កីឡាករតិន្នីសពិភពលោក Roger Federer ទើបទទួលបានពានជើងឯកលើកទី១០០ របស់សម្ព័ន្ធសមាគមតិន្នីសពិភពលោក(ATP) ក្រោយពីឈ្នះពានរង្វាន់ជើងឯក Dubai Cham pionship ឆ្នាំ២០១៩នេះ។
កីឡាករ Federer ប្រកួតកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ។ រូប៖ អ៊ីនធឺណែត។
គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ ពេលកាសែតនានាប្រណាំងគ្នាស្ងើចសរសើរពីស្នាដៃ “កីឡាករ Federer ” ពេលដែលគាត់ទទួលបានកិត្តិនាមម្ចាស់ពានរង្វាន់ ATP លើកទី១០០។ មុននោះ ក្នុងមជ្ឈដ្ឋានកីឡាករតិន្នីសពិភពលោក ក៏មានកីឡាករបុរសទទួលបានកិត្តិនាមនេះដែរ ប៉ុន្តែមិនបានដូច “កីឡាករជើងឯក”រូបនេះទេ ដោយទទួលបានកិត្តិនាម ពិសេសៗជាច្រើនពីពានរង្វាន់ATP។ ក្នុងចំណោមពានរង្វាន់ទាំង១០០របស់កីឡាករ Federer រួមមាន៖ ឈ្នះពានរង្វាន់ Grand Slam ២០លើក ពានរង្វាន់ ATP Finals ៦លើក ពានរង្វាន់ ATP World Tour១០០០ ចំនួន២៧លើក ពានរង្វាន់ ATP World Tour ៥០០ ចំនួន២២លើក និងពានរង្វាន់ ATP World Tour ២៥០ចំនួន២៥លើក។ ក្នុងចំណោមកីឡាករបុរសដែលទទួលបានកិត្តិនាមពានរង្វាន់ ATP ច្រើនបំផុត មានតែ “កីឡាករជើងចាស់”រូបនេះទេ ដែលឈ្នះពានរង្វាន់ Grand Slam បានដល់ទៅ២០លើក។
ប្រការគួរឲ្យសរសើរគឺ “កីឡាករFederer” បានបង្កើតឯតទគ្គកម្មនៅដំណាក់កាលជ្រាលជ្រេ ខណៈពេលគាត់អាយុ ៣៨ឆ្នាំ។ ម្យ៉ាងទៀត សម្រាប់វ័យនេះ តិចមានអ្នកណារំពឹងថា កីឡាករ Federer អាចប្រកួតបានល្អនៅ Dubai ឡើយ។ ភាពភ្ញាក់ផ្អើលរបស់អ្នកគាំទ្រក៏អាចយល់បាន ពីព្រោះក្នុងអំឡុងពេលមិនយូរប៉ុន្មាន កីឡាករជើងឯក ត្រូវបានធ្លាក់ពីចំណាត់ថ្នាក់លេខ៣ ចុះមកចំណាត់ថ្នាក់លេខ៧ពិភពលោក ដោយសារត្រូវជម្រុះនៅជុំទី៤ ពេលប្រកួតពានរង្វាន់ជើងឯក Australian Open ឆ្នាំ២០១៩។ ក្រោយពីការប្រកួតចុះកម្លាំង នៅប្រទេសអូស្ត្រាលីកាលពីដើមឆ្នាំនេះ មានអ្នកខ្លះគិតថា កីឡាករFederer ប្រហែលជាបញ្ចប់អាជីពលេងតិន្នីស។ ប៉ុន្តែ “កីឡាករFederer” បែរជាប្រកួតបានល្អពានរង្វាន់នៅ Dubai - ជាកន្លែងដែលរូបគាត់ធ្លាប់ឈ្នះរង្វាន់ជើងឯក៧លើក តាំងពីមុនមក។
ការស្តារកិត្តិយសឡើងវិញរបស់កីឡាករ Roger Federer នៅពានរង្វាន់ Dubai Championship ឆ្នាំ២០១៩នេះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍និងរីករាយ ដោយយល់ថា ប្រហែល ជាមិនទាន់ដល់ពេលដែលកីឡាកររូបនេះបញ្ចប់អាជីពឡើយ។ ក្នុងចំណោមកីឡាករតិន្នីសទាំងអស់ មានតែកីឡាករ Roger Federer ទេ ដែលមានអ្នកគាំទ្រច្រើនបំផុត។ ប្រការនេះគឺងាយយល់ទេ ដ្បិតអី កីឡាករ“វ័យចំណាស់” មិនត្រឹមតែវាយឆ្វេងដៃម្ខាងយ៉ាងស្អាតនិងវាយបន្តក់បាល់យ៉ាងពិសេសនោះទេ គាត់ថែមទាំងមានឥរិយាបថប្រកួតយ៉ាងជំនាញ និងជានិមិត្តរូបនៃកីឡាករមិនដែលមានស្នាមវិបត្តិឡើយ។ ទោះបីដូច្នោះក្តី នៅពេលកីឡាករ Roger Federer ឈានចូលអាយុ៣៨ឆ្នាំ អ្នកគាំទ្រក៏មិនទាមទារអ្វីដ៏លើសលុបពីកីឡាករដែលខ្លួនគាំទ្រប្រកួតក្នុង៥សិតនោះទេ តែសម្រាប់ការប្រកួតតែ៣សិតវិញ កិត្តិនាមជើងឯកគឺអាចនៅក្នុងរង្វង់ដៃគាត់៕
ហាថាញ់-លីសៀ