ក្នុងមជ្ឈដ្ឋានវិចិត្រករខាងសិល្បៈរចនាគំនូរ ចម្លាក់ខ្មែរនៅតំបន់វាលរាបទន្លេគឺវឡុងនាបច្ចុប្បន្ន មានគំរូលេចធ្លោជាច្រើនគួរឲ្យកោតសរសើរនោះគឺ សុើងសាធា អាយុ៤២ឆ្នាំ បងស្រីល្បីឈ្មោះតាមរយៈវណ្ណកម្មជាច្រើននៅតាមវត្តអារាមនានា ក្នុងខេត្តសុកត្រាំង និងខេត្តមួយចំនួនដូចកៀងយ៉ាង ត្រាវិញ។ល។
បងស្រីសាធា កំពុងគូរគំនូរនៅវត្តស្រឡូង។
បងសុើងសាធា គឺជាសិប្បករជំនាន់ទី៣ កើតនិងធំដឹងក្ដីក្នុងគ្រួសារមានប្រវេណីសិល្បៈគំនូរចម្លាក់ នៅអនុសង្កាត់ទី៥ សង្កាត់ទី២ ក្រុងសុកត្រាំង ខេត្តសុកត្រាំង។ កាលអាយុ១៤ឆ្នាំ បងស្រីបានចាប់យកអាជីពរបស់ជីតាគឺវិចិត្រករលីង៉ែត (ឃុំភូម៉ី ស្រុកម៉ីទូ)- ដែលជាវិចិត្រករចម្លាក់ម្នាក់មានឈ្មោះបោះសម្លេងគ្រប់ខេត្ត ក្រុង នៅតំបន់ណាមបូនិងម្ដាយលីឡែស៊ុង ក៏ជាវិចិត្រករមានទេពកោសល្យផងដែរ។ សុើង សាធា ជាក្មូយវិចិត្រករលីឡេត ធ្លាប់ល្បីឈ្មោះក្នុងការសាងសង់វត្តអារាម។ លោកបានកសាងនិងជួសជុលជាង៤០០វត្ត ដែលដិតដាមទៅដោយស្ថាបត្យកម្មនិងវប្បធម៌របស់ជនរួមជាតិខ្មែរ ក្នុងនោះមានសំណង់មួយចំនួនមានឈ្មោះលើឆាកអន្តរជាតិ។ បងស្រី សុើងសាធា ឲ្យដឹង៖ “ដំបូងខ្ញុំបានលោកតា ណែនាំពីរបៀបលាយពណ៌ របៀបបែងខ្នាតនិងហាត់គូរជាបណ្ដើរៗ។ ដំបូងលោកតាបង្គាប់គូរភ្នែក បបូរមាត់ ច្រមុះនិងរបៀបផ្គុំរូបថ្លឹងឲ្យស្មើ ធ្វើយ៉ាងណាឲ្យមានសោភណភាពទាក់ទាញអារម្មណ៍ជាដើម។ ពេលលោកតាអនិច្ចកម្ម គាត់ទុកកេរដ៏មានតម្លៃ គឺសៀវភៅកត់ត្រានូវក្បូរក្បាច់រចនា និងវិធីសាស្រ្តបច្ចេកទេសនៃការរចនាក្បូរក្បាច់នៅតាមវត្តអារាមខ្មែរ។ ទន្ទឹមនឹងនោះ ខ្ញុំតែងតែព្យាយាមសិក្សាស្រាវជ្រាវបទពិសោធន៍ពីអ្នកម្ដាយ លោកពូ ក្នុងត្រកូលរបស់ខ្ញុំ ផ្ដើមពីនោះក៏បង្កើននូវចំណេះដឹងយ៉ាងឆាប់”។ ឆ្នាំ១៩៩៥ បងស្រីបានរៀបការនឹងសិប្បករចម្លាក់ គឺបងឡឹមភៀង នៅស្រុកត្រឹងដេ ជាសិស្សរបស់លោកលីង៉ែត។ ឆ្នាំ១៩៩៦ ប្ដីប្រពន្ធបង បានព្រះសង្ឃវត្តនានាអញ្ជើញទៅឆ្លាក់និងគូរគំនូរពុទ្ធប្បវត្តិ គំនូរដែលប្ដីប្រពន្ធបងរចនាសុទ្ធតែមានភាពរស់រវើក។ ពិសេសជាមួយថ្វីដៃដ៏ប៉ិនប្រសប់របស់ប្ដី ប្រពន្ធបងតែងបានព្រះសង្ឃនិងព្រះចៅអធិការវត្តនានាស្ងើចសរសើរ។ ក្នុងនោះ មានវត្តខ្មែរមួយចំនួនបានសាងនូវវណ្ណកម្មរឿង”ព្រះវេស្សន្ដរ សុវណ្ណសាម” “ពុទ្ធប្បវត្តិតាំងពីព្រះអង្គចាប់បដិសន្ធិរហូតដល់បរិនិព្វាន” ដូចជា៖ វត្តទំនប់ វត្តតាឃ្វិច វត្តព្រលាន (ស្រុកចូវថាញ់) និងវត្តស្រឡូង (ស្រុកម៉ីស្វៀង) វត្តពោធិសត្ថារាម ក្រុងសុកត្រាំង) និងវត្តមួយចំនួនឯទៀតនៅខេត្តកៀងយ៉ាង ត្រាវិញ។ វណ្ណកម្មនេះ បញ្ជាក់ពីស្នាដៃដ៏ប៉ិនប្រសប់របស់ប្ដីប្រពន្ធបងក្នុងការឆ្លាក់និងគូរគំនូរ។
