ជាខេត្តមួយមានជនរួមជាតិខ្មែររស់នៅកុះករ ស្រូបអត្រាជិត៣១% ម៉្លោះហើយសុកត្រាំងតែងយកចិត្តទុកដាក់យ៉ាងពិសេស ដល់ការអភិវឌ្ឍវិស័យអប់រំតំបន់ជនរួមជាតិខ្មែរ។ ខេត្តទើបដាក់ឲ្យប្រើប្រាស់សាលាមធ្យមសិក្សាមូលដ្ឋានជនជាតិអន្តេវាសិកត្រឹងដេ មានទីតាំងនៅស្រុកត្រឹងដេ។
សាលាមធ្យមសិក្សាមូលដ្ឋានជនជាតិអន្តេវាសិកត្រឹងដេ ខេត្តសុកត្រាំង។
សាលាមធ្យមសិក្សាមូលដ្ឋានជនជាតិអន្តេវាសិកត្រឹងដេ ត្រូវបានកសាងលើផ្ទៃដីជាង១៤.០០០ម៉ែត្រការ៉េ រួមមាន៖ មណ្ឌលការិយាល័យ បន្ទប់សិក្សា៨បន្ទប់ បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ បន្ទប់រៀនភាសាអង់គ្លេស។ ក្រៅពីនោះ សាលានៅទាំងមានមណ្ឌលអន្តេវាសិកដ្ឋាន អាហារដ្ឋាន និងទីលានលេងកីឡា។ល។ សាលាកសាងតាមបទដ្ឋានជាតិ សរុបថវិកាជាង៣០ពាន់លានដុង ឆ្លើយតបទៅនឹងតម្រូវការស្នាក់នៅនិងរៀនសូត្ររបស់សិស្ស២៨០នាក់។ លោកគ្រូត្រឹងស៊ុង នាយកសាលាមធ្យមសិក្សាមូលដ្ឋានជនជាតិអន្តេវាសិកត្រឹងដេ ឲ្យដឹង៖ នៅឆ្នាំសិក្សា២០១៨-២០១៩ សាលាទទួលសិស្សដែល ជាកូនចៅមាមីងជនរួមជាតិនៅភូមិភាគចុះឈ្មោះចូលរៀនចាប់ពីថ្នាក់ទី៦ដល់ទី៨ប្រមាណ១៦៩នាក់។ លោកយ័ញហ្វាងហុង នៅឃុំវៀងប៊ិញ ស្រុកត្រឹងដេ មានកូនរៀននៅសាលាមធ្យមសិក្សាមូលដ្ឋានជនជាតិអន្តេសិកត្រឹងដេ ឲ្យដឹង៖ “ខ្ញុំរីករាយណាស់ ពីព្រោះរដ្ឋយកចិត្តទុកដាក់កសាងសាលាមធ្យមសិក្សាមូលដ្ឋានជនជាតិអន្តេវាសិកជាបន្ថែមនៅស្រុកត្រឹងដេ ដើម្បីបង្កលក្ខណៈឲ្យកូនចៅមាមីងនៅតំបន់មាត់សមុទ្រឆ្ងាយពីមជ្ឈមណ្ឌលមានលក្ខណសម្បត្តិរៀនសូត្រ។ ពីមុនកូនចៅយើងខ្ញុំត្រូវទៅរៀននៅសាលាមធ្យមសិក្សាមូលដ្ឋានជនជាតិអន្តេវាសិកឡុងភូ។ ចម្ងាយផ្លូវរវាងស្រុកទាំង២ សម្រាប់សិស្សកម្រិតមធ្យមសិក្សាមូលដ្ឋាន ឃើញថាវាឆ្ងាយណាស់ ម៉្លោះហើយមានឪពុកម្តាយសិស្សជាច្រើន មិននឹងនរចិត្តពេលឲ្យកូនទៅរៀនឆ្ងាយ”។ ប្អូនឌិញធីកឹមតៀង នៅភូមិចើ ឃុំដាយអឹង២ជាសិស្សថ្នាក់ទី៨សាលាមធ្យមសិក្សាមូលដ្ឋានត្រឹងដេ ត្រេកអរយ៉ាងខ្លាំងនៅពេលមានសាលាថ្មី ប្អូនចែករំលែក៖ “ប្អូនសប្បាយចិត្តណាស់ ពីព្រោះមានសាលាថ្មី។ ប្អូនៗបានគ្រូបង្រៀន គណៈនាយកសាលាយកចិត្តទុកដាក់គិតគូរតាំងពីការហូបចុក រៀនសូត្ររហូតដល់ការលត់ដំសីលធម៌ និងកាយសម្បទា”។
គណៈនាយកនិងគ្រូបង្រៀននៃសាលាមធ្យមសិក្សាមូលដ្ឋានជនជាតិអន្តេវាសិកត្រឹងដេ ខេត្តសុកត្រាំង។
សុកត្រាំងជាខេត្តមួយក្នុងចំណោមខេត្តទាំងឡាយ មានការអភិវឌ្ឍល្អប្រព័ន្ធសាលាអន្តេវាសិកសម្រាប់កូនចៅ មាមីងជនរួមជាតិរៀនសូត្រនៅតំបន់វាលរាបទន្លេគឺវឡុង។ ការដាក់ឲ្យប្រើប្រាស់សាលាមធ្យមសិក្សាមូលដ្ឋានជនជាតិអន្តេវាសិកត្រឹងដេ សម្រាប់បង្រៀនក្នុងឆ្នាំសិក្សានេះ ឃើញថាមកទល់នឹងបច្ចុប្បន្ន ខេត្តមានប្រព័ន្ធសាលាអន្តេវាសិកចំនួន១០កន្លែង ក្នុងនោះមានសាលាកម្រិតមធ្យមសិក្សាចំណេះទូទៅចំនួន១ សាលាកម្រិតមធ្យមសិក្សាមូលដ្ឋាន និងមធ្យមសិក្សាចំណេះទូទៅចំនួន២ និងសាលាមធ្យមសិក្សាមូលដ្ឋានចំនួន៧ ទាក់ទាញសិស្សខ្មែរចូលរៀនជារៀងរាល់ឆ្នាំជិត៣.០០០នាក់៕
ត្រឿងផល-មុនី