វត្តសិរីសុខុមសង្គមមានជ័យ ច្រើនហៅថាវត្តស្រឡូង ឋិតនៅប្របផ្លូវជាតិ១A ចម្ងាយពីក្រុងសុកត្រាំងប្រមាណ១២គីឡូម៉ែត្រ តាមដងផ្លូវឆ្ពោះទៅកាន់ខេត្តបាកលីវ ជាទីកន្លែងសក្ការបូជា ទេសចរណ៍ខាងផ្លូវចិត្ត បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
ព្រះសង្ឃនិងគណៈកម្មការវត្តសិរីសុខុមសង្គមមានជ័យ ។
វត្តសិរីសុខុមសង្គមមានជ័យ (វត្តស្រឡូង) នៅចំណុះឃុំដាយតឹម ស្រុកម៉ីស្វៀង ខេត្តសុកត្រាំង។ ជាវត្តខ្មែរមួយមានប្រវត្តិកសាងតាំងពីយូរលង់នៅខេត្តសុកត្រាំង វត្តចាប់ផ្ដើមកសាងនៅឆ្នាំ១៨១៥ មានទីធ្លាធំបង្គួរ មានផ្ទៃដី២,១ហិកតា និងមានរបងព័ទ្ធជុំវិញ។ វត្តមានដើមគគីរ ឈើទាលខ្ពស់ៗរាប់រយដើម ចោលម្លប់ត្រឈឹងត្រឈៃ។ ដូចជាវត្តខ្មែរឯទៀតដែរ វត្តសិរីសុខុមសង្គមមានជ័យ ក៏មានព្រះវិហារ សាលាទានសមណកុដិនិងសំណង់ជាច្រើន។ ជាពិសេស វត្តទើបកសាងសម្រេចសាលាពុទ្ធិកបឋមសិក្សាដោយថវិកាជិត៤ពាន់លានដុង មានក្បូរក្បាច់រចនាដោយអម្បែងចាន។ វត្តសិរីសុខុមសង្គមមានជ័យ ល្បីឈ្មោះដោយសារសំណង់ព្រះវិហារបានកសាងមានក្បូរក្បាច់រចនាដោយអម្បែងចានទាំងស្រុង ធ្វើឲ្យភ្ញៀវទេសចរជិតឆ្ងាយចូលចិត្តមកទស្សនាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង។ អ្នកមីងង្វៀនធីធូហាំង ភ្ញៀវទេសចរមកពីក្រុងហូជីមិញ ក្រុមរបស់អ្នកមីងទៅទេសចរនៅខេត្តកាម៉ាវនិងបាកលីវ រួចបង្អង់ដំណើរចូលលេងនៅវត្តសិរីសុខុមសង្គមមានជ័យ ឲ្យដឹង៖ វត្តមានក្បូរក្បាច់រចនាយ៉ាងល្អវិសេសដិតដាមដោយអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ។ ជាពិសេស ព្រះវិហារវត្តត្រូវបានសិប្បករយកអម្បែងចានបិទធ្វើជាក្បាច់រចនាគួបផ្សំជាមួយនឹងវប្បធម៌ខ្មែរយ៉ាងល្អប្រណីត។
ព្រះតេជព្រះគុណ គឹមហ្វាងហឹង ព្រះចៅអធិការវត្តសិរីសុខុមសង្គមមានជ័យមានថេរដីកា៖ “ពីមុននេះ ស្ថានភាពលក់វត្ថុអនុស្សាវរីយ៍ កសិផលផ្សេងៗក្នុងវត្តបានញាំុងឲ្យខូចសណ្តាប់ធ្នាប់និងសោភណភាពរបស់វត្ត។ អាស្រ័យការយកចិត្តទុកដាក់របស់ភូមិភាគ ទើបគ្មាននៅស្ថានភាពនោះទៀត។ សព្វថ្ងៃ ទិដ្ឋភាពក្នុងវត្តមានភាពស្ងប់ស្ងាត់បង្កលក្ខណៈងាយស្រួលសម្រាប់ព្រះសង្ឃបួសរៀន ពុទ្ធបរិស័ទមកវត្តធ្វើបុណ្យសុន្ទរ៍ទាននិងភ្ញៀវទេសចរមកទស្សនាកម្សាន្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនកុះករ”។ ក្រៅពីនោះ វត្តនៅទាំងជាកន្លែងបង្រៀនអក្សរខ្មែរនិងថ្នាក់ពុទ្ធិកបឋមសិក្សាបាលីជូនព្រះសង្ឃនិងកូនចៅពុទ្ធបរស័ទនៅចំណុះជើងវត្តទៀតផង។ ក្រោយពីប្រឡងជាប់កម្រិតពុទ្ធិកបឋមសិក្សាបាលី សមណសិស្សនឹងមានលក្ខណសម្បត្តិបន្តការសិក្សានៅសាលាបំពេញវិជ្ជាមធ្យមសិក្សាបាលីណាមបូ។ លោកជុំចក ប្រធានគណៈកម្មការវត្ត ឲ្យដឹង៖ “ អាស្រ័យការគ្រប់គ្រងរបស់ព្រះចៅអធិការ គឹមហ្វាងហឹង មួយអន្លើដោយគណៈកម្មការវត្តនិងពុទ្ធបរិស័ទមានការសាមគ្គីស្រុះស្រួល ហេតុនោះ ពេលសំណង់ក្នុងវត្តមានការទ្រុឌទ្រោម ក៏ត្រូវបានជួសជុលឬកសាងថ្មីឡើងវិញ ម្ល៉ោះហើយទើបរមណីយដ្ឋានវត្តកាន់តែមានភាពសមរម្យដូចសព្វថ្ងៃ។ វត្តសិរីសុខុមសង្គមមានជ័យត្រូវបានរដ្ឋទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌ថ្នាក់ខេត្តឆ្នាំ២០១២”៕
ត្រឿងសុផល- សេរី