រយៈពេលកន្លង កងជួរកម្មាភិបាលនៃមន្ទីរពេទ្យយោធាប្រជាជនស្រុកកើ-ដ ក្រុងកឹងធើ បានអនុវត្តល្អការងារថែទាំសុខភាពជូនជនរួមជាតិខ្មែរ ពិសេសគឺគ្រួសារដែលមានស្ថានភាពក្រលំបាក។
កម្មាភិបាលរបស់មន្ទីរពេទ្យកំពុងណែនាំអ្នកជំងឺប្រើប្រាស់ថ្នាំ។
ក្នុងឆ្នាំ២០១៨ មន្ទីរពេទ្យយោធាប្រជាជនស្រុកកើ-ដ បានរៀបចំពិនិត្យជំងឺ ចល័តចំនួន៤លើក ជូនមាមីងនៅតាមឃុំដុងថាំង ថើយស្វឹន ថើយដុងនិងទីប្រជុំជនកើ-ដ។ រៀងរាល់លើក អង្គភាពបានពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនជនរួមជាតិខ្មែរជាង២០០លើកនាក់។ ក្នុងការពិនិត្យជំងឺ ស្របឱកាសបុណ្យចូលឆ្នាំថ្មីឬបុណ្យទានផ្សេងៗ កងជួរកម្មាភិបាលរបស់មន្ទីរពេទ្យនៅទាំងជូនអំណោយដល់អ្នកជំងឺទៀតផង។ ការពិនិត្យជំងឺជូនប្រជាជន សរុបជិត២.០០០លើកនាក់ ប្រាក់ចំណាយសម្រប់ពិនិត្យជំងឺ ផ្តល់ថ្នាំនិងជូនអំណោយគិតជាប្រាក់ជាង២០០លានដុង។ ពូគឹមថៀន ប្រធានសាខាសមាគមកសិករភូមិថើយប៊ិញ២ ទីប្រជុំជនកើ-ដ បានឲ្យដឹងដោយក្តីរីករាយ៖ “ចាប់តាំងពីមានមន្ទីរពេទ្យយោធាប្រជាជននៅពេលឈឺថ្កាត់ម្ដងៗ មាមីងមិនបាច់ទៅឆ្ងាយបង់ខាតប្រាក់ច្រើន និងខាតពេលធ្វើការងារជាដើម។ ក្នុងឱកាសបុណ្យទានម្តងៗ នៅទាំងបានគ្រូពេទ្យពិនិត្យជំងឺ ផ្តល់ថ្នាំនិងជូនអំណោយទៀតផង។ ការពិនិត្យជំងឺមានប្រសិទ្ធភាព ម្យ៉ាងទៀតគ្រូពេទ្យ វេជ្ជបណ្ឌិតនៅទីនេះភាគច្រើនជាជនជាតិខ្មែរ និយាយភាសាខ្មែរ ម្ល៉ោះហើយមាមីងងាយស្រួលយល់ដឹងពីស្ថានភាពជំងឺរបស់ខ្លួននិងរបៀបបង្ការជំងឺ”។ ទន្ទឹមនឹងក្តីរីករាយដែលស្ថាប័នមានសមត្ថកិច្ចបានគិតគូរ មាមីងជនរួមជាតិខ្មែរ នៅទាំងមានភាពកក់ក្តៅ ខណៈពេលសម្លឹងឃើញកូនចៅរបស់ខ្លួុនរៀនសូត្របានជោគជ័យ វិលមកបម្រើជនរួមជាតិ។ សព្វថ្ងៃមន្ទីរពេទ្យយោធាប្រជាជនស្រុកកើ-ដ មានកម្មាភិបាលជនជាតិខ្មែរជាច្រើនមានសមត្ថភាព និងបានថ្នាក់លើយកចិត្តទុកដាក់បំពាក់បំប៉ន។
បងស្រីថាច់ធីយ៉យ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យយោធាប្រជាជនស្រុកកើ-ដ ជាអ្នកកើតនិងធំដឹងក្តីនៅស្រុកកើ-ដ បានចែករំលែក៖ “ មានបងប្អូនជាច្រើនជាកូនចៅជនរួមជាតិខ្មែរនៅទីនេះ បានទៅរៀនដោយរបបជ្រើសតាំង។ ក្រោយពីរៀនចប់ក៏វិលត្រឡប់មកបម្រើការងារនៅមជ្ឈមណ្ឌលសុខាភិបាលស្រុកកើ-ដ ឬនៅមន្ទីរពេទ្យយោធាប្រជាជន។ អាស្រ័យមានកងជួរគ្រូពេទ្យជាជនជាតិខ្មែរ នៅពេលមាមីងមកពិនិត្យជំងឺមិនមានភាពអល់អែក។ ការងារផ្សព្វផ្សាយ ថែទាំសុខភាពប្រជាជននៅនឹងមូលដ្ឋានក៏សម្រេចបានប្រសិទ្ធភាពជាង ដោយសារបងប្អូនប្រាស្រ័យទាក់ទងជាភាសាខ្មែរ”។
វរសេនីយ៍ឯកបម្រុង វេជ្ជបណ្ឌិតឯកទេស១ ផាមវុាំងបោយ នាយករងមន្ទីរពេទ្យយោធា ប្រជាជនស្រុកកើ-ដ ឲ្យដឹង៖ “ចាប់ពីដើមឆ្នាំ២០១៨មកទល់ឥឡូវ មន្ទីរពេទ្យកងទ័ពប្រជាជនរៀបចំពិនិត្យជំងឺ ផ្តល់ថ្នាំដោយឥតគិតថ្លៃនិងជូនអំណោយដល់មាមីងជាច្រើនលើក។ ជាពិសេសគឺក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម និងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ២០១៨។ នេះជាសកម្មភាពប្រចាំឆ្នាំរបស់មន្ទីរពេទ្យ សំដៅឧបត្ថម្ភទាន់ពេលជូនមាមីងទទួលអំណរបុណ្យចូលឆ្នាំ។ ទន្ទឹមនឹងនោះ អប់រំគ្រូពេទ្យ វេជ្ជបណ្ឌិតជំនាន់ក្រោយរបស់មន្ទីរពេទ្យ សំខាន់គឺកម្មាភិបាលជាជនជាតិខ្មែរ ត្រូវចេះយកចិត្តទុកដាក់ថែរក្សាបុណ្យប្រពៃណី និងបញ្ចេញកម្លាំងបម្រើជនរួមជាតិ”៕
ថាញ់ភូ-ថាច់ធី