ថ្នាក់ដឹកនាំផ្នែកឧស្សាហពាណិជ្ជកម្មនៃខេត្ត ក្រុងចំនួន៤៖ គឺកាម៉ាវ កៀនយ៉ាង អានយ៉ាង និងក្រុងកឹងធើ ទើបដំណើរការចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងសហការអភិវឌ្ឍ ផ្នែកឧស្សាហពាណិជ្ជកម្មនៅខេត្តនានា ចំណុះតំបន់សេដ្ឋកិច្ចសំខាន់ៗនៅវាលរាបទន្លេគឺវឡុង ដំណាក់កាល២០១៦-២០២០”។
ថ្នាក់ដឹកនាំផ្នែកឧស្សាហពាណិជ្ជកម្មនៃខេត្ត ក្រុងចំនួន៤ គឺ៖ កាម៉ាវ កៀនយ៉ាង អានយ៉ាង
និងក្រុងកឹងធើ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការ។
តំណាងថ្នាក់ដឹកនាំផ្នែកឧស្សាហពាណិជ្ជកម្មនៃខេត្ត ក្រុងចំនួន៤ បានដោះដូរខ្លឹមសារចុះហត្ថលេខា និងឈានដល់ការឯកភាព រួមគ្នាសហការចាត់ចែងនិងចូលរួមនូវដំណើរការតភ្ជាប់ដោះដូរពាណិជ្ជកម្ម ឧបត្ថម្ភអាជីវកម្មចុះកិច្ចសន្យាប្រមូលទិញផលិតផល ដើម្បីទាញយក និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវប្រភពកម្លាំងនៃភូមិភាគទាំង៤។ ឆ្លងតាមរយៈនោះ សហការដោះដូរព័ត៌មាន បទពិសោធន៍លើគ្រប់វិស័យ ទាក់ទាញអាជីវកម្មក្នុង និងក្រៅប្រទេស វិនិយោគទុនកសាងមជ្ឍមណ្ឌល ពាណិជ្ជកម្ម ផ្សារទំនើបផ្សារលក់ដុំ ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម។ នាយកមន្ទីរឧស្សាហពាណិជ្ជកម្មខេត្តកាម៉ាវ ង្វៀនវ៉ាន់ដូ ឲ្យដឹង៖ តំបន់សេដ្ឋកិច្ចសំខាន់ៗ នៃខេត្តក្រុងចំនួន៤នៅវាលរាបទន្លេគឺវឡុង ក្នុងប៉ុន្មានឆ្នាំកន្លង បានរួមចំណែកយ៉ាងច្រើនដល់តម្លៃនីហរ័ណកសិផល ជលផលទូទាំងប្រទេស។ ពិសេស ចំនួនមណ្ឌលឧស្សាហកម្មពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មកាន់តែសុក្រឹតបរិមាណផលិតផលឧស្សាហកម្ម សរុបកម្រិតនៃការលក់ទំនិញរាយ និងប្រាក់ចំណូលសេវាកម្ម តែងសម្រេចបានល្បឿនកំណើនខ្ពស់ ប្រព័ន្ធមជ្ឈមណ្ឌលពាណិជ្ជកម្មកំពុងកកើតនិងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ក្រៅពីនោះ នៅមានមជ្ឈមណ្ឌលថាមពលអគ្គិសនីធំៗចំនួន៣ទៀត គឺនៅអូរម៉ូង កាម៉ាវ កៀនលឿង ដោយមានពលានុភាពជិត១.០០០MW។
“ការចងសម្ព័ន្ធសហការនឹងជាគន្លឹះដើម្បីអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ចងសម្ព័ន្ធ ក្នុងផលិតកម្ម ពាណិជ្ជកម្ម នឹងរួមចំណែកអភិវឌ្ឍប្រព័ន្ធប្រមូលទិញ ប្រើប្រាស់ផលិតផល ជំនួយលំនឹងទីផ្សារ ធានាប្រភពផ្គត់ផ្គង់ទំនិញ កសាងសង្វាក់តភ្ជាប់ផ្គត់ផ្គង់តម្រូវការទំនិញ។ ព្រមជាមួយនោះ នេះគឺជាការកំណត់ទិសដ៏សំខាន់សម្រាប់ដំណើរការសហការ ដើម្បីអនុវត្តល្អនូវភាគកម្រិតភារកិច្ចលើវិស័យឧស្សាហពាណិជ្ជកម្មរបស់ភូមិភាគនីមួយៗ ទាញយកផលបានល្អនូវឧត្តមភាពគួបផ្សំនឹងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវសក្តានុភាពដែលមានស្រាប់របស់ភូមិភាគនីមួយៗ រួមចំណែកជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចនៅតាមខេត្ត ក្រុងចំនួន៤នេះ” -លោកង្វៀនវ៉ាន់ដូ បានបញ្ជាក់ឲ្យដឹងដូច្នេះ៕
យោង៖ កាសែតកាម៉ាវ-វិមាន