ផ្ដើមពីគ្រួសារក្រីក្រមួយ ខ្នះខ្នែងធ្វើការរកទទួលទាននៅពេលបានទទួលផលពីរបបគោលនយោបាយសម្រាប់ជនរួមជាតិខ្មែរ បងត្រឿងវី នៅភូមិយុងយឿ A ឃុំវិញត្រាច់ដុង ក្រុងបាកលីវ ខេត្តបាកលីវ មានលក្ខណសម្បត្តិដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។ ឥឡូវនេះ គ្រួសារបងត្រឿងវី បានចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។
ប្ដីប្រពន្ធបងត្រឿងវី ត្រេកអររីករាយដោយបានរដ្ឋជំនួយសង់ផ្ទះ ដើមទុនទើបមានលក្ខណសម្បត្តិធ្វើការរកស៊ីដើម្បីចាកផុតពីភាពក្រីក្រ។
“ថ្វីត្បិតតែក្រ ប៉ុន្តែប្ដីប្រពន្ធបងត្រឿងវី មានការឧស្សាហ៍ប្រឹងប្រែងស៊ូទ្រាំលំបាកធ្វើការរកទទួលទាននិងចាយវាយចេះប្រឹតសំចៃ។ ម្ល៉ោះហើយ ពេលបានរដ្ឋជំនួយសង់ផ្ទះ ឧបត្ថម្ភដើមទុនរកស៊ី ប្ដីប្រពន្ធបងក៏បានចាកផុតពីភាពក្រីក្រយ៉ាងឆាប់រហ័ស ក្លាយជាគ្រួសាររកបានប្រាក់ចំណូលបង្គួរ។ ថ្វីបើដូច្នេះក៏ដោយ បងត្រឿងវី នៅតែឆ្លៀតទៅធ្វើការឈ្នួលបន្ថែមដើម្បីរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ម្ល៉ោះហើយមាមីងខ្មែរនៅទីនេះ អ្នកណាក៏ស្រឡាញ់រាប់អាននិងស្ងើចសរសើរមិនដាច់ពីមាត់”-លោកត្រឿងហ៊េប លេខាសាខាបក្សភូមិយុងយឿ A បានឲ្យដឹងដូច្នេះ ។
តាមសម្ដីបងត្រឿងវី ពីរនាក់ប្ដីប្រពន្ធបងសុទ្ធតែជាកូនអ្នកក្រ ម្ល៉ោះហើយពេលរៀបការរួចឪពុកម្ដាយចែកដីឲ្យបាន៥០០ម៉ែត្រការ៉េសម្រាប់សង់ផ្ទះនិងដាំបន្លែ។ បងធ្វើការឈ្នួលខួបឆ្នាំ ល្មមត្រឹមតែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។ ឆ្នាំ២០១០ ពេលបានរដ្ឋជំនួយសង់ផ្ទះ ឧបត្ថម្ភបុលទុនពង្រីកសេដ្ឋកិច្ចគ្រួសារ ជីវភាពគ្រួសារបងចាប់ផ្ដើមឈានឡើង។ បងវី ឲ្យដឹង៖ “មានផ្ទះសម្បែងនៅស្រួលបួល ខ្ញុំលែងបារម្ភចំពោះការជួសជុលផ្ទះទៀត។ នៅពេលបុលទុនបាន៥លានដុង ខ្ញុំយកទៅជួលដីសម្រាប់ដាំបន្លែ ឆ្លៀតពេលទំនេរខ្ញុំទៅធ្វើការឈ្នួល។ ឆ្នាំដំបូង ដាំខ្ទឹមស្លឹកទទួលបានផល ទើបខ្ញុំទិញបានដីចម្ការ១,៥កុង”។ មានដីដាំដំណាំរួមផ្សំ បងវីបញ្ចេញកម្លាំងថែទាំ ម្ល៉ោះហើយដំណាំរបស់បងតែងសម្រេចបានទិន្នផលខ្ពស់ជានិច្ច។ រកបានប្រាក់ចំណូលពីការដាំដំណាំ បងទូទាត់ដាច់ស្រេចប្រាក់បំណុលធនាគារគោលនយោបាយសង្គម។ ឆ្នាំ២០១៤ បងត្រឿងវី បន្តបុល២៥លានដុង ផ្សំជាមួយនឹងប្រាក់ដែលប្រឹតសំចៃដើម្បីទិញម៉ាស៊ីនភ្ជួរ។ តាំងពីពេលនោះមក ឲ្យតែដល់រដូវកាលម្ដងៗ បងវីតែងដើរស៊ីឈ្នួលភ្ជួររាល់ ចំណែកប្រពន្ធបងវិញ ថែទាំចម្ការដំណាំ។
មិនចុះញមចំពោះភាពក្រីក្រ រស់នៅដោយមិនសំអាងទៅលើគោលនយោបាយជំនួយរបស់រដ្ឋ ពេលមានឱកាសគឺត្រូវប្រឹងប្រែងធ្វើការរកស៊ី ត្រង់ហ្នឹងហើយទើបជីវភាពគ្រួសារបងវី កាន់តែធូរធារឡើង។ អាស្រ័យហេតុនោះ បងបានជួសជុលផ្ទះសម្បែង ទិញរបស់របរសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងមធ្យោបាយជិះទៅមក។ បងវី ឲ្យដឹងបន្ថែម៖ “មុននេះ ប្ដីប្រពន្ធខ្ញុំមិនហ៊ានគិតថាមានផ្ទះ សម្បែងសមរម្យ មានដីសម្រាប់បង្កបង្កើនផលឡើយ។ ជីវភាពបានដូចសព្វថ្ងៃនេះ ខ្ញុំមិនភ្លេចគុណរដ្ឋដែលមានគោលនយោបាយជួយដល់អ្នកក្រទេ។ ខ្ញុំយល់ច្បាស់ណាស់ ក្រគឺវេទនាណាស់! ហេតុនោះ សព្វថ្ងៃនេះ ក្រៅពីដាំដុះ ផុតរដូវភ្ជួររាស់ មាមីងក្នុងភូមិជួលបាញ់ថ្នាំ ធ្វើដីចម្ការ ឆ្លូកស្រូវ។ល។ ប្ដីប្រពន្ធខ្ញុំតែងទៅធ្វើដើម្បីរកប្រាក់ចំណូលបន្ថែម”។ តាមការប៉ាន់ស្មានរបស់បងវី ជាមធ្យមក្នុងមួយឆ្នាំបងដាំបន្លែបាន៣រដូវ ក្នុងមួយរដូវចំណេញពី១០-១៥លានដុងក្នុងមួយកុង។ ចំណែកប្រាក់ចំណូលបានពីការភ្ជួររាស់ក្នុងមួយរដូវ អាចរកបានជាង៣៥លានដុង៕
យ៉ីអាញ់-ពេជ្រសឿន