថា រយៈពេលខាងមុខ បក្សនិងរដ្ឋ បន្តការយកចិត្តទុកដាក់ បង្កលក្ខណសម្បត្តិឧបត្ថម្ភ ដើម្បីជនរួមជាតិភាគតិចនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក មានជីវភាពល្អប្រសើរ។ តាមប្រសាសន៍លោក លឿងវ៉ាន់ត្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ ឆ្នាំ២០១៩ ក្រុងនឹងបន្តការអនុវត្តល្អនូវគោលនយោបាយជនជាតិ រួមចំណែកលើកស្ទួយជីវភាពរបស់ជនរួមជាតិភាគតិចនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែកឲ្យបានគ្រប់ជ្រុងជ្រោយ។ ជាក់ស្តែង ក្រុងកឹងធើនឹងបន្តការរៀបចំអនុវត្តគម្រោង អនុវត្តគោលនយោបាយដាច់ដោយឡែកឧបត្ថម្ភ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចដំណាក់កាល២០១៧-២០២០ ដូច៖ ឧបត្ថម្ភជនរួមជាតិភាគតិចដែលគ្មានដីសង់ផ្ទះ ឧបត្ថម្ភប្តូរមុខរបរសម្រាប់គ្រួសារក្រីក្រដែលគ្មានដីបង្កបង្កើនផល ឧបត្ថម្ភកម្ចីឥណទានអនុគ្រោះ។ល។ ទន្ទឹមនឹងនោះ ក្រុងកឹងធើ ក៏បានរៀបចំមហាសន្និបាត តំណាងបណ្តាជនជាតិភាគតិចថ្នាក់ស្រុក និងថ្នាក់ក្រុងលើកទីIII ឆ្នាំ២០១៩ ឆ្ពោះទៅមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចទូទាំង ប្រទេស លើកទីII ឆ្នាំ២០២០ ផងដែរ៕
ថាញ់ឡុង-លីសៀ