បងស្រីលីធីមីហៀង (អាយុ៣៤ឆ្នាំ) ប្រធានសមាគមសហព័ន្ធនារីឃុំវៀងប៊ិញ ស្រុកត្រឹងដេ ខេត្តសុកត្រាំង បានបង្កើតទម្រង់ក្លឹប និងក្រុមជាច្រើន ជួយសមាជិកឈានឡើងចាកផុតពីភាពក្រីក្រ។ វ័យនៅក្មេង អស់ពីចិត្តចំពោះការងារ ម្ល៉ោះហើយគាត់តែងបានសមាជិកស្រឡាញ់រាប់អាននិងជឿទុកចិត្ត។
បងស្រីលីធីមីហៀង។
ឆ្នាំ២០១០ បងស្រីហៀង ជាកម្មាភិបាលលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់ឃុំ។ អាស្រ័យហេតុនោះ គាត់យល់ច្បាស់ពីស្ថានភាពរស់នៅរបស់ប្រជាជននៅភូមិភាគ។ លុះដល់ឆ្នាំ២០១៥ បានថ្នាក់ដឹកនាំឃុំចាត់ឲ្យធ្វើជាប្រធានសមាគមសហព័ន្ធនារីឃុំ បងស្រីហៀងប្រឈមនឹងបញ្ហាកង្វល់ជាច្រើន។ បងស្រីហៀង ឲ្យដឹង៖ “កាលនោះ ខ្ញុំអាយុទើបតែ៣១ឆ្នាំ ហើយមិនធ្លាប់ចូលរួមការងារនារី ហេតុនោះមានការរារែកណាស់។ ដោយសារការឧបត្ថម្ភគាំពារណែនាំ និងចែករំលែកការងារដោយអស់ពីចិត្តរបស់បងប្អូននារីរៀមច្បង ម្ល៉ោះហើយខ្ញុំឆាប់យល់ពីការងារនេះ។ ផ្តើមពីនោះ ខ្ញុំតែងខិតខំបំពេញការងារអស់ពីលទ្ធភាព ដើម្បីភាពជឿនលឿនរបស់នារី”។
ដើម្បីយល់ច្បាស់អំពីការងារ បងស្រីហៀង តែងចុះទៅមូលដ្ឋានក្តោបក្តាប់មតិ គោលបំណងរបស់បងប្អូននារី និងចង្អុលការបង្កើតទម្រង់អភិវឌ្ឍសេដ្ឋកិច្ច ជួយបងប្អូននារីធ្វើការរកស៊ី។ ពិសេស បងស្រីបានចុះទៅដល់ផ្ទះចលនាបងប្អូននារីខ្មែរចូលរួមសមាគម ដើម្បីបានរៀនមុខរបរ បុលទុន និងរៀនសូត្របទពិសោធន៍ក្នុងការផលិត កសាងជីវភាព។ ក្រៅពីនោះ បងស្រីហៀង នៅទាំងសហការជាមួយនឹងមជ្ឈមណ្ឌល បង្រៀនវិជ្ជាជីវៈបើកថ្នាក់បង្រៀនរបរកាត់ដេរ ត្បាញបន្ទោះ និងឧទ្ទេសនាមការងារធ្វើ ដើម្បីសមាជិកមានការងារធ្វើក្រោយពីរៀនរបរ។ ទន្ទឹមនឹងនោះ ចងសម្ព័ន្ធជាមួយនឹងសហករណ៍គោទឹកដោះ Evergrowth បានបញ្ជូនសមាជិករៀនបច្ចេកទេស ចិញ្ចឹមគោទឹកដោះ។ អាស្រ័យហេតុនោះ សមាជិកជាច្រើន មានការងារធ្វើ រកបានប្រាក់ចំណូលលំនឹង។ បងស្រីថាច់ធីហុងសឿង នៅភូមិត្រាដឹក ឲ្យដឹង៖ “បងស្រីហៀង តែងអស់ពីចិត្តនឹងការងារ ព្រមទាំងជួយបងប្អូននារីទៀតផង។ គាត់តែងចុះទៅចលនាបងប្អូននារីចូលរួមសកម្មភាពក្នុងក្រុម ដើម្បីទទួលបានផលប្រយោជន៍។ ចាប់ពីថ្ងៃចូលរួមក្នុងក្រុមប្រិតសំចៃភូមិ ខ្ញុំបានយល់ដឹងច្រើនអំពីក្រឹត្យច្បាប់ ចេះរបៀបថែទាំសុខភាពផ្ទាល់ខ្លួននិងគ្រួសារ។ ពិសេសទៀតនោះ បងហៀងបានបង្កលក្ខណៈឲ្យខ្ញុំបុលទុនបាន៣៥លានដុង ដើម្បីចិញ្ចឹមគោទឹកដោះ និងរៀនរបរត្បាញបន្ទោះ។ ប៉ុន្មានឆ្នាំមកនេះ គោធំធាត់ល្អ ហើយមានគោ២ក្បាលកំពុងផ្តល់ទឹកដោះរាល់ថ្ងៃ។ល។ ឥឡូវជីវភាពគ្រួសារខ្ញុំបានលំនឹង”។
ដោយសារបងស្រីហៀង អស់ពីចិត្តពីថ្លើមក្នុងការចលនា ម្ល៉ោះហើយចំនួនសមាជិកចូលរួមសមាគមសហព័ន្ធនារីកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ឆ្នាំ២០១៧ ទូទាំងឃុំមានសមាជិក១.១១០នាក់។ បច្ចុប្បន្ន សមាជិកកើនឡើងដល់១.១៤៥នាក់។ ម្យ៉ាងទៀត បងស្រីហៀង នៅទាំងបង្កើតសហករណ៍គោទឹកដោះបានចំនួន១៩ ក្រុមនារីប្រិតសំចៃបាន៩ ក្លឹបនារីជាមួយ ក្រឹត្យច្បាប់ ក្រុមនារីកសាងគ្រួសារសុភមង្គល នារីបង្ការប្រឆាំងអំពើហិង្សាគ្រួសារ ក្រុមដាំបន្លែសុវត្ថិភាព និងក្រុមដាំឈូកយកក្រអៅជាដើម។ ឆ្លងតាមរយៈនោះ ជួយឲ្យបងប្អូននារីជាច្រើនមានការងារធ្វើ មានដើមទុនលក់ដូរ ផលិតកម្ម បង្កើនប្រាក់ចំណូល កែលម្អជីវភាព និងកសាងគ្រួសារសុភមង្គល។ ឆ្នាំ២០១៨ ទូទាំងឃុំមានសមាជិកនារី៤៣នាក់ ចាកផុតពីភាពក្រីក្រដោយចីរភាព។
និយាយពីការងារ បងស្រីហៀង ឲ្យដឹង៖ “ដោយសារខ្ញុំបានគ្រួសារគាំទ្រ និងបងប្អូននារីស្រឡាញ់រាប់អាន បង្កលក្ខណៈងាយស្រួលបំផុតដើម្បីខ្ញុំសម្រេចភារកិច្ចការងារ។ ឥឡូវ ខ្ញុំឃើញចូលរួមសកម្មភាពការងារនារីពិតជាសប្បាយណាស់ ពីព្រោះមានលក្ខណៈបានស្តាប់ ចែករំលែកនូវការលំបាក និងភាពងាយស្រួលក្នុងការរកស៊ី រឿងទុក្ខព្រួយឬសប្បាយក្នុងការកសាងជីវភាពគ្រួសាររបស់បងប្អូននារី។ ឆ្លងតាមរយៈនោះ ជួយឲ្យខ្ញុំកាន់តែមានបទពិសោធន៍ច្រើនក្នុងការងារ ក៏ដូចជាកសាងជីវភាពគ្រួសារសុភមង្គល”៕
លីធាន-វិមាន