បងភៀងប្តីបងស្រីសាធា ឲ្យដឹង៖ “ប្ដីប្រពន្ធ ខ្ញុំជួយរែកពុនការងារនឹងគ្នា ទើបសម្រេច បានទាន់ពេលវេលា។ វត្តមួយចំនួនទើបតែអញ្ជើញទៅគូរគំនូរចម្លាក់ប្រពន្ធខ្ញុំគឺជំនាញគំនូរ ឯខ្ញុំជំនាញខាងចម្លាក់ ហេតុនេះប្ដីប្រពន្ធ ខ្ញុំបានផ្សំគំនិតគ្នានិងបង្កើតនូវវណ្ណកម្មល្អៗ ហេតុនោះព្រះអង្គពេញព្រះទ័យខ្លាំងណាស់។ បច្ចុប្បន្ន ក្រៅពីបានព្រះសង្ឃអញ្ជើញធ្វើនៅក្នុងវត្ត ខ្ញុំក៏ឆ្លៀតឱកាសឆ្លាក់រូបនៅនឹងផ្ទះទុកសម្រាប់វត្តមួយចំនួនដែលមានតម្រូវការតុបតែងបន្ថែម ដូចជា៖ “ទេព្វប្រណម” គ្រុឌ សីហៈជាដើម។ល។ បងស្រីសុើងសាធា ឲ្យដឹងបន្ថែម៖ “ចំពោះសិល្បៈគំនូរ និយាយរួម និងវិស័យចម្លាក់និយាយដោយឡែក គ្រាន់តែបង្អែកលើទេពកោសល្យបន្តិចបន្តួច មិនទាន់គ្រប់គ្រាន់ទេ ចង់ប្រកបនិងផ្សារភ្ជាប់ជាមួយមុខរបរឋិតថេរចីរកាល ទាមទារការចូលចិត្តពិតប្រាកដនិងចំណាយពេលក្នុងការសិក្សាស្រាវជ្រាវច្នៃប្រតិដ្ឋ។ ព្រះតេជព្រះគុណគឹមហ្វាងហ៊ឹង ព្រះចៅអធិការវត្តស្រឡូង ឃុំដាយតឹម ស្រុកម៉ីស្វៀង មានថេរដីកា៖ “ពេលកសាងសំណង់ក្នុងវត្ត ព្រះសង្ឃនិងគណៈកម្មការវត្តតែងអញ្ជើញបងស្រីសុើងសាធា គូរជាពុទ្ធប្បវត្តិដោយមានក្បូរក្បាច់រចនាល្អប្រណីត ម៉្លោះហើយព្រះសង្ឃព្រមទាំងគណៈកម្មការវត្តតែងចូលចិត្ត។ ដោយមានថ្វីដៃប៉ិនប្រសប់ បញ្ចេញនូវវណ្ណកម្មរស់រវើក តាមបែបស្ថាបត្យកម្មពុទ្ធសាសនា ទក្ខិណនិកាយខ្មែរ”។ ឯព្រះតេជព្រះគុណ ឡឹមហ៊ីបព្រះចៅអធិការវត្តទំនប់ ឃុំអាងនិញ ស្រុកចូវថាញ់ មានថេរដីកា៖ “សុើងសាធា ជាវិចិត្រករស្នងបន្តពីជីតា អ្នកម្ដាយមកទល់ចប្ចុប្បន្ន គឺបងស្រីតែងបានព្រះសង្ឃនៅវត្តនានា ក្នុងខេត្តសុកត្រាំងក៏ដូចជាក្រៅខេត្តដឹងឮ ចំពោះវត្តអាត្មាក៏បានអញ្ជើញគាត់មកគូរក្បូរក្បាច់រចនាពុទ្ធប្បវត្តិនូវលើជញ្ជាំងព្រះវិហារ កុដិ សាលាផងដែរ។ល។ ដោយបានបងស្រីគូរយ៉ាងល្អប្រណីតសមស្របនឹងស្ថាបត្យកម្មប្រពៃណីខ្មែរ”៕
ត្រឿងផល-ទីទុយ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។